(កណ្តាល)៖ ប្រជាពលរដ្ឋរស់នៅក្នុង ភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ជាពុទ្ធបរិស័ទចំណុះជើងវត្តខ្ពបអណ្តែត ហៅវត្តក្របៅ បានចោទប្រកាន់ព្រះសង្ឃព្រះនាម ញឹម ខេនរៈ គ្រូសូត្រស្តាំ ប្រព្រឹត្តខុសវិន័យធម៌ ដោយលួចចិញ្ចឹមក្មេងស្រីអាយុ១៧ ឬ១៨ឆ្នាំ នៅក្នុងវត្តដោយមានភាពស្និទ្ធស្នាលរហូតក្មេងស្រីទាំងនោះចេញចូលកុដិទៀតផង។
ពុទ្ធបរិស័ទចំណុះជើងវត្តបាននិយាយទៀតថា ព្រះគ្រូសូត្រស្តាំ ក៏ប្រើសង្ឃដីកា មិនល្អដាក់ពុទ្ធបរិស័ទ ឬគណៈកម្មការវត្ត ព្រមទាំងធ្វើអាជីវកម្មផលិតសាប៊ូលាងចានលក់ដាក់ទីតាំងនៅក្នុងវត្តផងដែរ។ យ៉ាងណាក៏ដោយព្រះអង្គ បានចេញមកច្រានចោលភ្លាមៗ ចំពោះការចោទប្រកាន់ខាងលើនេះ គឺមិនពិតនោះទេ ដោយសារតែក្មេងៗទាំងនោះជាកូនកំព្រា មានទាំងស្រីមានទាំងប្រុសដែលត្រូវបានព្រះអង្គយកមកចិញ្ចឹម។
លោក ហុន ហ៊ួន អាយុ៧៥ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅ ក្នុងភូមិអាចម៌កុក សង្កាត់កំពង់សំណាញ់ បាននិយាយថា ចៅស្រីគាត់ម្នាក់អាយុ១៨ឆ្នាំ ចេញចូលកុដិព្រះអង្គ ញឹម ខេមរៈ ហើយថ្ងៃមួយគាត់បាត់ចៅស្រី នៅម៉ោងប្រហែលជាជិត៩យប់ គាត់បានតាមរកលុះមកជិតដល់កុដិព្រះអង្គ ញឹម ខេមរៈ ស្រាប់តែឃើញចៅស្រីរត់ចេញពីកុដិ មួយសន្ទុះក្រោយមកស្រាប់តែឃើញក្មេងស្រីម្នាក់ទៀត បានចេញតាមក្រោយគេចបាត់ ហើយគាត់បានណែនាំចៅស្រីគាត់ជារើយៗ តែវាមិនស្តាប់។
លោកតាបានបន្តថា មិនត្រឹមតែប៉ុណ្ណោះ ព្រះគ្រូសូត្រស្តាំអង្គនេះ បានប្រើសង្ឃដីកាមិនល្អ ដាក់អាចារ្យវត្ត គណៈកម្មការវត្ត ឬពុទ្ធបរិស័ទចំណុះជើងវត្តផងដែរ ដោយទង្វើបែបនេះ ទើបពួកគាត់មានការមិនពេញចិត្ត និងបានផ្តិតមេដាយសូមឲ្យអាជ្ញាធរ ឬធម្មការខេត្តជួយពិនិត្យចំពោះព្រះអង្គ ញឹម ខេមរៈ ផង។ លោក តួ ហៃ មេភូមិអាចម៌កុក បានឲ្យដឹងដែរថា ចំពោះព្រះសង្ឃ ញឹម ខេមរៈ ដែលប្រជាពលរដ្ឋបានលើកឡើងនោះ គឺមានសភាពបែបហ្នឹងមែនលោកក៏មិនពេញចិត្តដែរ។
ទាក់ទិននិងការចោទប្រកាន់របស់ប្រជាពុទ្ធបរិស័ទ និងមេភូមិខាងលើនោះ ព្រះតេជគុណ ញឹម ខេមរៈ មានសង្ឃដីកាច្រានចោលការចោទប្រកាន់ទាំងនោះភ្លាមៗ។ លោកអង្គបានមានសង្ឃដីកាថា « នេះជារឿងមិនពិតទេ ក្មេងៗដែលអាត្មាយកមកចិញ្ចឹមនោះ គឺសុទ្ធតែជាកូនកំព្រា គ្មានទីពឹងទាំងស្រី ទាំងប្រុស ហើយបានបង្ហាត់បង្រៀនឲ្យលាយសាប៊ូលាងចាន ដើម្បីទុកជាទុនសម្រាប់ប្រកបរបរចិញ្ចឹមជីវិតខ្លួនឯងទៅថ្ងៃក្រោយ ម្យ៉ាងវិញទៀតក្មេងៗ ទាំងអស់បានចំណេះទៀតផង ចំណែកវត្តចំណេញមិនចាំបាច់ទិញគេ អាចប្រើប្រាស់បោកខោអាវ បោកស្បង់ជីវរបានផងដែរ»។
យ៉ាងណាក៏ដោយករណីនេះ ថ្នាក់ដឹកនាំមន្ទីរធម្មការ និងអាជ្ញាធរពាក់ព័ន្ធអាចចុះទៅស្រាវជ្រាវរកការពិត តើពិតដូចការលើកឡើងរបស់ពុទ្ធបរិស័ទ ឬពិតដូចព្រះអង្គមានសង្ឃដីកា៕