(វៀងចន្ទន៍, ឡាវ)៖ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី៤ បានចាប់ផ្តើមហើយនារសៀលថ្ងៃ​ព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤នេះ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ជាប្រធានអាស៊ាន និងលោក អេនថូនី អាល់បានីស៊ី នាយករដ្ឋមន្ត្រីអូស្ត្រាលី។

កិច្ចប្រជុំក៏មានការយាង និងអញ្ជើញចូលរួមពីប្រមុខ​មេដឹកនាំអាស៊ានដទៃទៀតផងដែរ រួមមាន៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម លោក អាន់វ៉ា អីុប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ឡរ៉ែនស៍ វ័ង នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពិន លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃ លោក Ma'ruf Amin អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រខាងកើត ខណៈដែលប្រទេសមីយ៉ាន់ម៉ា បានបញ្ជូនតំណាងរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ បន្ទាប់អវត្តមានអស់រយៈពេល៣ឆ្នាំ។

សូមបញ្ជាក់ថា អូស្ត្រាលី គឺជាដៃគូគាំទ្រអាស៊ានដ៏រឹងមាំ ធន់ និងស្អិតរមួតមួយ។ អូស្ត្រាលី បានក្លាយជាដៃគូសន្ទនាដំបូងគេបង្អស់របស់អាស៊ាន ក្នុងឆ្នាំ១៩៧៤៕