(ញូវយ៉ក, សហរដ្ឋអាមេរិក)៖ នៅថ្ងៃទី0៩ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានដឹកនាំកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាង នៃសេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា។

កម្ពុជាក្នុងនាមជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានសហការជាមួយប្រទេសអាល្លឺម៉ង់ ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៣ និងប្រទេសជប៉ុន ប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៥ រៀបចំសេចក្តីព្រាង នៃសេចក្តីសម្រេច អង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា ដោយសេចក្តីសម្រេចនេះ នឹងត្រូវអនុម័តនៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅក្នុងមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក។

សេចក្តីសម្រេចអង្គការសហប្រជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា បានបញ្ជាក់អំពីការទទួលស្គាល់វឌ្ឍនភាព និងសមិទ្ធផល នៃការអនុវត្តអនុសញ្ញាអូតាវ៉ា និងបញ្ហាប្រឈមដែលនៅសេសសល់, ការបន្តប្តេជ្ញាចិត្ត បញ្ចប់ការរងគ្រោះថ្នាក់ និងរងទុក្ខវេទនា បង្កឡើងដោយមីនប្រឆាំងមនុស្ស, ការបន្តកិច្ចខិតខំប្រឹងប្រែង ក្នុងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីនប្រឆាំងមនុស្ស, និងសារៈសំខាន់នៃការបន្តកិច្ចសហការ និងជំនួយអន្តរជាតិ ដើម្បីការអនុវត្តពេញលេញនៃអនុសញ្ញាអូតាវ៉ា។

តាងនាមកម្ពុជាជាប្រធានអនុសញ្ញា លោកបណ្ឌិត លី ធុជ បានអំពាវនាវដល់ពិភពលោកទាំងមូល ទាំងរដ្ឋភាគី និងរដ្ឋមិនទាន់ជាភាគីនៃអនុសញ្ញាអូតាវ៉ា បោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ដើម្បីបង្ហាញពីការគាំទ្រដល់ការ អនុវត្តអនុសញ្ញាអូតាវ៉ា ក៏ដូចជាឆន្ទៈរួមគ្នា ក្នុងការសម្រេចបាននូវពិភពលោកមួយ ដែលមិនមានការរងគ្រោះថ្នាក់ និងរងទុក្ខវេទនា ដោយសារមីនប្រឆាំងមនុស្ស។

ក្នុងឱកាសនោះ ទេសរដ្ឋមន្ត្រី បានលើកឡើងថា កម្ពុជា ទទួលបានការកោតសរសើរពីបណ្តារដ្ឋភាគីអនុសញ្ញាអូតាវ៉ា និងសហគមន៍សកម្មភាពមីនអន្តរជាតិ ចំពោះកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ខ្លួន ក្នុងនាមជាប្រធានអនុសញ្ញា ក្នុងនោះ លោកបានគូសបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា គឺមិនមែនដោយសារតែខ្លួនជាប្រធានអនុសញ្ញានោះទេ ប៉ុន្តែ គឺកើតចេញពីឆន្ទៈ និងការប្តេជ្ញាចិត្តពិតប្រាកដរបស់កម្ពុជា ដែលជាប្រទេសធ្លាប់ទទួលរង សោកនាដកម្ម ជាច្រើនទសវត្សរ៍ ដោយសារគ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយកម្ពុជា ក៏ជាទីកន្លែងកំណើតមួយ នៃចលនាសកម្មភាពមីនសាកល ផងដែរ៕