(ភ្នំពេញ)៖ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ញើសារចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំបំផុត និងសោកស្ដាយជាពន់ពេកជាមួយ លោកជំទាវ កែវ ស្រីពេជ្រ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ដែលបានទទួលមរណភាព កាលពីថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៨ម៉០០នាទី ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ។

ក្នុងសារលិខិតរំលែកទុក្ខនោះមានខ្លឹមសារថា៖ «ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមាន សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ គង់ប្រថាប់ជាព្រះប្រធានកិត្តិយស ខ្ញុំផ្ទាល់ និងសហការីទាំងអស់ នៃកាកបាទក្រហមកម្ពុជា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ចំពោះមរណភាព នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាពបោសសម្អាតមីន និងកាកសំណល់សង្គ្រាម កាលពីថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង ១៨ម៉០០នាទី ក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ»។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានគូសបញ្ជាក់ថា៖ «មរណភាពរបស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី គឺជាកាបាត់បង់ឧត្តមស្វាមី ឪពុក ឪពុកក្មេក ជីតា និងញាតិមិត្តមួយរូប ដែលមានព្រហ្មវិហារធម៌ ចរិយាធម៌ និងគុណធម៌ដ៏ល្អប្រពៃ ដោយក្តីសោកស្តាយអាឡោះអាល័យជាទីបំផុត និងពុំអាចរកអ្វីមកប្រៀបផ្ទឹមបានឡើយ។ ការលាចាករបស់ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏ជាការបាត់បង់នាយទាហានដែលមានឆន្ទៈម៉ោះមុត អង់អាចក្លាហាន និងជាឥស្សរជនដ៏ឆ្នើមនៃកងយោធពលខេមរភូមិន្ទមួយរូប បានចូលរួមធ្វើពលិកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុលើកស្ទួយកិត្យានុភាពជាតិលើឆាកអន្តរជាតិ ជារៀងរហូតមក»

ក្នុងសមានទុក្ខដ៏ក្តុកក្តួលបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី សូមបានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕