(ភ្នំពេញ)៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាសហប្រធានផ្នែករាជរដ្ឋាភិបាល នៃក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក (ក.ប.យ.អ.) នាព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកលើកទី២ ដោយមានការចូលរួម​ពីវិស័យឯកជនចំនួនពីររួមមាន ក្រុមហ៊ុន RMA Cambodia និងក្រុមហ៊ុន Minebea Cambodia និងមានការចូលរួមពីសមាជិក សមាជិកា ជាតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ, គ្រឹះស្ថានអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, វិស័យឯកជន, ព្រមទាំងសមាគមធុរកិច្ចនានាសរុបប្រមាណ ១០០រូប។

ជាកិច្ចចាប់ផ្តើម លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានសម្តែងសេចក្តីសោមនស្ស និងស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់សមាជិក សមាជិកាទាំងអស់ដែលបានចូលរួមកិច្ចប្រជុំ និងបានជម្រាបជូនអំពី​របៀបវារៈនៃកិច្ចប្រជុំ ស្ថានភាពវិនិយោគនៅកម្ពុជា សាវតារនៃការរៀបចំផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ការរៀបចំយន្តការស្ថាប័នសម្រាប់ការអនុវត្ត ក៏ដូចជាភាពចាំបាច់នៅ​​​ក្នុងការបង្កើត​ឱ្យមាននូវក្រុមប្រឹក្សាផ្តល់យោបល់សម្រាប់ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនេះឡើង ដែលនឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការគាំទ្រ​ដល់ការអនុវត្តផែនទីបង្ហាញផ្លូវ ការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា ព្រមទាំងទិសដៅការងារអាទិភាពសំខាន់ៗផងដែរ។

កិច្ចប្រជុំនាឱកាសនេះមានគោលបំណងសំខាន់ៗចំនួន ៤ រួមមាន៖ ទី១៖ ជួបជុំសមាសភាព ក.ប.យ.អ., ទី២៖ ពិភាក្សាលើការធ្វើអាទិភាវូបនីយកម្មលើវិធានការ ដែលមានចែងក្នុងផែនទី​បង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកកម្ពុជា, ទី៣៖ ពិភាក្សាលើស្ថានភាពបច្ចុប្បន្ន និងបញ្ហាប្រឈមក្នុងវិស័យយានយន្ត និងអេឡិចត្រូនិក និងការចូលរួមចំណែករបស់វិស័យឯកជនក្នុងការអភិវឌ្ឍវិស័យទាំងពីរ និង ទី៤៖ កំណត់ទិសដៅការងារបន្ត។

អង្គប្រជុំបានចូលរួមមតិយោបល់យ៉ាងផុលផុស និងសម្រេចបាននូវលទ្ធផលជាផ្លែផ្កាគួរឱ្យកត់សម្គាល់ ដែលជារួមតាមរយៈការស្ទង់មតិលើការធ្វើអាទិភាវូបនីយកម្មឡើងវិញលើវិធានការទាំង ២០ ដោយវិស័យឯកជន មានវិធានការចំនួន ៣ ត្រូវបានជ្រើសរើសជាវិធានការអាទិភាព ក្នុងនោះរួមមាន៖ ១៖ អភិវឌ្ឍកម្មវិធីធ្វើឱ្យប្រសើរឡើងនូវជំនាញនៃកម្លាំងពលកម្មដោយសហការជាមួយវិស័យឯកជន ២៖ ធ្វើសាមញ្ញកម្មបែបបទនាំចេញ-នាំចូល និង៣៖ ពិនិត្យឡើងវិញនូវគោលដៅអត្រាថ្លៃអគ្គិសនី និងស្ថិរភាពនៃការផ្គត់ផ្គង់៕