(បាត់ដំបង)៖ លោក សក់ សេដ្ឋា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន នាថ្ងៃទី៩ ខែតុលាឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ អំពីកិច្ចសហការសម្របសម្រួលគាំទ្ររបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ដល់សកម្មភាពការងារចុះមូលដ្ឋានការរៀបចំ និងកិច្ចប្រជុំដំណើរការ នៃលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន។

កិច្ចប្រជុំនេះបានធ្វើឡើងនៅសាលាខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ, លោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត, លោក សុខ លូ អភិបាលខេត្ត និងអាជ្ញាធរក្រុង ស្រុក នៃរដ្ឋបាលខេត្តបាត់ដំបង។

កិច្ចប្រជុំនេះធ្វើឡើង ក្នុងគោលបំណងដើម្បីពិនិត្យអំពីសកម្មភាពនិងបញ្ហាប្រឈមនានារបស់លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាននៅថ្នាក់ក្រោមជាតិ និងការអនុវត្តតួនាទីភារកិច្ចរបស់អនុប្រធានអចិន្ត្រៃយ៍ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ដើម្បីធ្វើការបូកសរុបវាយតម្លៃ ដកពិសោធន៍ និងធ្វើការដោះស្រាយបញ្ហាប្រឈមនានា ឱ្យបានសមស្របសំដៅពង្រឹង និងលើកកម្ពស់ការអនុវត្តតួនាទីភារកិច្ចជាសេនាធិការជូនប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឱ្យកាន់តែមានប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព។

ក្នុងឱកាសនោះ លោក សក់ សេដ្ឋា បានបញ្ជាក់ថា ក្នុងអាណត្តិរាជរដ្ឋាភិបាលជាបន្តបន្ទាប់នារយៈពេលកន្លងមក រាជរដ្ឋាភិបាលបានចាត់តាំងសមាជិក សមាជិការាជរដ្ឋាភិបាល មន្ត្រីរាជការតាមក្រសួង ស្ថាប័ន និងមន្ត្រីរាជការនៅថ្នាក់ក្រោមជាតិ បង្កើតឡើងនូវក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ដែលបច្ចុប្បន្នត្រូវបានប្តូរឈ្មោះមកជា ក្រុមការងាររាជរដ្ឋាភិបាល
ចុះមូលដ្ឋាន ដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្ត្រ គោលនយោបាយ កម្មវិធីកំណែទម្រង់ គោលការណ៍ និងវិធានការនានារបស់រាជរដ្ឋាភិបាល នៅតាមមូលដ្ឋាន ព្រមទាំងយកចិត្តទុកដាក់ក្នុងការជំរុញ ដោះស្រាយសំណើ សំណូមពរ បញ្ហាប្រឈមនានានៅមូលដ្ឋាន និងការចូល រួមកៀរគរធនធានពីប្រភពស្របច្បាប់ នានា ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការកសាងសមិទ្ធផលសង្គម និងការអភិវឌ្ឍមូលដ្ឋានសំដៅបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាននានាទូទាំងប្រទេស។

លោក សក់ សេដ្ឋា បានបន្ថែមថា ផ្អែកលើសមិទ្ធផលដែលក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានសម្រេចបានកន្លងមក រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា បានបន្តរៀបចំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានដើម្បីចូលរួមគាំទ្រ និងជំរុញការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ កម្មវិធីកំណែទម្រង់ និងវិធានការនានា របស់រាជរដ្ឋាភិបាលឱ្យបានសកម្មផុលផុសតាមមូលដ្ឋាននានា សំដៅចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមឱ្យឈាន ឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ មូលដ្ឋានបន្តឈានឆ្ពោះទៅសម្រេចបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ជាប្រទេសមានចំណូលខ្ពស់៕