(វៀងចន្ទន៍, ឡាវ)៖ លោក Tan Sri Nazir Razak ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន (ASEAN-BAC) បានបង្ហាញបំណងបោះផ្សាយលក់មូលបត្រក្នុងទីផ្សារមូលបត្រអាស៊ាន។
ប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បានលើកបំណងនេះ ក្នុងពេលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ទីកំពុងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធយ៉ាងមហោឡារិក។
ក្នុងជំនួបនេះ លោកប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បានសម្ដែងក្ដីសោមនស្សរីករាយដែលសម្ដេចបវរធិបតី បានអនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម ដើម្បីពិភាក្សាអំពីផែនការសកម្មភាពការងារមួយចំនួនរបស់ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន នៅពេលម៉ាឡេស៊ី នឹងក្លាយជាប្រធានអាស៊ាន ឆ្នាំ២០២៥ខាងមុខ ហើយរូបលោកក៏នឹងក្លាយជាប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ានផងដែរ។
លោកប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន បានលើកឡើងអំពីគំនិតផ្ដួចផ្ដើមមួយចំនួនក្នុងការជំរុញការធ្វើធុរកិច្ច និងវិនិយោគនៅតំបន់អាស៊ាន តាមរយៈយុទ្ធសាស្ត្រគន្លឹះមួយចំនួនរួមមាន៖ (១) ការកំណត់អត្តសញ្ញាណរួមពិសេស ក្នុងនាមជាធុរជន និងវិនិយោគិនអាស៊ាន, (២) ការរៀបចំការបោះផ្សាយលក់មូលបត្រជាសាធារណៈលើកដំបូងនៅក្នុងទីផ្សារមូលបត្រអាស៊ាន (ASEAN-IPO), (៣)ការពង្រឹងយន្តការនៃការទទួលខុសត្រូវផ្នែកសង្គម ជាមួយនឹងការសម្រួលដល់ការបរិច្ចាគឆ្លងដែននានា និង (៤) ការជំរុញឱ្យមានការចូលរួមផ្នែកយែនឌ័រប្រកបដោយសមធម៌ និងបរិយាប័ន្ន ក្នុងធុរកិច្ច និងការវិនិយោគ។
លោកប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ក៏បានគោរពជម្រាបសម្ដេចធិបតីផងដែរថា កម្ពុជា ជាប្រទេសតូច តែមានសក្ដានុពលខ្ពស់ ជាពិសេសខាងវិស័យទេសចរណ៍ និងបានលើកឡើងពីការជំរុញវិស័យទេសចរណ៍នៅកម្ពុជា តាមរយៈការបង្កើនការតភ្ជាប់រវាងប្រជាជន និងប្រជាជនក្នុងតំបន់ និងពិភពលោក ជាមួយការផ្ដល់ឱកាសឱ្យវិស័យឯកជនចូលរួមដោយផ្ទាល់ក្នុងការកំណត់គំរូអាជីវកម្មថ្មីៗ។
សម្ដេចមហាបវរធិបតីនាយករដ្ឋមន្ត្រី បានឯកភាពចំពោះគំនិតផ្ដួចផ្ដើមរបស់លោកប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន ប៉ុន្តែអ្វីដែលសំខាន់បំផុត គឺការប្រែក្លាយគំនិតផ្ដួចផ្ដើមទាំងនេះទៅជាសកម្មភាព និងលទ្ធផលជាក់ស្ដែង។
សម្ដេចមហាបវរធិបតី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការធ្វើសុខដុមនីយកម្មនៃក្របខ័ណ្ឌគតិយុត្តនៃបណ្ដាប្រទេសអាស៊ាន ដើម្បីបង្កើតឱ្យបានបរិស្ថានអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគិនក្នុងតំបន់អាស៊ាន, ការប្រែក្លាយគំនិតផ្ដួចផ្ដើមស្ដីពីការបង្កើតឱ្យមានទីផ្សារមូលបត្ររួមនៅក្នុងតំបន់អាស៊ាន និងការជំរុញការចូលរួមបន្ថែមទៀតរបស់វិស័យឯកជនក្នុងធុរកិច្ច និងការវិនិយោគ។
សម្ដេចមហាបវរធិបតី បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតែងតែចាត់ទុកថា វិស័យឯកជនជាដៃគូមិនអាចខ្វះបានក្នុងការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ហើយរាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវកញ្ចប់វិធានការលើកទឹកចិត្តជាច្រើនសម្រាប់វិស័យឯកជន សំដៅធ្វើយ៉ាងណាឱ្យវិស័យឯកជនបានដំណើរការល្អប្រសើរ និងរីកលូតលាស់៕