(កំពត)៖ មន្ទីរយុត្តិធម៌ នៃបញ្ជាការដ្ឋានអាវុធហត្ថខេត្តកំពត បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ ពាក់ព័ន្ធបទល្មើសប្រទូស្តកេរ្តិ៍ខ្មាស់ លើកក្មេងស្រី អាយុ៦ឆ្នាំម្នាក់ នៅចំណុចក្នុងកាស៊ីណូសាន់ដេ ស្ថិតក្នុងភូមិថ្កូវ ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច។
លោកវរសេនីយ៍ទោ ហែម ចាន់ដារ៉ា បញ្ជាការរង និងជាប្រធានមន្ទីរយុត្តិធម៌ខេត្ត បានប្រាប់ឲ្យដឹងថា ករណីប្រទូស្តកេរ្តិ៍ខ្មាស់នេះ កើតឡើងនៅយប់ ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦កន្លងទៅនេះ ដែលជនសង្ស័យ ឈ្មោះ ម៉ម នឿន អាយុ៣៧ឆ្នាំ មុខរបរកសិករ ហើយបានធ្វើសកម្មភាពយកដៃរបស់ខ្លួន ទៅស្ទាបអង្អែលប្រដាប់ភេទ របស់ក្មេងស្រីរងគ្រោះ អាយុ៦ឆ្នាំ ជនជាតិវៀតណាម រស់នៅស្រុកភូគួក(កោះត្រល់) ខេត្តគៀងយ៉ាង ប្រទេសវៀតណាម ខណៈពេលក្មេងស្រីរងគ្រោះ កំពុងដេកនៅក្នុងបន្ទប់សម្រាករួម របស់កាស៊ីណូខាងលើ រហូតដល់ក្មេងស្រីភ្ញាក់ដឹងខ្លួន។
ក្រោយពីម្ដាយក្មេងស្រីរងគ្រោះ បានមកដាក់ពាក្យបណ្តឹងនៅស្នាក់ការ សន្តិសុខកងរាជអាវុធហត្ថប៉ុស្តិ៍ព្រែកចាក បន្ទាប់ពីបានទទួលពាក្យបណ្តឹងភ្លាម កម្លាំងស្នាក់ការ បានចុះទៅកាស៊ីណូសាន់ដេ ធ្វើការឃាត់ខ្លួនជនសង្ស័យ ហើយកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅរសៀលនេះ៕