(កំពង់ធំ)៖ បេក្ខជនក្រុមប្រឹក្សាគណបក្សសញ្ជាតិកម្ពុជា សង្កាត់អូរកន្ធូរ៤រូប, បេក្ខជនក្រុមប្រឹក្សាគណបក្សហ៊្វុនស៊ិនប៉ិច សង្កាត់អូរកន្ធូរ ៣រូប, បេក្ខជនក្រុមប្រឹក្សាគណបក្សហ៊្វុនស៊ិនប៉ិច ឃុំចុងដូង ១រូប និងបេក្ខជនក្រុមប្រឹក្សា​គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ឃុំចុងដូង ៣ រូប ក្នុងខេត្តកំពង់ធំ សរុបចំនួន ១១ រូប បានប្រកាសផ្តាច់ខ្លួនពីបក្សរបស់ខ្លួន ហើយសុំចូលរួមជីវភាពនយោបាយ​ជាមួយគណបក្សប្រជាជនកម្ពុជា។

ក្បាលម៉ាស៊ីនបក្សប្រឆាំងនៅតាមមូលដ្ឋាន បានប្រកាសគាំទ្រចំពោះចំណាត់ការរបស់រាជរដ្ឋាភិបាល និងកងកម្លាំងប្រដាប់អាវុធកម្ចាត់ រាល់ចលនាទាំងឡាយ ដែលនាំមកនូវភាពវឹកវរក្នុងសង្គម តាមរយៈការញុះញង់របស់ក្រុមជនក្បត់ជាតិផងដែរ។

ទន្ទឹមនឹងការប្រកាសផ្តាច់ខ្លួនចេញពីក្រុមទណ្ឌិតក្បត់ប្រយោជន៍ជាតិហើយនោះ ពួកគេក៏បានសុំការ អនុគ្រោះពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដើម្បីបានឱកាសរួមរស់ជាមួយគណបក្សប្រជាជនកម្ពុជា បន្តសកម្ម ភាពនយោបាយទៅមុខបន្តទៀត។

អតីតអ្នកស្មោះស្ម័គ្របក្សប្រឆាំងខាងលើនេះ បានប្រកាសបម្រើការពារ ស្ម័គ្រស្មោះជាមួយបក្សប្រជាជន ដោយមិនឆោតល្ងង់ជឿតាមការអូសទាញរបស់ក្រុមប្រឆាំង ជាពិសេស មិនចាញ់បោកការអូសទាញរបស់ក្រុមប្រឆាំង ក៏ដូចជាបុគ្គល សម រង្ស៉ី ទៀតនោះឡើយ៕