(កំពង់ឆ្នាំង)៖ ជណ្តើរត្រី គឺជាផ្លូវត្រីមួយដែលអាចឱ្យត្រីហែលឆ្លងកាត់ទៅផ្នែកខាងលើនៃទំនប់។ ជាក់ស្តែងក្រោមការស្រាវជ្រាវ និងផ្តល់មូលនិធិពីមជ្ឈមណ្ឌលអូស្ត្រាលី សម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) បានសាងសង់ជណ្តើរត្រីទី៣ នៅក្នុងប្រទេសកម្ពុជា ស្ថិតនៅស្ទឹងស្វាយចេក ឃុំចោងម៉ោង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។
ក្នុងឱកាសផ្តល់បទសម្ភាសដល់អ្នកសារព័ត៌មាន ក្រោយសម្ពោធដាក់ឱ្យប្រើប្រាស់ជណ្តើរត្រីស្ទឹងស្វាយចេក ដែលមាតម្លៃជិត ៤ម៉ឺនដុល្លារ នៅព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ ដោយមានការអញ្ជើញ ជាអធិបតីភាពពីសំណាក់លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា, លោក ឃុន សាវឿន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ជណ្តើរត្រីស្វាយចេក ដែលជាជណ្តើរត្រីទី៣ នឹងផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋរស់នៅអមសងខាងស្ទឹងនេះ តាមរយៈការបម្លាស់ទីរបស់ពូជត្រីគ្រប់ប្រភេទមករកកន្លែងពងកូន ដើម្បីបង្កើនចំនួនត្រីនៅក្នុងមូលដ្ឋានសម្រាប់ជាចំណីអាហារសម្បូរបែបជាដើម។
សម្រាប់លោក ពេជ កែវមុនី អភិបាលរងខេត្តកំពង់ឆ្នាំង បានចាត់ទុកជណ្តើរត្រីស្វាយចេក ដែលជាជំនួយរដ្ឋាភិបាលអូស្ត្រាលី គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់វិស័យជលផលលើទឹកដីខេត្តកំពង់ឆ្នាំង ហើយបានផ្តល់សារៈប្រយោជន៍ជាខ្លាំងសម្រាប់បង្កលក្ខណៈឱ្យត្រី, បង្កលក្ខណៈឱ្យត្រីអាចបន្តពូជ ព្រមទាំងបង្កលក្ខណៈឱ្យប្រជាពលរដ្ឋនៅក្នុងសហគមន៍ប្រកបមុខរបបនេសាទ អាចនេសាទត្រីបានកាន់តែច្រើន និងទទួលបានប្រភេទត្រីដ៏សម្បូរបែប សម្រាប់ទ្រទ្រង់ជីវភាពផងដែរ។
បើតាមលោក ឡាយ យឺ ជាជំទប់ទី១ ឃុំចោងម៉ោង បានបង្ហាក្តីរំពឹងថា នៅពេលមានជណ្តើរត្រីនៅក្នុងមូលដ្ឋានឃុំ នឹងធ្វើឱកាសដល់ត្រីអាចបម្លាស់ទីពីខាងក្រោមឡើងមកផ្ទៃស្ទឹងខាងបាន តាមរយៈជណ្តើរត្រី ដែលត្រូវបានសាងសង់ឡើងជាលក្ខណៈបច្ចេកទេស។
«សង្ឃឹមថា ទិន្នផលមច្ឆានឹងមានកំណើនឡើង ហើយប្រភេទត្រីឆ្លងកាត់ស្ទឹងស្វាយចេកនេះមានប្រមាណ១០០ប្រភេទ តាមនីតិវិធី នៅក្នុងរយៈចម្ងាយ១០០ម៉ែត្រ ពីជណ្តើរត្រី ទើបអនុញ្ញាតឱ្យប្រជាពលរដ្ឋនេសាទនោះទេ កាលនេះដើម្បីឱ្យត្រីគ្រប់ប្រភេទងាយស្រួលបម្លាស់ទី រកប្រភពពងកូន»។ លោក ឡាយ យឺ លើកឡើងបន្ថែម។
ជំទប់ទី១រូបនេះ បានថ្លែងថា នៅពេលថ្ងៃអនាគត ប្រភេទត្រីជាច្រើនប្រភេទនឹងកើនឡើងតាមរយៈការធ្វើជណ្តើរត្រី សម្រាប់បម្លាស់ទីរកកន្លែងពងកូន ជាពិសេសការយល់ដឹងកាន់តែច្រើនឡើងពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយរួមគ្នាបញ្ឈប់ប្រើប្រាស់ឧបករណ៍ឆក់ត្រីខុសច្បាប់ជាដើម ដោយងាកមកនេសាទស្របច្បាប់ជាដើម។
ដោយឡែកសម្រាប់លោកស្រី បែន យឺន បានថ្លែងថា បន្ទាប់បានស្តាប់ការពន្យល់ពីសារៈសំខាន់នៃជណ្តើរត្រីពីសំណាក់ក្រុមការងារជំនាញ រហូតទទួលបានសមិទ្ធផលជាក់ស្តែងនៅពេលនេះ អាចរំពឹងបានថា ជណ្តើរត្រីស្ទឹងស្វាយចេកនឹងកាន់តែសម្បូរត្រីបន្ថែមទៀត ពីព្រោះជណ្តើរនេះវាអាចឱ្យត្រីបម្លាស់ទីចេញបាននៅពេលអាជ្ញាធរបិទទំនប់ទឹកក្នុងរដូវទឹកជំនន់។
«ខ្ញុំរំពឹងថា ត្រីនៅតំបន់ខ្ញុំកើនទិន្នផល និងកាន់តែសម្បូរបែបទៀត […] សូមឱ្យប្រជាពលរដ្ឋគ្រប់តំបន់កុំបំផ្លាញពូជត្រី ជួយថែរក្សាគ្នា ធ្វើឱ្យត្រីកើតឡើងកាន់តែច្រើនប្រជាពលរដ្ឋទាំងអស់កាន់តែសម្បូរសប្បាយ»។ នេះជាការយល់ឃើញបន្ថែមរបស់លោកស្រី បែន យឺន។
លោកស្រី នៃ ចាន់ រស់នៅភូមិរអលង្កែរ ឃុំចោងម៉ោង បានបង្ហាញក្តីរំភើបនៅពេលទទួលបានសមិទ្ធផលជណ្តើរត្រី ដែលនឹងអាចប្រែក្លាយតំបន់ស្ទឹងស្វាយចេក កាន់តែសម្បូរប្រភេទត្រីផ្សេងៗទៀត សម្រាប់ជាចំណីអាហារជូនប្រជាពលរដ្ឋប្រចាំថ្ងៃ ព្រមទាំងអាចនាំទៅលក់ដើម្បីដោះស្រាយជីវភាព ក្រៅពីរបបកសិកម្មជាដើម។
លោកស្រីក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលអូស្ត្រាលី ក្រសួងកសិកម្ម រុក្ខាបប្រមាញ់ និងនេសាទ ព្រមទាំងស្ថាប័នពាក់ព័ន្ធដែលបានស្ថាបនាជណ្តើរត្រីនៅក្នុងមូលដ្ឋានរបស់ខ្លួន ដែលធ្វើឱ្យចំនួនត្រីនឹងកើនឡើងតាមរយៈជណ្តើរត្រីនេះជាដើម។ នេះជាលើកទី១ ហើយដែលគាត់ រួមជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន បានស្គាល់អ្វីដែលហៅថាជាជណ្តើរត្រី។ តាមរយៈជណ្តើរត្រីនេះនឹងធ្វើឱ្យតំបន់របស់លោកស្រីសម្បូរត្រីឱ្យកាន់ច្រើនបន្ថែមទៀត ជាពិសេសនឹងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រនៅក្នុងមូលដ្ឋាន។
ជណ្តើរត្រីនេះបានសាងសង់ឡើងដោយមានកិច្ចសហការរវាង សាកលវិទ្យាល័យអូស្ត្រាលី Charles Sturt (CSU) និងរដ្ឋបាលជលផល។ ជណ្តើរត្រីស្វាយចេក ផ្តល់ដំណោះស្រាយជាបច្ចេកទេសដើម្បីបង្កើតជម្រក និងផ្តល់បរិស្ថានល្អសម្រាប់ការលូតលាស់របស់ត្រីឡើងវិញ។ វាជួយផ្តល់ប្រាក់ចំណូលពីការធ្វើរបរនេសាទដល់ប្រជាជនប្រមាណ ១៩,០០០គ្រួសារ ក្នុងស្រុកទឹកផុស និងជួយអភិរក្សពូជត្រីក្នុងស្រុកជាង ១០០ប្រភេទ។
ជណ្ដើរត្រីស្វាយចេក ត្រូវបានសាងសង់នៅលើស្ទឹងស្វាយចេក ដែលមានប្រភពចេញពីភ្នំឱរ៉ាល់ ជាភ្នំដែលខ្ពស់ជាងគេក្នុងប្រទេសកម្ពុជា។ ស្ទឹងនេះបាន ផ្តល់ទឹកសម្រាប់ ការលូតលាស់របស់ត្រី និងការធ្វើកសិកម្មដាំដុះស្រូវ។ វាបានបំរើផលប្រយោជន៍ដល់ឃុំចំនួនប្រាំបួន មុននឹងហូរចូលទៅកាន់បឹងទន្លេសាប។ ជណ្តើរត្រីស្វាយចេកនេះ អាចជួយឱ្យត្រីធ្វើបម្លាស់ទីដោយសេរី តាមខ្សែទឹកខាងលើ និងខ្សែទឹកខាងក្រោមហើយអាចជួយឱ្យត្រីហែលឆ្លងកាត់ឧបសគ្គ ត្រង់ទំនប់គ្រប់គ្រងទឹកជំនន់ដើម្បីទៅកាន់ប្រភពអាហារ និងកន្លែងពងកូនរបស់វា ខណៈដែលប្រព័ន្ធធារាសាស្ត្រ នៅតែអាចស្រោចស្រពទឹកសម្រាប់ការធ្វើកសិកម្មដាំដុះស្រូវដដែល៕