Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

លោក ប៉ា សុជាតិវង្ស ជំរុញអាជ្ញាធរបង្កើនបើកវេទិកាសាធារណៈ ដើម្បីស្តាប់ និងដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ឲ្យបានគ្រប់ជ្រុងជ្រោយ

05-10-2016 13:52

(ភ្នំពេញ)៖ លោក ប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន បានជំរុញឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែបើកវេទិកាសាធារណៈ ដើម្បីការផ្លាស់ប្តូរនូវមតិយោបល់រិះគន់ ជាពិសេសទទួលសំណូមរបស់ប្រជាពលរដ្ឋ ពាក់ព័ន្ធទៅនឹងជីវភាពប្រឈមក្នុងការរស់នៅប្រចាំថ្ងៃ និងធ្វើការដោះស្រាយជូនពួកគាត់ឱ្យបានទាន់ពេលវេលា និងគ្រប់ជ្រុងជ្រោយ។

លោកអភិបាលរាជធានីបានបន្តថា ការបង្កើតឲ្យមានវេទិកាសាធារណៈនេះ ធ្វើឡើងក្នុងគោលបំណងឲ្យប្រជាពលរដ្ឋទាំងអស់ លើកឡើងមតិយោបល់ ពីភាពអសកម្មនានា នៅក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរបានចុះទៅជួយឲ្យចំគោលដៅតែម្តង។ វេទិកានេះ ក៏ជាការបង្កើនភាពស្និតស្នាលរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ពិសេសការផ្តល់សេវាសាធារណៈ ឱ្យកាន់តែកៀកនឹងប្រជាពលរដ្ឋមូលដ្ឋាន។

លោក ប៉ា សុជាតិវង្ស បានបន្ថែមថា ដើម្បីសុវត្ថិភាពសហគមន៍ភូមិ អាជ្ញាធរបានប្រើប្រាស់កម្លាំងនគរបាល កងរាជអាវុធហត្ថ ប្រជាការពារ មន្ត្រីខណ្ឌសង្កាត់ បានចុះល្បាត ពួនស្ទាក់ តាមគោលដៅសំខាន់ៗ ចុះត្រួតពិនិត្យ នៅតាមតំបន់ស្មុគស្មាញ ជាពិសេសកន្លែងផ្ទះជួល របស់កម្មករ និងចុះពិនិត្យអាវុធជាតិផ្ទុះតាមទីសាធារណៈ និងចូលរួមផ្សព្វផ្សាយគោលនយោបាយ «ភូមិឃុំមានសុវត្ថិភាព» និងផលប៉ះពាល់ផ្សេងៗបណ្តាលមកពីការអភិវឌ្ឍ។

ក្រៅពីនេះ លោក ប៉ា សុជាតិវង្ស បានបញ្ជាក់ថា បញ្ហារំលោភសិទ្ធិមនុស្ស មន្រ្តីរាជការ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែប្រកាន់យកឥរិយាបទមូលដ្ឋានប្រជាធិបតេយ្យ នីតិរដ្ឋ ឱ្យបានម៉ឹងម៉ាត់ហ្មត់ចត់ ដើម្បីធានាសុខសុវត្ថិភាពជូនប្រជាពលរដ្ឋ៕