(ញូវយ៉ក, សហរដ្ឋអាមេរិក)៖ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបប្រជុំជាមួយបណ្តារដ្ឋកោះនៃតំបន់ប៉ាស៊ីហ្វិក ដើម្បីផ្សព្វផ្សាយអំពី អនុសញ្ញាអូតាវ៉ា និងលើកទឹកចិត្តដល់រដ្ឋកោះទាំងបី រួមមាន៖ កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី ឱ្យចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

កិច្ចប្រជុំនេះ មានការចូលរួមពីបណ្តាប្រទេស និងស្ថាប័នអន្តរជាតិនានា ដូចជា៖ ប្រទេសអាឡឺម៉ង់ ជប៉ុន អូស្ត្រាលី នូវែលសេឡង់ ហ្វីជី មីក្រូនេស៊ី តុងហ្គា កោះម៉ាសាល់ អង្គការកាកបាទក្រហមអន្តរជាតិ (ICRC) និង អង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU)។

តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា, លោកបណ្ឌិត លី ធុជ បានស្នើ និងលើកទឹកចិត្តដល់ប្រទេសទាំងបី រួមមាន៖ កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី ពិចារណាចូលរួមជារដ្ឋភាគីអនុសញ្ញាអូតាវ៉ា ដើម្បីប្រែក្លាយតំបន់ប៉ាស៊ីហ្វិកទាំងមូល ជាតំបន់គ្មានមីន និងបានអំពាវនាវដល់បណ្តារដ្ឋកោះទាំងអស់ ក្នុងតំបន់ប៉ាស៊ីហ្វិក រួមគ្នាគាំទ្រដល់ការអនុវត្តអនុសញ្ញាអូតាវ៉ា ដើម្បីសម្រេចឱ្យបានគោលដៅ ពិភពលោកមួយដែលគ្មានមីន។

លោកបានគូសបញ្ជាក់ថា កម្ពុជាវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិកទាំងអស់ ក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ ដើម្បីបុព្វហេតុការពារអាយុជីវិតមនុស្ស និងបញ្ចប់ការ រងទុក្ខវេទនាដល់មនុស្សជាតិ ដែលបុព្វហេតុនេះ ស្របទៅនឹងគោលដៅចម្បង នៃអនុសញ្ញាអូតាវ៉ា ក្នុងន័យនេះ កម្ពុជា ជឿជាក់ថា កិច្ចខិតខំប្រឹងប្រែង សាមគ្គីភាព និងភាពធន់របស់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិកទាំងអស់ នឹងអាចជួយជំរុញឱ្យសម្រេចបានគោលដៅរបស់អនុសញ្ញា គឺ ពិភពលោកមួយដែលមិនមានការរងទុក្ខវេទនា ដែលបង្កដោយមីនប្រឆាំងមនុស្ស។

ជាចុងក្រោយ តាងនាមសម្តេចធិបតី នាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់រដ្ឋកោះតំបន់ប៉ាស៊ីហ្វិក ជាពិសេស កោះម៉ាសាល់ តុងហ្គា និងមីក្រូនេស៊ី អញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ដើម្បីស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ ជាមួយរដ្ឋភាគី និងស្ថានប័នអន្តរជាតិនានា ក្នុងការអនុវត្តអនុសញ្ញាអូតាវ៉ា និងរួមគ្នាប្តេជ្ញាចិត្ត សម្រេចឱ្យបានគោលដៅ ពិភពលោកមួយដែលគ្មានមីន៕