(ក្រចេះ)៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានខេត្តក្រចេះ បានណែនាំឲ្យក្រុមការងាររាជរដ្ឋាភិបាលមូលដ្ឋានខេត្តក្រចេះ រួមជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ចាំបាច់ត្រូវយកចិត្តទុកដាក់ខ្ពស់ហើយត្រូវខិតខំដោះស្រាយឲ្យបានទាន់ពេលវេលាចំពោះបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង។
រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា អ្វីដែលសំខាន់ចំពោះមុខនារដូវវស្សានេះ ដែលរាជរដ្ឋាភិបាលគិតគូរ និងយកចិត្តទុកដាក់ខ្ពស់គឺធ្វើយ៉ាងដោះស្រាយបញ្ហាឲ្យបានទាន់ពេលវេលាជូនដល់បងប្អូនប្រជាពលរដ្ឋ រងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេង្គ តាមរយៈការផ្តល់នូវស្បៀវអាហារ និងសម្ភារប្រើប្រាស់ ហើយនៅពេលទឹកស្រកទៅវិញនេះ ក៏បានផ្តល់ពូជស្រូវ ប្រភេទOM -5451ដើម្បីឲ្យប្រជាកសិករមានលទ្ធភាពស្តារ ឡើងវិញ បន្ទាប់ពីទទួលរងការខូចខាតដោយសារគ្រោះមហន្តរាយទឹកជំនន់។
នេះជាប្រសាសន៍លើកឡើងរបស់លោក នេត្រ ភក្រ្តា ក្នុងឱកាសអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ និងចែកគ្រាប់ពូជស្រូវដល់បងប្អូនប្រជាពលរដ្ឋរងការខូចខាតដោយទឹកជំនន់ទឹក ភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ចំនួនពីរឃុំ គឺឃុំពង្រ និងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ នាវត្តពោធិរង្សី ភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង។
លោករដ្ឋមន្ត្រី នេត្រ ភក្រ្តា បានលើកឡើងនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជូនចំពោះបងប្អូន ប្រជាពលរដ្ឋនៅទូទាំងខេត្តក្រចេះ ក៏ដូចជានៅក្នុងស្រុកឆ្លូងទាំងមូល ហើយបានចូលរួមសោកស្តាយចំពោះការខូចខាតទ្រព្យសម្បត្តិ ផ្ទះសំបែងមួយចំនួនរបស់ប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ទឹកភ្លៀង និងជំនន់ទឹកទន្លេមេគង្គ ហើយខូចខាតផលដំណាំថែមទៀតផងដែរ។
ដោយមើលពីទុក្ខលំបាកនេះ ទើបប្រមុខរាជរដ្ឋាភិបាល បានជម្រុញដល់គ្រប់ផ្នែកពាក់ពន្ធ័ទាំងអស់ ចុះជួយអន្តរាគមន៍បន្ទាន់ដល់អ្នករងគ្រោះដោយគ្រោះធម្មជាតិ ដើម្បីសម្រួលដោះស្រាយការលំបាកចំពោះមុខ របស់បងប្អូនប្រជាពលរដ្ឋ។
ក្នុងឱកាសនេះដែរ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ បានផ្តាំផ្ញើដល់បងប្អូនដែលទទួល បានគ្រាប់ពូជស្រូវ ត្រូវយកទៅធ្វើការដាំដុះតាមការណែនាំរបស់មន្ទីរជំនាញកសិកម្ម ដើម្បីឲ្យការបង្កបង្កើនផលស្រូវ ទទួលបានទិន្នផលខ្ពស់ កាត់បន្ថយការចំណាយទុន ពិសេសគួរតែបងប្អូនប្រជាកសិករងាកមកប្រើប្រាស់ជីធម្មជាតិអោយបានច្រើន ជាងការប្រើប្រាស់ជីគីមី។
លោក វ៉ា ថន អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តក្រចេះ បានជម្រាបជូនថា ផលប៉ះពាល់ និងការខូចខាតផលដំណាំរបស់ប្រជាកសិករដោយជំនន់ទឹកភ្លៀង និងទឹកជំនន់ទន្លេមេគង្គអស់ចំនួន ៥៨៧២ហិចតា។
សម្រាប់ខេត្តក្រចេះ បានទទួលគ្រាប់ពូជស្រូវពីរាជរដ្ឋាភិបាលកម្ពុជា សរុបចំនួន ៦០៥តោន ៧០០គីឡូក្រាម សម្រាប់ចែកជូនប្រជាកសិកររងផលប៉ះពាល់ពីទឹកជំនន់ទន្លេមេគង្គ សរុប ៥ក្រុង ស្រុក ៣១ឃុំ ស្មើនឹង ១៥៧ភូមិ ចំនួនគ្រួសារ ៦.១១៩គ្រួសារ។
បន្ទាប់ពីលោកស្រី គង់ លឹមហួរ អភិបាលស្រុក និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយស្រុកឆ្លូង ខេត្តក្រចេះ ជម្រាបជូនពីផលប៉ះពាល់ និងការខូចខាតផលដំណាំរបស់បងប្អូនប្រជាកសិករក្នុងស្រុកឆ្លូង រួចមក លោកប្រធានមន្ទីរកសិកម្ម បានធ្វើការផ្ដល់ការណែនាំអំពីលក្ខណៈបច្ចេកទេសដល់បងប្អូនប្រជាកសិករ ដើម្បីធ្វើយ៉ាងណាឱ្យពួកគាត់អាចទាញបានសមិទ្ធផលជាអតិបរមាពីស្រូវពូជថ្មីដែលផ្ដល់ជូនឱ្យប្រជាកសិករ រងគ្រោះនាពេលនេះ។
ប្រជាកសិករដែលមកទទួលគ្រាប់ពូជស្រូវ នាឱកាសនេះមានចំនួនជាង៤០០គ្រួសារ នៅក្នុងឃុំពង្រ និងឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ដោយក្នុង១គ្រួសារទទួលបាន គ្រាប់ពូជស្រូវ ប្រភេទOM -5451 ១០០គីឡូក្រាម៕