(ស្វាយរៀង)៖ លោកបណ្ឌិត ឌុច វនទីតូ អនុរដ្ឋលេខាធិការតំណាងលោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគររូបនីយកម្ម សំណង់និងសុរិយោដី និងលោក ហែម ពិសិដ្ឋ អភិបាលរងខេត្តស្វាយរៀង តំណាងលោកប៉េង ពោធិ៍សា អភិបាលខេត្ត បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តស្វាយរៀង។

សន្និបាតនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤នេះ នៅសាលប្រជុំសាលាខេត្តស្វាយរៀង ដោយមានការចូលរួមពីមន្ទីរនានាជុំវិញខេត្ត និងលោក លោកស្រីអភិបាល អភិបាលរងក្រុង ស្រុក ចៅសង្កាត់ មេឃុំ និងអ្នកពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ។

ឱកាសនោះលោក ហែម ពិសិដ្ឋ បានថ្លែងថា សន្និបាតនាថ្ងៃនេះប្រព្រឹត្តទៅដោយរលូន និងសម្រេចនជោគជ័យតាមផែនការ ដែលបានគ្រោងទុក និងសូមឯកភាពលើរបាយការណ៍របស់លោក ប្រធានមន្ទីរ និងបទអន្តរាគមន៍ របស់មន្ត្រីជំនាញ លើការងាររដ្ឋបាល ការងារសុរិយោដី ការងារ រៀបចំដែនដី និងនគរូបនីយកម្ម ការងារលំនៅឋាន និងការងារសំណង់ ដែលជាផ្នែកដ៏សំខាន់ ពាក់ព័ន្ធនឹងដំណើរការការងាររបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដី ។

លោក ហែម ពិសិដ្ឋ បានបន្តថា យន្តការនៃការចុះបញ្ជីដីធ្លី ការដោះស្រាយ វិវាទដីធ្លីផ្សេងៗ ក៏ត្រូវបានកែលម្អ និងដាក់ចេញកាន់តែចំទិសដៅ ប្រកបដោយប្រសិទ្ធភាព ធ្វើឱ្យដំណើរការគ្រប់គ្រងដីធ្លី កាន់តែមានភាពល្អប្រសើរ កាត់បន្ថយបាននូវជម្លោះផ្សេងៗដែលអាចនឹងឈានទៅសម្រេចតាមផែនការ នៃការបញ្ចប់ចុះបញ្ជីដីធ្លី នៅត្រឹមឆ្នាំ២០២៥ខាងមុខនេះ ដែលអាចនិយាយថា បញ្ចប់ការចុះបញ្ជីដីធ្លី ស្មើនឹងបញ្ចប់ទំនាស់ដីធ្លីនៅមូលដ្ឋាន ដែលនឹងឈានទៅបង្កើតបាននូវសុខដុមនីយកម្ម នៃការគ្រប់គ្រងអភិវឌ្ឍន៍ដីធ្លីនាពេលអនាគត។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានជំរុញមន្ត្រីជំនាញនិងអាជ្ញាធរ ត្រូវបន្តលើកទឹកចិត្តឱ្យមានការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅមូលដ្ឋាន ជាពិសេសវិវាទដីធ្លី ដើម្បីពង្រឹងសុវត្ថិភាព នៃការកាន់កាប់ដី បង្កើតភាពសុខដុមរមនាសង្គម បង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសង្គមសេដ្ឋកិច្ច នៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់បន្ថយភាពក្រីក្រ។

បន្ថែមលើសពីនេះ លោកឌុច វនទីតូ បានថ្លែងនូវការផ្តាំផ្ញើជូនដល់មន្ត្រីជំនាញ សុរិយោដី និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ សម្រាប់យកទៅអនុវត្តឱ្យមានប្រសិទ្ធភាព ក្នុងការងាររដ្ឋបាលដីធ្លី សូមបន្តយកចិត្តទុកដាក់​លើការងារចុះបញ្ជីដីទាំងដីរដ្ឋ ដីឯកជន ដោយខិតខំបង្កើនល្បឿននៃការចុះបញ្ជីដី និងជៀសវាងការថ្នាំងថ្នាក់ពីប្រជាពលរដ្ឋ ព្រមទាំងឆ្លើយតប ទៅនឹងសូចនាករដែលបានកំណត់ក្នុងផែនការឆ្នាំ២០២៤ -២០២៥ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ពង្រឹងជំនឿទុកចិត្តរបស់អ្នកវិនិយោគិន ក៏ដូចជាបង្កើនប្រភពចំណូលរបស់ប្រជាពលរដ្ឋផងដែរ។

លោកបានបន្តថា ក្នុងការងារលំនៅឋាន និងសម្បទានដីសង្គមកិច្ច សូមបន្តខិតខំចុះស្រង់ទិន្នន័យសំណង់ បណ្តោះអាសន្ន លើដីសាធារណៈរបស់រដ្ឋ និងកំណត់មុខសញ្ញាប្រជាពលរដ្ឋដែលខ្វះខាតដីពិតប្រាកដ ដើម្បី ដាក់ជូនអាជ្ញាធរខេត្តមានមូលដ្ឋានក្នុងការដោះស្រាយរកដីធ្លីជូនពួកគាត់ឱ្យបានសមរម្យ ដោយផ្អែកតាម សារាចរលេខ០៣ ស្តីពីការដោះស្រាយសំណង់បណ្តោះអាសន្ន នៅតាមទីក្រុង និងទីប្រជុំជន និងអនុក្រឹត្យ ស្តីពីសម្បទានដីសង្គមកិច្ច និងសូមជំរុញផ្តល់ប័ណ្ណសម្បទានដីសង្គមកិច្ចជូនសម្បទានិក ដែលបានមករស់នៅ និងអនុវត្តបានពេញលេញតាមលក្ខណ្ឌនៃការកាន់កាប់ និងប្រើប្រាស់ដីសម្បទានសង្គមកិច្ច។

បើយោងតាមរបាយការណ៍របស់លោក ម៉ិញ ស៊ីចាយ ប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសុរិយោដី បានឲ្យដឹងថា ការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធបាននឹងដំណើរការអនុវត្តក្នុងភូមិចំនួន ២១៨ ភូមិ ស្ថិតក្នុង ៣០ ឃុំ/សង្កាត់ សរុបតាំងពីចាប់ផ្តើមអនុវត្តបានចំនួន ៦៧២ ភូមិ ស្ថិតនៅក្នុង ៧៧ ឃុំ/សង្កាត់ ក្នុង ០៨ ក្រុង/ស្រុក វាស់វែងបានចំនួន ២៤៥,៦០១ក្បាលដី គូសក្រាហ្វិចបានចំនួន ២៤៥,៦០១ ក្បាលដីប្រមូលទិន្នន័យបានចំនួន ២១១,៩៥៩ ក្បាលដីបានបញ្ចូលទិន្នន័យក្បាលដីសម្រេចចំនួន ២០០,៨២៦ ក្បាលដី។

បិទផ្សាយជាសាធារណៈចំនួន ១២៣,៧០៤ក្បាលដី ចេញប័ណ្ណដល់ប្រជាពលរដ្ឋចំនួន ១០៤,៧០៧ប័ណ្ណ ចែកប័ណ្ណជូនប្រជាពលរដ្ឋចំនួន ៥១,០៩០ បណ្ណ សរុបតាំងពីចាប់ផ្តើមអនុវត្តមកបញ្ចូលទិន្នន័យបាន ៥៨០,០៩០ ក្បាលដី ក្នុងនោះចែកប័ណ្ណជូនប្រជាពលរដ្ឋរួចបាន ៤៣៣,០០២ ប័ណ្ណ (តាមរយៈLASSP ៣៩៧,៤៩៧ បណ្ណ PB ៣៥,៥០៥ បណ្ណ)៕