(ញូវយ៉ក, សហរដ្ឋអាមេរិក)៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយ លោកស្រី Sophia Tesfamariam Yohanne ឯកអគ្គរដ្ឋទូតប្រទេសអ៊ឺរីទ្រា ប្រចាំអង្គការសហប្រជាជាតិ បុរីញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីពិភាក្សាលើវឌ្ឍនភាពរបស់ប្រទេសអ៊ឺរីទ្រា ក្នុងការអនុវត្តអនុសញ្ញាអូតាវ៉ា ក៏ដូចជាការចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ ឬកិច្ចប្រជុំកំពូលសៀមរាប-អង្គរ នាពេលខាងមុខ។

ក្នុងជំនួបនេះ ទេសរដ្ឋមន្ត្រី បានលើកទឹកចិត្តដល់អ៊ឺរីទ្រា បន្តអនុវត្តតាមគោលការណ៍ និងយន្តការរបស់អនុសញ្ញាអូតាវ៉ា ជាពិសេស ពាក់ព័ន្ធនឹងការស្នើសុំពន្យារពេលក្នុងការបញ្ចប់ការបោសសម្អាតមីនប្រឆាំងមនុស្ស។

ជាការឆ្លើយតប លោកស្រី Sophia Tesfamariam Yohanne បានបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់ របស់អ៊ឺរីទ្រា លើការបោសសម្អាតមីន ដើម្បីសុវត្ថិភាព និងលើកកម្ពស់ជីវភាពប្រជាជន ហើយអ៊ឺរីទ្រា នឹងព្យាយាមគាំទ្រអស់ពីលទ្ធភាពដល់ការអនុវត្តអនុសញ្ញា និងបន្តការសន្ទនាជាមួយអនុសញ្ញាក្នុងការអនុវត្តតាមកាតព្វកិច្ច៕