(ភ្នំពេញ)៖ ដោយមានការយកចិត្តទុកដាក់ចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋ ក្រោយទទួលបានព័ត៌មានថា ជំនន់ទឹកភ្លៀងជន់លិចតំបន់មួយចំនួននៅរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានវិលត្រឡប់ពី បំពេញបេសកកម្មពីប្រទេសបារាំងមុនពេលកំណត់។

នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ លោក ឃួង ស្រេងបានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌ ចុះពិនិត្យស្ថានភាពទឹកលិច និងការស្ថាបនាជញ្ជាំងប្រឡាយបេតុង នៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ មានខណ្ឌពោធិសែនជ័យ ខណ្ឌសែនសុខ ខណ្ឌមានជ័យ និងខណ្ឌដង្កោ ដើម្បីដោះស្រាយការលិចលង់ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋភ្លាមៗតែម្តង។

ក្នុងឱកាសនោះ លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ យើងតែងតែគិតគូរ អំពីសុខទុក្ខរបស់ពួកគាត់។ នាប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈលោកដឹកនាំប្រតិភូទៅបំពេញបេសកកម្មនៅ ប្រទេសបារាំង ឯនៅភ្នំពេញមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើឲ្យតំបន់មួយចំនួនទទួលរងការលិចលង់។

លោកបន្តថា បើទោះបីលោកនៅប្រទេសបារាំងក៏ពិតមែន ប៉ុន្តែទឹកចិត្តក៏ដូចជាអារម្មណ៍នៅជាមួយនឹងបងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជានិច្ច ពោលគឺក្រោយពេលមកដល់រាជធានីភ្នំពេញភ្លាម លោកអភិបាលរាជធានី បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរចុះពិនិត្យមើលស្ថានភាពទឹកលិច នៅក្នុងមូលដ្ឋានខណ្ឌទាំង៤តែម្តង ដើម្បីធ្វើយ៉ាងណា ដោះស្រាយទឹកលិចលំនៅដ្ឋានប្រជាពលរដ្ឋឲ្យបាន។

ក្នុងនោះមុនគេ លោក ឃួង ស្រេង បានចុះទៅពិនិត្យនៅតំបន់ផ្សារត្រពាំងថ្លឹង ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យហើយក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានណែនាំឲ្យអាជ្ញាធរ ក៏ដូចជាមន្ទីរពាក់ព័ន្ធ បន្តការបូមទឹកចេញពីលំនៅដ្ឋានប្រជាពលរដ្ឋ។ បន្តមកទៀត លោកបានចុះមើលស្ថានីយ៍បូមទឹកលូ៥ ក៏ដូចជាប្រឡាយទឹកនៅក្នុងមូលដ្ឋានខណ្ឌចំនួន៤ ដូចជាខណ្ឌពោធិ៍សែនជ័យ ខណ្ឌសែនសុខខណ្ឌមានជ័យ និងខណ្ឌដង្កោ សំដៅធ្វើយ៉ាងណារកគ្រប់មធ្យោបាយដើម្បីរំដោះទឹកចេញ។

លោក ឃួង ស្រេង បានលើកឡើងថា ក្នុងនាមជាអាណាព្យាបាលប្រជាពលរដ្ឋ យើងតែងតែគិតគូរ អំពីសុខទុក្ខរបស់ពួកគាត់។ នាប៉ុន្មានថ្ងៃកន្លងមកនេះ ខណៈលោកដឹកនាំប្រតិភូទៅបំពេញបេសកកម្មនៅប្រទេសបារាំង នៅភ្នំពេញមានភ្លៀងធ្លាក់ខ្លាំង ដែលធ្វើអោយតំបន់មួយចំនួនទទួលរងការលិច។

លោក ឃួង ស្រេង បានបញ្ជាក់ទៀតថា តំបន់ផ្សារត្រពាំងថ្លឹងដែលតែងតែទទួលរងនូវការលិចរហូតមក ឱ្យតែមានភ្លៀងធ្លាក់ខ្លាំងម្តងៗ នោះគឺដោយសារតែតំបន់នេះ ធ្វើការអភិវឌ្ឍមុនគេ ហើយនៅពេលតំបន់ផ្សេង គេអភិវឌ្ឍន៍ក្រោយចាក់ដីខ្ពស់ជាង ធ្វើឲ្យតំបន់នេះ ទទួលរងនូវការលិចដោយជំនន់ទឹកភ្លៀងតែម្តង។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី សំរាប់អាជ្ញាធររាជធានីភ្នំពេញ ក្នុងនាមជាអាណាព្យាបាលរបស់ប្រជាពលរដ្ឋ មិនបានព្រងើយកនោះទេ គឺតែងតែដោះស្រាយបញ្ហាទាំងនេះ ជូនបងប្អូនប្រជាពលរដ្ឋជានិច្ច។ 

លោកបានបញ្ជាក់ថា ជាដំណោះស្រាយ ដើម្បីអោយតំបន់ត្រពាំងថ្លឹងនេះ បានប្រសើរឡើងវិញ អាជ្ញាធររាជធានីភ្នំពេញនឹងកសាងស្ថានីយ៍បូមទឹកចំនួនពីរទៀត ដោយស្ថានីយ៍បូមទឹកទី១ គ្រោងស្ថាបនាឡើងនៅត្រពាំងថ្លឹង សង្កាត់ចោមចៅទី១ ខណ្ឌពោធិសែនជ័យ និង១កន្លែងទៀត លើប្រឡាយម័រ និងការបុកស៊ីផាវ (បឹងតាម៉ាត) ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ព្រមទាំងការស្តារប្រឡាយផងដែរ។

លោក ឃួង ស្រេង ក៏បានបញ្ជាក់ទៀតថា៖ សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ មិនមែនទើបតែគិតគូរពេលនេះទេ គឺបានគិតគូរយូរហើយ ជុំវិញការរំដោះទឹកចេញពីតំបន់ទាំងនេះ។ ប៉ុន្តែដោយសារស្ថានីយ៍បូមទឹកបឹងទំពុន មិនទាន់ពង្រីក ដាក់បន្ថែមម៉ូទ័ររួចរាល់។ តែពេលនេះស្ថានីយ៍បូមទឹកបឹងទំពុនអាចទទួលយកទឹករំដោះពីត្រពាំងថ្លឹងនេះបានហើយ ទើបយើងមានគម្រោងកសាងស្ថានីយ៍បូមទឹក ពីរខាងលើនេះឡើង ដែលវានឹងអាចបូមទឹក ចេញពីតំបន់នេះបានប្រសើរឡើង។

លោក ឃួង ស្រេង បានបញ្ជាក់បន្ថែមទៀតថា សម្រាប់រដ្ឋបាលរាជធានីភ្នំពេញ អោយតែមានភ្លៀងធ្លាក់ធំៗម្ដងៗ គឺគ្រប់បណ្ដាស្ថានីយ៍ទាំងអស់ នៅរាជធានីភ្នំពេញ តែងធ្វើសកម្មភាពបូមទឹកភ្លាមៗ ជាមួយនឹងការដាក់ម៉ាស៊ីន បូមទឹកបន្ថែមទៀតផងដែរ ដើម្បីរំដោះអោយបាននូវការលិចលំនៅដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ។ អាជ្ញាធររាជធានីភ្នំពេញ មិនដែលព្រងើយកន្តើយឡើយ ចំពោះការលំបាករបស់ប្រជាពលរដ្ឋ។

មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ឲ្យដឹងផងដែរថា លោក ឃួង ស្រេង ក្នុងបេសកម្មនៅប្រទេសបារាំងមិនទាន់បញ្ចប់នូវឡើយទេ។ តែនៅពេលដែលទទួលបានព័ត៌មានថា នៅរាជធានីភ្នំពេញ មានតំបន់មួយចំនួន ទទួលរងការលិចដោយជំនន់ទឹកភ្លៀង លោកក៏ប្រញ៉ាប់ចាកចេញពីប្រទេសបារាំង មកកាន់រាជធានីភ្នំពេញវិញភ្លាម ទាំងបេសកម្មរបស់លោកមិនទាន់ត្រូវបានបញ្ចប់នូវឡើយទេ ដើម្បីមកដោះស្រាយការលិច ដោយជំនន់ទឹកភ្លៀងជូនប្រជាពលរដ្ឋ៕