(ភ្នំពេញ)៖ ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ បានថ្លែងថា ធនាគារអភវិឌ្ឍន៍អាស៊ី (ADB) គឺជាដៃគូ អភិវឌ្ឍន៍ពហុភាគីដ៏ធំជាងគេ ដែលបានចូលរួមចំណែកយ៉ាងធំធេង ក្នុងការជួយអភវិឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរបស់កម្ពុជា។
លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ ធនាគារ ADB បានផ្តល់ហិរញ្ញប្បទាន សហប្រតិបត្តិការចំនួន ២.៦៥ ពាន់លានដុល្លារ សម្រាប់ជួយដល់ការអភិវឌ្ឍន៍របស់ប្រទេសកម្ពុជា។
ការថ្លែងរបស់លោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន ធ្វើឡើងក្នុងឱកាស ដែលលោកចូលរួម ក្នុងវេទិការពិភាក្សាកម្រិតជាន់ខ្ពស់ ស្តីពី «ភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី សម្រាប់ការអភិវឌ្ឍនៅកម្ពុជា» នៅសណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ។
លោកបញ្ជាក់ថា ហិរញ្ញប្បទានប្រតិបត្តិការរបស់ ADB ត្រូវបានប្រើប្រាស់សម្រាប់វិនិយោគសាធារណៈ ក្នុងវិស័យជាអទិភាពដូចជា៖ ហេដ្ឋារចនាសម័ន្ធ (ផ្លូវថ្នល់ ស្ពាន ធារាសាស្ត្រ កំពង់ផែ ផ្លូវរថភ្លើង និងព្រលានយន្តហោះ) វិស័យកសិកម្ម ធនធានធម្មជាតិ, វិស័យអប់រំ បណ្តុះបណ្តាលបច្ចេកទេសវិជ្ជាជីវៈ ថាមពល ហិរញ្ញវត្ថុ សុខាភិបាល គាំពារសង្គម ឧស្សាហ៍កម្ម ពាណិជ្ជកម្ម ព័ត៌មានវិទ្យា និងកម្មវិធីកំណែទម្រង់ស៊ីជម្រៅផ្សេងៗទៀត របស់រាជរដ្ឋាភិបាលកម្ពុជា។
លោករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន បានបន្ថែមទៀតថា ក្នុងក្រមខណ្ឌកិច្ចសហប្រតិបត្តិការ សម្រាប់ឆ្នាំ២០១៧-២០១៩ ធនាគារ ADB គ្រោងនឹងផ្តល់ហិរញ្ញប្បទានសហប្រតិបត្តិការ ប្រមាណ១.០៩ពាន់លានដុល្លារទៀត សម្រាប់អនុវត្តន៍គម្រោង និងកម្មវិធីអភិវឌ្ឍន៍នៅកម្ពុជា ក្នុងនោះរួមមាន ឥណទានសម្បទានប្រមាណ ៨៧២លានដុល្លារអាមេរិក និងហិរញ្ញប្បទានសហប្រតិបត្តិការ បច្ចេកទេសចំនួន១៣លានដុល្លារអាមេរិក។
លោក អូន ព័ន្ធមុនីរ័ត្ន បានសង្កត់ធ្ងន់ថា «ហិរញ្ញប្បទានប្រតិបត្តិការ របស់ធនាគារអភិវឌ្ឍន៍អាស៊ី ពិតជាបានរួមចំណែកយ៉ាងធំធេង ក្នុងការអភិវឌ្ឍន៍នៅកម្ពុជា សំដៅកាត់បន្ថយភាពក្រីក្រ របស់ប្រជាជន និងបែងចែកផ្លែផ្កា នៃកំណើនប្រកបដោយសមធម៌ គ្រប់ស្រទាប់វណ្ណៈ នៃប្រជាជនតាមរយៈនៃការបន្តធានាសម្រេចឲ្យបាននូវ ចីរភាពនៃកំណើនសេដ្ឋកចិ្ចរយៈពេលវែង»។
លោក Stephen P Groff អនុប្រធានធនាគារអាស៊ី បានថ្លែងថា ADB មានមោទនភាពដែលបានក្លាយជាដៃគូអភិវឌ្ឍន៍ពហុភាគីធំជាងគេ របស់ប្រទេសកម្ពុជា។
លោកបញ្ជាក់ថា ប្រទេសកម្ពុជាជាប្រទេស ដែលមានភាគរយនៃប្រជាជន រស់នៅតំបន់ជនបទខ្ពស់ជាង បណ្តាប្រទេសនានាទាំងអស់អាស៊ីបូព៌ា ដើម្បីប្រយុទ្ធប្រឆាំង និងភាពក្រីក្រ ដែលកើតមានយុទ្ធសាស្ត្រ ADB ផ្តោតការយកចិត្តទុកដាក់ លើការលើកកំពស់ កំណើនសេដ្ឋកិច្ចនៅតំបន់ជនបទ ដោយផ្តោតលើវិស័យសំខាន់ៗចំនួន៧ ដូចជា កសិកម្ម អភិវឌ្ឍន៍ជនបទ គមនាគមន៍ ថាមពល អប់រំ សុខាភិបាល និងការផ្គត់ផ្គងទឹកនិងអនាម័យ។
លោកបានលើកឡើងថា «ប្រជាពលរដ្ឋកម្ពុជា ស្ថិតនៅក្នុងបេះដូង ភាពជាដៃគូរវាង ADB និងប្រទេសកម្ពុជា។ គិតរហូតមកដល់ពេល បច្ចុប្បន្ននេះ ប្រទេសកម្ពុជា បានទទួលទឹកប្រាក់ ២.៦៥ពាន់លានដុល្លារអាមេរិក ពី ADB ក្នុងទម្រង់ជាកម្ចីជំនួយឥតសំណង និងជំនួយបច្ចេកទេស រាប់ទាំងការផ្តល់ហិរញ្ញប្បទានផងដែរ»។
អនុប្រធានធនាគារ ADB បានគូសបញ្ជាក់ទៀតថា «ភាពជាដៃគូរបស់ ADB ជាមួយប្រទេសកម្ពុជា ធ្វើឲ្យមានការផ្លាស់ប្តូរ ប្រកបដោយអត្ថន័យ ដល់ជីវិតរបស់ប្រជាពលរដ្ឋកម្ពុជារាប់លាននាក់។ រួមគ្នាយើងនិងបន្តខិតខំប្រើប្រាស់ កិច្ចខិតខំប្រឹងប្រែង និងធនធានរបស់យើងឲ្យបានល្អបំផុត ដើម្បីបង្កើតនូវឱកាសថ្មីៗ និងបង្កើតនូវពិភពលោក កាន់តែល្អប្រសើរសម្រាប់មនុស្សជំនាន់ក្រោយ»។
សូមជម្រាបថា នៅចុងខែកញ្ញា ឆ្នាំ២០១៦ ធនាគារ ADB បានព្យាករណ៍នូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ដោយអះអាងថា សេដ្ឋកិច្ចរបស់កម្ពុជា នៅឆ្នាំ២០១៦-២០១៧ នៅតែរឹងមាំដោយកើនឡើង៧ភាគរយ នៅឆ្នាំ២០១៦ និង៧.១ភាគរយ នៅឆ្នាំ២០១៧៕