(រតនគិរី-ស្ទឹងត្រែង)៖ ប្រជាពលរដ្ឋ បានលើកឡើងរួមគ្នាថា ពេលមកឃើញព្រំដែនជាក់ស្តែង ទើបយល់ច្បាស់ មិនដូចគេចោទប្រកាន់ថា បាត់ដីទេ សួរថាតើខិតទៅណារួចបើបង្គោលព្រំដែន ត្រូវបានបោះមានទំហំធំៗ និងចាក់គ្រឹះយ៉ាងជ្រៅ សូមបងប្អូនទាំងអស់គ្នា អញ្ជើញមកមើលទាំងអស់គ្នា ឱ្យបានឃើញជាក់ស្តែង និងកុំជឿតាមការអុជអាលរបស់ក្រុមជនខិលខូចឱ្យសោះ។

គួរជម្រាបថា នៅក្នុងដំណើរចូលរួមទស្សនកិច្ចសិក្សាស្វែងយល់ ទិសឦសាន សម្រាប់ជើងទី៤ រយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៤ មានបងប្អូនប្រជាពលរដ្ឋជាង២០០នាក់ បានបន្តចូលរួមធ្វើទស្សនកិច្ចនៅបង្គោលព្រំដែនលេខ៣០ ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ-ឡេថាញ់ ខេត្តរតនគិរី និងនៅបង្គោលព្រំដែនច្រកទ្វារ អន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ដើម្បីស្វែងយល់ពីការពិតជាក់ស្វែងនៃកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យភាពជាតិកម្ពុជា។

ប្រជាពលរដ្ឋក៏បានបង្ហាញក្តីរំភើបជាខ្លាំងដែលបានមកដល់ព្រំដែន ហើយកម្មវិធីនេះមិនមាននោះទេពីមុនមក បើគ្មានការរៀបចំដំណើរទស្សនកិច្ចនេះទេ ច្បាស់ណាស់ពួកគាត់ពិតជាមិនបានស្គាល់បង្គោលព្រំដែននោះទេ ពីព្រោះពួកគាត់មានស្រុកកំណើតនៅឆ្ងាយពីខេត្តជាប់ព្រំដែន។

ប្រជាពលរដ្ឋដែលបានចុះមកព្រំដែន ក៏បានលើកឡើងរួមគ្នាថា ការឃោសនាបំភ្លើសរបស់ជនខិលខូចណាមួយជុំវិញបញ្ហាព្រំដែន គឺត្រូវរួមគ្នាបដិសេធ ជាដាច់ខាត។ នៅពេលត្រឡប់មកវិញពួកគាត់នឹងប្រាប់ទៅសាច់ញាតិ បងប្អូនប្រជាពលរដ្ឋផ្សេងទៀត ដែលបានដឹងពីស្ថានភាពព្រំដែន សូមកុំជឿលើការញុះញង់របស់បុគ្គលមួយចំនួនឱ្យសោះ។

បងប្អូនប្រជាពលរដ្ឋ ក៏បានបន្ថែមថា ប្រសិនបើមិនជឿជាក់ទេ សូមអញ្ជើញមកមើលព្រំដែនដោយផ្ទាល់ភ្នែកក៏បានដែរ ដើម្បីជម្រះមន្ទិលសង្ស័យពីការព្រួយបារម្ភរឿងបាត់បង់ទឹកដី។ ពួកគាត់ក៏បានថ្លែងអំណរគុណដល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមជាមួយក្រុមការងារទាំងអស់ ដែលបានយកចិត្តទុកដាក់គ្រប់បែបយ៉ាងរៀបចំការធ្វើដំណើរ អាហារហូបចុក ៣ពេល និងការស្នាក់នៅ ដើម្បីឱ្យប្រជាពលរដ្ឋបានមកដល់ព្រំដែនដោយសុវត្ថិភាព មើលឃើញពីស្ថានភាពពិតនៅព្រំដែន។

ដំណើរទស្សនកិច្ចទៅកាន់ប៉ែកឦសាននេះ ត្រូវបានរៀបចំ និងសម្របសម្រួលយ៉ាងរលូនដោយក្រុមការងារដែលដឹកនាំដោយលោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំខេត្ត និងអាជ្ញាធរក្នុងភូមិសាស្ត្រខេត្តពាក់ព័ន្ធ ក៏ដូចជាមន្ត្រីជំនាញខាងព្រំដែនផងដែរ។

សូមរំលឹកជូនថា ដំណើរទស្សនកិច្ចនេះត្រូវបានបើកទូលាយសម្រាប់សាធារណជនទូទៅទាំងអស់ពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួម ដោយឥតគិតថ្លៃ ដោយត្រូវបំពេញព័ត៌មានងាយៗតាមការចុះឈ្មោះអនឡាញ និងដោយអនុវត្តគោលការណ៍៖ ចុះឈ្មោះមុន បានចូលរួមមុន។ រីឯថវិកាសម្រាប់ការចំណាយ គឺជាការឧបត្ថម្ភដោយ សម្ដេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ព្រមទាំងមានការចូលរួមពីសប្បុរសជន។ ថវិកានេះជាថវិកាផ្ទាល់ដោយឡែក របស់សម្តេចធិបតី និងលោកជំទាវ ដែលថវិកានេះ មិន ពាក់ព័ន្ធនឹងថវិកាជាតិ ឬមូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធក្រវាត់ព្រំដែនឡើយ៕

សូមស្តាប់ការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋដូចខាងក្រោម៖