(វៀងចន្ទន៍, ឡាវ)៖ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៥ បានចាប់ផ្តើមហើយនៅព្រឹកថ្ងៃ​ព្រហស្បតិ៍ ទី១០ ខែតុលា ឆ្នាំ២០២៤នេះ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ។

កិច្ចប្រជុំនេះដឹកនាំដោយសហប្រធាន លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ ជាប្រធានអាស៊ាន និងលោក ស៊ី្ហកេរុ អុីស៊ី្ហបា នាយករដ្ឋមន្ត្រីជប៉ុន។ កិចប្រជុំក៏មានការយាង និងអញ្ជើញចូលរួមពីប្រមុខ​មេដឹកនាំអាស៊ានដទៃទៀតផងដែរ រួមមាន៖ ព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយណេ, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោក ផាម មិញជីញ នាយករដ្ឋមន្ត្រីវៀតណាម លោក អាន់វ៉ា អីុប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក ឡរ៉ែនស៍ វ័ង នាយករដ្ឋមន្ត្រីសិង្ហបុរី លោក ហ្វឺឌីណាន់ ម៉ាកូស ជេអរ ប្រធានាធិបតីហ្វីលីពិន លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ត្រា នាយករដ្ឋមន្ត្រីថៃ លោក Ma'ruf Amin អនុប្រធានាធិបតីឥណ្ឌូនេស៊ី និងលោក កៃរ៉ាឡា សាណាណា ហ្គូសម៉ៅ (Kay Rala Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រខាងកើត ខណៈដែលប្រទេសមីយ៉ាន់ម៉ា បានបញ្ជូនតំណាងរបស់ខ្លួនចូលរួមក្នុងកិច្ចប្រជុំនេះផងដែរ បន្ទាប់អវត្តមានអស់រយៈពេល៣ឆ្នាំ។

សូមបញ្ជាក់ថា អាស៊ាន និងជប៉ុន បានបង្កើតទំនាក់ទំនងសន្ទនាក្រៅផ្លូវការលើកដំបូងនៅក្នុងឆ្នាំ១៩៧៣ ក្រោយមកត្រូវបានបង្កើតឱ្យក្លាយជាផ្លូវការ នៅខេមីនា ឆ្នាំ១៩៧៧ ដោយមានការកោះប្រជុំជាវេទិកាអាស៊ាន-ជប៉ុន។

តាំងពីនោះមក មានការរីកចម្រើនគួរឲ្យកត់សម្គាល់ លើកគ្រប់វិស័យ មានទាំងសន្តិសុខ នយោបាយ កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច-ហិរញ្ញវត្ថុ និងសង្គម-វប្បធម៌។ ប្រទេសជប៉ុន បានចូលជាសមាជិកលើសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៉ីអាគ្នេយ៍ (TAC) នៅខែកក្កដា ឆ្នាំ២០០៤ ហើយក៏បានក្លាយជាដៃគូសន្ទនា ដែលតែងតាំងអគ្គរដ្ឋទូតប្រចាំអាស៊ានរបស់ខ្លួន នៅលេខាធិការដ្ឋានអាស៊ាន ឯទីក្រុងហ្សារកាតា។

ស្ថានបេសកកម្មជប៉ុនប្រចាំអាស៊ាន ត្រូវបានបង្កើតឡើងនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១១។ ពាណិជ្ជកម្មទ្វេភាគីរវាងអាស៊ាន និងជប៉ុន បានឈានដល់ ២៤០,២ពាន់លានដុល្លារអាមេរិក កើនឡើង ១៧,២ភាគរយ ពីមួយឆ្នាំទៅមួយឆ្នាំ។ លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ពីប្រទេសជប៉ុន ក្នុងឆ្នាំ២០២១ មានចំនួន ១២.០ពាន់លានដុល្លារអាមេរិក ឬកើនឡើង ៣.៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ ដែលនេះ​ធ្វើឲ្យ​ប្រទេស​ជប៉ុន​ជា​ដៃគូពាណិជ្ជកម្មលំដាប់ទី៣ ​របស់​អាស៊ានផងដែរ៕