(ភ្នំពេញ)៖ លោក Ratchayut Kasemchairsiri ប្រធានក្រុមប្រឹក្សាភិបាល សមាគមឧស្សាហកម្មស៊ីម៉ងត៍កម្ពុជា (CCMA) ក្នុងឱកាសទទួលបានការអនុញ្ញាតជួបពិភាក្សាការងារជាមួយលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ បានប្រកាសពីការចូលរួមគោរពលិខិតបទដ្ឋាន ព្រមទាំងច្បាប់ពាក់ព័ន្ធនានា របស់ព្រះរាជាណាចក្រកម្ពុជា ជាពិសេសក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលបានដាក់ចេញកន្លងមក និងតម្រូវឱ្យរោងចក្រសហគ្រាស ដែលកំពុងធ្វើអាជីវកម្មនៅកម្ពុជា ត្រូវបំពាក់ឧបករណ៍ស្វ័យត្រួតពិនិត្យ ការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់។

លោកបណ្ឌិត អ៊ាង សុផល្លែត មានប្រសាសន៍បន្ថែមថា ភាពស្អាតជាកិត្យានុភាពរបស់កម្ពុជា ចាំបាច់ត្រូវតែអនុវត្តដូចគ្នា និងស្មើភាព។ ហើយភាពស្អាតនេះ នឹងជួយការពារដល់ សុខភាពរបស់អ្នកវិនិយោគ សុខភាពនិយោជិត សុខភាពប្រជាពលរដ្ឋ និងសុខភាពបរិស្ថានទាំងមូល របស់យើង ពីការទទួលរងផលប៉ះពាល់ផ្នែកសុខភាព បណ្តាលមកពីសារធាតុពុល ដែលមាននៅក្នុងទឹកកខ្វក់ នៅពេលបង្ហូរចេញ ដោយមិនមានការត្រួតពិនិត្យ តាមលក្ខណបច្ចេកទេសត្រឹមត្រូវ។

សូមបញ្ជាក់ថា «ក្រមបរិស្ថាន និងធនធានធម្មជាតិ» ត្រង់មាត្រា ១៧៨ មាត្រា២៨៧ និងមាត្រា២៨៨ និងប្រកាសរបស់ក្រសួងបរិស្ថានលេខ៣០២ ប្រកប.ស្ថ ចុះថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ស្តីពីការអនុវត្តវិធានស្វ័យត្រួតពិនិត្យនៅតាមប្រភពបំពុលសក្តានុពល បានតម្រូវឱ្យរោងចក្រសហគ្រាស ឧស្សាហកម្ម ដែលបញ្ចេញសំណល់ប្រភេទប្រភពបំពុល ត្រូវបំពាក់ជាចាំបាច់នូវឧបករណ៍ស្វ័យត្រួតពិនិត្យ តាមដានការបញ្ចេញសំណល់រាវ និងការបង្ហូរទឹកកខ្វក់ ចេញពីរោងចក្រសហគ្រាស ដើម្បីតាមដានត្រួតពិនិត្យ ការបំពុលបរិស្ថានពីចម្ងាយ៕