(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងស្វាគមន៍ និងគាំទ្រដៃគូសហការនានា និងវិស័យឯកជន ដែលមានបំណងធ្វើការវិនិយោគចូលរួមប្រយុទ្ធប្រឆាំងនឹងបញ្ហាបំពុលដោយប្លាស្ទិក និងចូលរួមឱ្យកម្ពុជាយើងស្អាត។

នៅក្នុងឱកាសទទួលជួប លោក Kim Sangyoung ប្រធានក្រុមហ៊ុនសាជីវកម្មដេហាន របស់សាធារណរដ្ឋកូរ៉េ នាទីស្តីការក្រសួងបរិស្ថាន នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤។

លោករដ្ឋមន្រ្តីមានប្រសាសន៍ថា៖ «សំណល់ប្លាស្ទិកជាសត្រូវទី១ របស់ខ្ញុំ។ ខ្ញុំមិនចង់ឱ្យកម្ពុជា ត្រូវបានបំពុលដោយប្លាស្ទិកទេ។ យើងត្រូវចូលរួមសាមគ្គីគ្នាកាត់បន្ថយការប្រើប្រាស់ និងលប់បំបាត់បញ្ហាប្លាស្ទិក ដើម្បីការពារជីវិតរបស់ប្រជាពលរដ្ឋ និងដើម្បីកម្ពុជាស្អាត»។

ក្នុងឱកាសនោះ លោករដ្ឋមន្រ្តីបានបន្ថែមថា ការប្រយុទ្ធប្រឆាំងនឹងសំរាម សំណល់ប្លាស្ទិក ជាសកម្មភាពជាអាទិភាពមួយ របស់រាជរដ្ឋាភិបាលកម្ពុជា។

ភាពស្អាត នៅក្នុង «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» ត្រូវបានក្រសួងបរិស្ថាន ដាក់ចេញយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក «ថ្ងៃនេះ ខ្ញុំនឹងមិនប្រើថង់ប្លាស្ទិក» ដែលបានចាប់ផ្តើមនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ និងមានការចូលរួមពីមនុស្សជាង ៩,៥លាននាក់ និងយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ចាប់ផ្តើមពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២ តទៅ និងមានការចូលរួមពីប្រជាពលរដ្ឋជាង ២,៥លាននាក់។

យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរអាចធ្វើបាន» គឺជាគំនិតផ្តួចផ្តើមមួយដើម្បីលើកទឹកចិត្តដល់សិស្សានុសិស្ស និងអ្នកភូមិនៅតាមភូមិនីមួយៗ ឃុំ ស្រុក និងខេត្តទាំងអស់គ្នា ក្នុងការសម្អាត និងប្រមូលសំរាមជុំវិញផ្ទះ សាលារៀន វត្តអារាម និងទីសាធារណៈឱ្យប្រមូល ការគ្រប់គ្រង និងការចោលសំរាម ប្លាស្ទិកឱ្យបានត្រឹមត្រូវ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានមានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៥ ខាងមុខនេះ ក្រសួងនឹងផ្តល់ជូនធុងសំរាម ដល់សាលារៀន វត្តអារាម និងមន្ទីរពេទ្យ ដើម្បីជំរុញឱ្យមានការគ្រប់គ្រងកាកសំណល់ ប្លាស្ទិក និងចាត់វិធានការឆ្ពោះ ទៅរកការកាត់បន្ថយកាកសំណល់ នាពេលអនាគត និងដំណើរការអភិវឌ្ឍរបស់កម្ពុជា មាននិរន្តរភាពយូរអង្វែងតទៅ។

សូមបញ្ជាក់ថា លោក Kim Sangyoung ប្រធានក្រុមហ៊ុនសាជីវកម្មដេហាន របស់សាធារណរដ្ឋកូរ៉េ បានបង្ហាញពីបំណងសិក្សាបង្កើតរោងចក្រកែច្នៃសំរាមសំណល់ប្លាស្ទិក ទៅជារបស់ប្រើប្រាស់ នៅកម្ពុជា។ លោកបានកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ ជោគជ័យ ការដាក់ចេញយុទ្ធនាការ កាត់បន្ថយការប្រើប្រាស់ប្លាស្ទិក របស់ក្រសួងបរិស្ថាន នាពេលកន្លងមក បានដោះស្រាយបញ្ហាប្លាស្ទិកនៅតាមសាលារៀន វត្តអារាម និងទីសាធារណៈនានា។ បច្ចុប្បន្ននេះ ក្រុមហ៊ុន កំពុងបង្កើតទំនាក់ទំនងជាមួយបណ្តាដៃគូរដ្ឋាភិបាលនិងឯកជនផ្សេងៗ ដើម្បីជួយកែច្នៃកាកសំណល់ប្លាស្ទិក ហើយថែមទាំងទទួលបានផលិតផលប្រើប្រាស់ ដែលមានគុណភាពសម្រាប់ប្រើឡើងវិញម្តងទៀត៕