(កំពង់ចាម)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានឱ្យដឹងថា រដ្ឋបាលខេត្តបាននឹងកំពុងខិតខំជំរុញការអភិវឌ្ឍន៍ និងការលើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជននិងបង្កើតឱ្យមានតំបន់​សេដ្ឋកិច្ចពិសេស​តាមដងទន្លេមេគង្គ ការធ្វើធុរកិច្ចពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ប្រព័ន្ធនវានុវត្តន៍ឌីជីថល និងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យ ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០-២០៥០។

លោកអភិបាលខេត្តបានលើកឡើងដូចនេះនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ នៅមន្ទីរផែនការខេត្ត ក្នុងវេទិកាពិគ្រោះយោបល់ និងផ្សព្វផ្សាយសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ របស់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ ។

លោកអភិបាលខេត្ត បានបន្តទៀតថា ដើម្បីបង្កើន និងជំរុញធ្វើឱ្យមានចីរភាពដល់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ តាមរយៈគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ប្រកបដោយសមធម៌សង្គម និងបរិយាបន្ន រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។ ទន្ទឹមនេះយុទ្ធសាស្ត្របញ្ចកោណ​ដំណាក់កាលទី១ បានកំណត់យកអាទិភាពគន្លឹះ ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ដើម្បីចូលរួមសម្រេចបាននូវយុទ្ធសាស្ត្រ និងកម្មវិធីគោលនយោបាយនានារបស់រាជរដ្ឋាភិបាល រដ្ឋបាលខេត្តកំពង់ចាម បាននិងកំពុងរៀបចំផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ ២០២៥-២០២៩ និងកម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៥-២០២៧ ដែលជាផែនទីតម្រង់ទិស ក្នុងការអនុវត្តមុខងារភារកិច្ចរបស់មន្ទីរ-អង្គភាព និងស្ថាប័នពាក់ព័ន្ធ ដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់រដ្ឋបាលខេត្ត។

មិនតែប៉ុណ្ណោះ រដ្ឋបាលខេត្តបានខិតខំជំរុញការអភិវឌ្ឍ និងការលើកទឹកចិត្តដល់ការវិនិយោគរបស់វិស័យឯកជន និងបង្កើតឱ្យមានតំបន់សេដ្ឋកិច្ចពិសេសតាមដងទន្លេមេគង្គ ការធ្វើធុរកិច្ចពាណិជ្ជកម្ម​តាមប្រព័ន្ធអេឡិចត្រូនិក ប្រព័ន្ធនវានុវត្តន៍ឌីជីថល និងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ (៤,០០០ដុល្លារ/មនុស្សម្នាក់) និងជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

លោក អ៊ុន ចាន់ដា បានបញ្ជាក់ថា ជាក់ស្ដែងវេទិកានាពេលនេះ ជាឱកាសដ៏សំខាន់សម្រាប់ធ្វើការពិភាក្សាផ្លាស់ប្ដូរយោបល់ធ្វើឱ្យកាន់តែប្រសើរឡើង នូវកិច្ចដំណើរការអនុវត្តគម្រោង ដើម្បីឆ្លើយតបតម្រូវការរបស់ប្រជាជននៅមូលដ្ឋានផងដែរ៕