(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាកិច្ចប្រជុំបូកសរុបលទ្ធផលការងាររយៈពេល៩ខែ និងទិសដៅអនុវត្តសម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ ក្រសួងការពារជាតិកម្ពុជា។

នាយឧត្តមសេនីយ៍ ឈុំ សុជាត រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការពារជាត បានឲ្យដឹងថា នៅក្នុងរយៈពេល៩ខែដើម ឆ្នាំ២០២៤ កងយោធពលខេមរភូមិន្ទ បានយកចិត្តទុកដាក់អនុវត្តយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងតួនាទីភារកិច្ចជាក់ស្តែងចំពោះមុខដោយសម្រេចបាននូវសមិទ្ធផលការងារធំៗគួរឱ្យកត់សម្គាល់។

រយៈពេល៩ខែមកនេះ កងយោធពលខេមរភូមិន្ទបាន ធ្វើល្បាតជាប្រចាំក្នុងភូមិសាស្ត្រទទួលខុសត្រូវសរុប ១៦,០១៩លើក (ព្រំដែនកម្ពុជា-ថៃ ៥,៧៩២លើក កម្ពុជា-វៀតណាម ៦,២០៩លើក កម្ពុជា-ឡាវ ៤,០១៨លើក) ដើម្បីតាមដានត្រួតពិនិត្យ គ្រប់គ្រងសភាពការណ៍ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន។ ជាក់ស្តែងករណីបទល្មើសឧក្រិដ្ឋ បទល្មើសមជ្ឈិមកើតឡើងចំនួន ២,៩៦៦លើក កងយោធពលខេមរភូមិន្ទ បានម្ចាស់ការបង្ក្រាបចំនួន ១,៧៩៧លើក។

កងយោធពលខេមរភូមិន្ទបានបន្តធ្វើការហ្វឹកហ្វឺនវត្តឆ្នាំចាស់និងអនុវត្ត ផែនការហ្វឹកហ្វឺនឆ្នាំ២០២៤ សរុប៣០៥វគ្គ ស្មើនឹង ២៤,៧៣៤នាក់ សិក្ខាកាមបញ្ជូនទៅសិក្សាក្រៅប្រទេសសរុប២,២៩២នាក់ ស្មើនឹង១៥ប្រទេស ក្នុងនោះបញ្ចប់ការសិក្សាត្រឡប់មកវិញចំនួន១៦៨នាក់។

កងទ័ពជើងគោក និងកងទ័ពជើងទឹក នៃកងយោធពលខេមរភូមិន្ទ សហការជាមួយ កងទ័ពរំដោះប្រជាជនចិន បានធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥ ក្រោមប្រធានបទ «ប្រតិបត្តិការប្រឆាំងអំពើភេរវកម្មរួមនិងការសង្គ្រោះមនុស្សធម៌» ដោយបានដំណើរការប្រកបដោយជោគជ័យ ទទួលបាននូវលទ្ធផលផ្លែផ្កា និងបទពិសោធន៍ថ្មីៗសម្រាប់អនុវត្តន៍ប្រកបដោយប្រសិទ្ធភាពនាពេលបច្ចុប្បន្ននិងពេលអនាគត។

សម្រាប់ការធ្វើកំណែទម្រង់កងយោធពលខេមរភូមិន្ទ ក្រសួងការពារជាតិបានបន្តធ្វើការកែសម្រួល និងផ្ទេរ ក្របខ័ណ្ឌមួយចំនួនស្របតាមការវិវឌ្ឍថ្មីៗរបស់កងយោធពលខេមរភូមិន្ទ ព្រមទាំងបានយកចិត្តទុកដាក់គ្រប់គ្រងពង្រឹង និងពង្រីកសមត្ថភាពយោធិនគ្រប់លំដាប់ថ្នាក់ និងកសាងប្រភពនាយទាហានបន្តវេនដែលប្រកបដោយគុណភាព។

ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ កងយោធពលខេមរភូមិន្ទ បានចូលរួមបង្ការបង្ក្រាប និងបន្សាបការញុះញង់ របស់ក្រុមអគតិជ្រុលនិយមនៅក្រៅប្រទេស ដែលប៉ុនប៉ងបង្កចលាចលផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ អូសទាញប្រទេសឱ្យធ្លាក់ក្នុងភាពវឹកវរ ហិង្សា បង្ហូរឈាម និងឈានទៅរកសង្គ្រាមស៊ីវិលសាជាថ្មី។

ចាប់ពីឆ្នាំ២០០៦-ឆ្នាំ២០២៤ កម្ពុជាបានបញ្ជូនកងកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិចំនួន ៩ ៨១៥នាក់ (នារី៨១៨នាក់) នៅ១០ប្រទេស (ស៊ូដង់ ស៊ូដង់ខាងត្បូង លីបង់ សាយប្រឹស ឆាដ ស៊ីរី ម៉ាលី អាហ្វ្រិកកណ្តាល យ៉េមែន និងកុងហ្គូ) លើជំនាញបោសសម្អាតមីន អាវុធហត្ថ មន្ទីរពេទ្យកម្រិត២ កម្ទេចគ្រាប់មិនទាន់ផ្ទុះ វិស្វកម្មព្រលានយន្តហោះ វិស្វកម្មសំណង់ផ្ដេក-បញ្ឈរ នាយទាហានសេនាធិការ និងនាយទាហានសង្កេតការណ៍។ បច្ចុប្បន្នកម្លាំងកងយោធពលខេមរភូមិន្ទ ដែលកំពុងបំពេញបេសកកម្មក្រោមឆត្រអង្គការសហប្រជាជាតិចំនួន៦២៧នាក់ (នារី១៣១នាក់) នៅ៦ប្រទេស និង៦ បេសកកម្ម។

៩ខែ​មកនេះ គណៈប្រតិភូ និងនាយទាហាននៃកងយោធពលខេមរភូមិន្ទ បានចូលរួមប្រជុំ សិក្ខាសាលា និងបំពេញការងារផ្សេងៗ នៅក្រៅប្រទេសមាន៣៣/៣០ប្រទេស។ ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អញ្ជើញដឹកនាំគណៈប្រតិភូទៅចូលរួម៖ ១-ជំនួបប្រាស្រ័យមិត្តភាពបីប្រទេស កម្ពុជា-ឡាវ-វៀតណាម នៅប្រទេសវៀតណាម ២-កិច្ចប្រជុំចង្អៀត រដ្ឋមន្ត្រីការពារជាតិអាស៊ាន នៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ៣-កិច្ចប្រជុំកំពូលសន្តិសុខ អាស៊ីលើកទី២១៖ កិច្ចសន្ទនាសាំងហ្គ្រីឡា នៅប្រទេសសិង្ហបុរី ៤-វេទិកាប៉េកាំងសៀងសានលើកទី១១ នៅសាធារណរដ្ឋប្រជាមានិតចិន។

បើតាម នាយឧត្តមសេនីយ៍ អ្នកនាំពាក្យក្រសួងការពារជាតិ, សម្រាប់ត្រីមាសទី៤ ឆ្នាំ២០២៤ អនុវត្តតាមកម្មវិធីនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា និងភារកិច្ចជាក់ស្តែងចំពោះមុខ ក្រសួងការពារជាតិ នឹងបន្តចូលរួមអនុវត្តកម្មវិធីនយោបាយដែលបានដាក់ចេញ។ កងយោធពលខេមរភូមិន្ទនឹងបន្តកសាងពង្រឹងកិច្ចការពារជាតិ និងទប់ស្កាត់បង្ការបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៅតាមតំបន់ព្រំដែន ព្រមទាំងបន្តចូលរួមពង្រឹងសន្តិសុខសុវត្ថិភាពរបៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណៈនៃព្រះរាជាណាចក្រកម្ពុជាផងដែរ៕