(វៀងចន្ទន៍, ឡាវ)៖ ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា, អនុប្រធានគ្រប់​គ្រង​នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) លោក Kenji Okamura បានប្រកាសថា IMF នឹងបន្តភាពជាដៃគូដ៏ល្អជាមួយកម្ពុជា ក្នុងការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់។

ជំនួបធ្វើឡើងនាល្ងាចថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នាទីក្រុងវៀងចន្ទន៍ ប្រទេសឡាវ ទីកំពុងរៀបចំកិច្ចប្រជុំកំពូល​អាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធយ៉ាងមហោឡារិកនោះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោក Kenji Okamura បានពិភាក្សាលើកិច្ចការសំខាន់ៗមួយចំនួន​ពាក់ព័ន្ធទៅនឹងស្ថានភាពម៉ាក្រូសេដ្ឋកិច្ច, ធនាគារ និងហិរញ្ញវត្ថុ នៃប្រទេសកម្ពុជា និងការពង្រឹងភាពជាដៃគូដ៏ល្អ រវាងកម្ពុជា និង IMF សម្រាប់​ពេល​អនាគត។

អនុប្រធាន IMF បានគូសបញ្ជាក់ថា កម្ពុជាបានធានាភាពជាដៃគូដ៏ល្អជាមួយIMF ជាពិសេសក្នុងមុខងារនៃ​ការ​ឃ្លាំមើល (Surveillance function), ការកំណត់នូវអនុសាសន៍គោលនយោបាយ, និងការចូលរួមក្នុងការជំរុញ​ឱ្យស្ថាន​ភាពសេដ្ឋកិច្ច និងប្រព័ន្ធធនាគាររបស់កម្ពុជាកាន់តែមានភាពល្អប្រសើរ និង ភាពរឹងមាំ។

សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះ IMF ក៏ដូចជាក្រុមការងា​រ​របស់ IMF ដែលបានរួមចំណែកលើកិច្ចការអាទិភាពជាច្រើនមានដូចជា៖ (១) ការផ្ដល់ជំនួយបច្ចេកទេស, ការ​បណ្ដុះ​បណ្ដាល និងការកសាងសមត្ថភាពដល់មន្ត្រីរាជរដ្ឋាភិបាលកម្ពុជា នៅក្នុងវិស័យសេដ្ឋកិច្ច, សារពើពន្ធ, ហិរញ្ញវត្ថុ, និងវិស័យផ្សេងៗទៀត ដែលមានសារៈសំខាន់ក្នុងការរៀបចំគោលនយោបាយសេដ្ឋកិច្ច, សារពើពន្ធ និងរូបិយវត្ថុ, (២) ប្រែក្លាយប្រព័ន្ធសេដ្ឋកិច្ចកម្ពុជា ពីប្រព័ន្ធសេដ្ឋកិច្ចផែនការទៅប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ, និង (៣) ធានាបាននូវស្ថិរភាពផ្នែកធនាគារ និងហិរញ្ញវត្ថុ ដែលជាសសៃឈាមដ៏សំខាន់សម្រាប់ទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា, និង (៤) ពង្រឹងការរៀបចំទិន្នន័យ និងបង្កើតប្រព័ន្ធទិន្នន័យនៅវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ ដែលមាន​សារៈសំខាន់នៅក្នុងការកំណត់ក្របខ័ណ្ឌគោលនយោបាយ និងយុទ្ធសាស្ត្រ ប្រកបដោយ​ភាពច្បាស់លាស់ និង​ឈានទៅរកការសម្រេចបាននូវចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា។

សម្ដេចមហាបវរធិបតី ក៏បានគូសបញ្ជាក់ជូនអនុប្រធាន IMF ផងដែរថា រាជរដ្ឋាភិបាលកម្ពុជាបានកំណត់ អាទិ​ភាព​គន្លឹះមួយចំនួននៅក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈការដាក់ចេញយុទ្ធសាស្ត្របញ្ច​កោណ-​ដំណាក់​​កាលទី១ ដែល IMF អាចចូលរួមគាំទ្រ និងជួយជំរុញ ធ្វើយ៉ាងណាអាចឱ្យកម្ពុជាអាចអនុវត្ត​យុទ្ធសាស្រ្ត​ខាងលើប្រកបដោយជោគជ័យ ឈានទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។ កម្ពុជាបាន និងកំពុងតែ​យក​ចិត្តទុកដាក់ក្នុងការកំណត់នូវក្របខ័ណ្ឌយុទ្ធសាស្ត្រ និងគោលនយោបាយច្បាស់លាស់ តាមរយៈការវាយ​តម្លៃអំពីស្ថានភាពសេដ្ឋកិច្ចក្នុងតំបន់ និងពិភពលោក ក៏ដូចជាតាមរយៈការពង្រឹងនូវឯករាជភាពផ្នែកសេដ្ឋកិច្ច​ហិរញ្ញវត្ថុរបស់ខ្លួន។

ក្នុងជំនួបនេះ សម្ដេចមហាបវរធិបតី និងអនុប្រធាន IMF បានបង្ហាញជំហររួមគ្នាក្នុងការបន្តនូវភាពជាដៃគូដ៏ល្អ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា ប្រកបដោយចីរភាព, បរិយាប័ន្ន និងភាពធន់ ក៏ដូចជាការកំណត់នូវក្រប​ខ័ណ្ឌ​គោលនយោបាយ និងយុទ្ធសាស្ត្រសម្រាប់ពេលអនាគត៕