(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានបេក្ខនារី ចំនួន ៩៦ប្រទេស នឹងមកកម្ពុជា ដើម្បីចូលរួមប្រកួតបវរកញ្ញាឯកសាកលវិទ្យាល័យពិភពលោក (32th World Miss University) លើកទី៣២ នៅខែធ្នូ ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើតាមប្រភពផ្លូវការ ពីម្ចាស់កម្មវិធីបវរកញ្ញាឯកសាកលវិទ្យាល័យប្រទេសកម្ពុជា (World Miss University Cambodia)។

ជាមួយគ្នានេះដែរ ចាប់ពីថ្ងៃទី២៤ ដល់ ៣១ ខែតុលា ឆ្នាំ២០២៤ កម្មវិធីបវរកញ្ញាសាកលវិទ្យាល័យប្រទេសកម្ពុជា នឹងរៀបចំការប្រកួត ដើម្បីស្វែងរកបេក្ខនារីកម្ពុជា សម្រាប់បន្តទៅប្រកួតជាមួយបវរកញ្ញានានា មកពីពិភពលោក ខណៈអ្នករៀបចំការប្រកួត បានដាក់លិខិតស្នើសុំការគាំទ្រពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ហើយក្រសួងក៏បានគាំទ្រជាគោលការណ៍ផងដែរ។

នេះជាការប្រកួតបវរកញ្ញាលំដាប់ពិភពលោកដ៏ធំបំផុត ដែលកម្ពុជាធ្លាប់ធ្វើជាម្ចាស់ផ្ទះកន្លងមក។

បើតាមលិខិតមួយទៀត ដែលបណ្តាញព័ត៌មាន​ Fresh News ទទួលបានពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងយល់ឃើញថា ការរៀបចំកម្មវិធីប្រឡងបវរកញ្ញាឯកសាកលវិទ្យាល័យប្រទេសកម្ពុជា គឺជាព្រឹត្តិការណ៍ប្រលងមួយដ៏សំខាន់ក្នុងការចូលរួមលើកតម្កើង និងផ្សព្វផ្សាយពីការអប់រំ ទេសចរណ៍ បរិស្ថាន សន្តិភាព ជាពិសេសវប្បធម៌ជាតិខ្មែរឲ្យរីកសុះសាយទៅកាន់ពិភពលោក។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានប្រកាសគាំទ្រជាគោលការណ៍ ទៅតាមសំណើរបស់អ្នករៀបចំ។ ចំពោះការចូលរួមជាគណៈអធិបតី ក្នុងថ្ងៃប្រកួតផ្តាច់ព្រ័ត្រ ក្រសួងបានចាត់លោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការ តំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ព្រមទាំងលោក ឯក ប៊ុនថា អនុរដ្ឋលេខាធិការ ចូលរួមជាគណៈកម្មការផ្តល់ពិន្ទុ ក្នុងការប្រកួតផ្តាច់ព្រ័ត្រនៅក្នុងប្រទេសកម្ពុជា។

គួរបញ្ជាក់ថា កម្មវិធីប្រកួតកញ្ញាឯកសកលវិទ្យាល័យពិភពលោក ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ១៩៨៦ ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ (UN) ក្នុងគោលបំណងរក្សាសុខសន្តិភាពក្នុងពិភពលោក និងលើកកម្ពស់ចក្ខុវិស័យធំៗចំនួន០៥ គឺទី១ ចុះធ្វើសកម្មភាពសង្គមដើម្បីសង្គ្រោះផែនដី និងមនុស្សជាតិ ទី២ លើកតម្កើងការអប់រំ ទេសចរណ៍ ពិសេសវប្បធម៌ជាតិខ្មែរឱ្យរីកសុះសាយទៅកាន់ពិភពលោក ទី៣ លុបបំបាត់ការរើសអើងពូជសាសន៍ ពណ៌សម្បុរ ត្រឡប់មកវិញនូវការបង្កើតសាមគ្គី សន្តិភាពជាតិនិងអន្តរជាតិ ទី៤ មានគោលបំណងលុបបំបាត់នុយក្លេអ៊ែរ និងអាវុធជាតិផ្ទុះគ្រប់ប្រភេទ និងទី៥ អំពាវនាវឱ្យមានការហាមឃាត់ការប្រើប្រាស់ និងផលិតសារធាតុគីមីណាដែលមានផលប៉ះពាល់ បំផ្លាញបរិស្ថាន និងជះឥទ្ធិពលអវិជ្ជមានដល់ប្រព័ន្ធអេកូឡូស៊ី។

គួជម្រាបដែរថា យ៉ាងហោចណាស់ ក៏មានបវរកញ្ញាជាង ៧០ប្រទេស នឹងមកប្រទេសកម្ពុជា ដើម្បីចូលរួមប្រកួតកម្មវិធីមួយទៀត ឈ្មោះថា បវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ (Miss Planet International 2024) នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។ ការប្រកួតបវរកញ្ញាភពផែនដីអន្តរជាតិ ឆ្នាំ២០២៤ ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះជាលើកទី៤ នឹងត្រូវប្រព្រឹត្តិទៅពីថ្ងៃទី១៩ ដល់ថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ហើយនេះក៏ជាកម្មវិធីដែលបង្កើតឡើងដោយកូនខ្មែរយើងផងដែរ នៅឆ្នាំ២០១៩។

Miss Planet International ហៅកាត់ថា MPI គឺជាកម្មវិធីប្រកួតសម្រស់អន្តរជាតិប្រចាំឆ្នាំ ដែលមានមូលដ្ឋានក្នុងប្រទេសកម្ពុជា។ MPI គឺជាស្ថាប័នមួយ ដែលផ្អែកលើគោលដៅអភិវឌ្ឍប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ (UN) ពោលគឺហេតុផលនេះហើយ ទើបគេបង្កើតកម្មវិធីប្រកួតប្រជែង ដើម្បីស្វែងរកអ្នកតំណាងសម្រាប់ប្រទេសនីមួយៗ បង្កើនការយល់ដឹងពីបរិស្ថាន៕