(បាត់ដំបង)៖ បណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងតំណាងសហព័ន្ធស្រូវអង្ករកម្ពុជា នៅរសៀលថ្ងៃទី៩ ខែតុលានេះ បានអញ្ជើញចុះជួបម្ចាស់រោងម៉ាស៊ីនកិនស្រូវ ៤កន្លែងផ្សេងគ្នា ក្នុងនោះក៏បានពិនិត្យមើលសកម្មភាពនៃការប្រមូលទិញស្រូវ របស់រោងម៉ាស៊ីនដែលកំពុងតែទិញស្រូវ ពីកសិករស្ថិតនៅស្រុកមង្គលបូរី ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ជាមួយគ្នានឹងការចុះជាក់ស្តែងនោះ បណ្ឌិត កៅ ថាច និងសហការី ក៏បានសាកសួរបន្ថែមពីទីផ្សារស្រូវលក់ឲ្យរោងម៉ាស៊ីន និងលក់នៅវាលស្រែ ដែលកសិករបានប្រមូលផលលក់នៅពេលកន្លងមក មានដូចជា ស្រូវ OM5451 ស្រូវស្រងែ និងស្រូវសែនក្រអូប ដែល ទើបតែប្រមូលទិញចូលរោងម៉ាស៊ីន តាំងពីមុននិងក្រោយពិធីបុណ្យភ្ជុំបិណ្ឌ។
ទាក់ទងនឹងការប្រមូលទិញស្រូវរបស់រោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យនេះ បណ្ឌិត កៅ ថាច បានស្នើសុំឲ្យរោងម៉ា ស៊ីនត្រូវ បង្កើតសមត្ថភាពកិនស្រូវថែមទៀត និងទិញស្រូវឲ្យបានបរិមាណច្រើន ដើម្បីកែច្នៃនាំចេញ។
បន្ថែមពីនេះ បណ្ឌិត កៅ ថាច បានលើកឡើងថា ការចុះពិនិត្យជាក់ស្តែង គឺកសិករលក់ស្រូវនៅបានចំណេញនៅឡើយ ហេតុអ្វីនៅមានពាក្យចចាមអារ៉ាមបង្ហោះលើបណ្ដាញសង្គមយ៉ាងដូច្នេះ តាមពិតរោងម៉ាស៊ីននៅទិញក្នុងតម្លៃខ្ពស់ និងមានស្ថេរភាពនៅឡើយ។
ការចុះពិនិត្យមើលការប្រមូលផលស្រូវ នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យរបស់អគ្គនាយកធនាគារ (ARDB) ក្នុងនោះរួមមាន គឺទី១ រោងម៉ាស៊ីនកិនស្រូវឈ្មោះ ខៀវ ឃា ទិញស្រូវស្រងែ ក្នុងរោងម៉ាស៊ីន តម្លៃចន្លោះ ១០៥០រៀល ទៅ១១០០រៀល ហើយក្នុងមួយ ថ្ងៃទិញបរិមាណ ៣០០ តោន រោងម៉ាស៊ីនកិនស្រូវ ស៊ីវ ឡាយ ទិញស្រូវស្រង៉ែពីកសិករមករោងម៉ាស៊ីនផ្ទាល់មានស្រូវ OM 5451 តម្លៃពី ១០៥០ រៀល និងស្រូវស្រង៉ែ ទិញ តម្លៃពី ១០៧០រៀល ក្នុង១គីឡូក្រាម ។
សម្រាប់ រោងម៉ាស៊ីនកិនស្រូវ ហ្វាងលី ទិញតម្លៃ ១០៤០ រៀលស្រូវស្រងែកសិករលក់មករោងម៉ាស៊ីន និងទិញនៅវាលស្រែតម្លៃចន្លោះ ១០២០រៀល ទៅ១០៣០រៀល និងរោងម៉ាស៊ីនកិនស្រូវ លឹម ឃុនលី ទិញស្រូវស្រងែតម្លៃ ១០៧០ រៀល ទៅ១១ ២០ រៀលក មុនពិធីបុណ្យភ្ជុំបិណ្ឌ។
យោងតាមម្ចាស់រោងម៉ាស៊ីនខាងលើគឺ គិតត្រឹមថ្ងៃទី៩ ខែតុលានេះ តម្លៃស្រូវបន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌហើយ នៅមានតម្លៃល្អ នៅតាមតំបន់នីមួយៗ គឺអាស្រ័យលើគុណភាពស្រូវផងដែរជាក់ស្តែងនៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យជាដើម។
យោងតាមម្ចាស់រោងម៉ាស៊ីនខាងលើបង្ហាញថា គិតត្រឹមរសៀលថ្ងៃទី៩ ខែតុលានេះ តម្លៃស្រូវ OM 5451 ស្រូវស្រងែ និងសែនក្រអូប គឺ កសិករអាចលក់បានតម្លៃ មានស្ថិរភាពនៅឡើង មិនដូចការលើក ឡើងតាមបណ្តាញសង្គមនោះឡើយ ពោលតម្លៃ អាស្រ័យលើគុណភាពស្រូវផងដែរ ដែលមានការប្រើប្រួលទៅតាមតំបន់ផងដែរ៕