(ភ្នំពេញ)៖ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអនុញ្ញាតឱ្យលោក វ៉ាង វិនពីន (Wang Wenbin) ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

នៅក្នុងជំនួបពិភាក្សាការងារ ដែលបានធ្វើឡើងនាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកអគ្គបណ្ឌិតសភាចារ្យ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរជូនចំពោះលោក វ៉ាង វិនពីន ក្នុងឱកាសដែលលោកត្រូវបានរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន តែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងសូមអបអរសាទរខួប​អនុស្សាវរីយ៍ លើកទី៧៥ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងខួបអនុស្សាវរីយ៍លើកទី៦៦ នៃទំនាក់ទំនងការទូតជាផ្លូវការ រវាងកម្ពុជា-ចិន ។

លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ក៏បានរំលេចអំពីទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ ដែលមានជាយូរលង់មកហើយ និងជាមិត្តដែកថែប ហើយកិច្ចសហប្រតិបត្តិការ​ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន កាន់តែរីកធំធាត់ឡើង ពោលគឺពីកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ មកជាសហគមន៍វាសនារួមកម្ពុជា-ចិន និងបច្ចុប្បន្នបានលើកកម្រិតដល់កិច្ច​សហប្រតិបត្តិការ​ត្បូងពេជ្រ និងការកសាងសហគមន៍​វាសនារួមក្នុងយុគសម័យថ្មី ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ ។

នាឱកាសនោះលោកឯកអគ្គរដ្ឋទូត វ៉ាង វិនពីន ក៏បានសម្តែងនូវអំណរគុណចំពោះលោកអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្រ្តី ដែលបានឆ្លៀតពេលវេលាដ៏មមាញឹកអនុញ្ញាតឱ្យលោកឯកអគ្គរដ្ឋទូត ចូលជួបសម្តែងការគួរសម និងបានបញ្ជាក់ថា លោកពិតជាមានកិត្តិយសណាស់ដែលមានឱកាសមកបំពេញតួនាទីដ៏ធំធេង ដើម្បីបន្តពង្រឹង និងពង្រីកទំនាក់ទំនងដ៏ល្អដែលបានពូនជ្រុំដោយថ្នាក់ដឹកនាំ​ប្រទេសទាំងពីរ កម្ពុជា-ចិន ឱ្យសម្រេចសមិទ្ធិផលជាផ្លែផ្កាកាន់តែច្រើនបន្ថែមទៀត ។

ឆ្នាំ២០២៤នេះ ជាឆ្នាំពិសេសមួយដែលថ្នាក់ដឹកនាំនៃប្រទេសទាំងពីរកំណត់យកជាឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន, លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន បានថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលប្រទេសទាំងពីរបានធ្វើសកម្មភាពជាច្រើនរួមគ្នាកន្លងមក។ មិត្តចិន តែងតែបានផ្តល់អាទិភាពខ្ពស់យកចិត្តទុកដាក់ជំរុញ​កិច្ចសហប្រតិបត្តិការ រួមចំណែកអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា រួមមាន ស្ពាន ផ្លូវ, ប្រព័ន្ធធារាសាស្ត្រ, អគ្គិសនី និងវិស័យសំខាន់ៗផ្សេងទៀត ។

ជាក់ស្តែងការផ្តល់ជំនួយឧបត្ថម្ភរបស់មិត្តចិន និងការផ្តល់វ៉ាក់សាំងក្នុងកាលៈទេសៈដ៏លំបាកនៃវិបត្តិជំងឺកូវីដ-១៩ បានដើរតួជាបង្អែកយុទ្ធសាស្ត្ររបស់កម្ពុជា ដែលអនុញ្ញាតឱ្យកម្ពុជា បង្កើតបាននូវភាពស៊ាំ​សហគមន៍រឹងមាំ និងបើកប្រទេស ព្រមទាំងស្តារសេដ្ឋកិច្ចឡើងវិញយ៉ាងឆាប់ និងមុនគេនៅក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់។ ជំនួយរបស់មិត្តចិន គឺឆ្លើយតបនឹងតម្រូវការជាក់ស្តែងរបស់កម្ពុជា និងទាន់ពេលវេលា ដូចដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា តែងលើកឡើង គឺមិនត្រឹមតែរួមចំណែកខ្ពស់ដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាប៉ុណ្ណោះទេ ថែមទាំងជាការចូលរួមចំណែកយ៉ាងសំខាន់ដល់ការការពារឯករាជ្យ និងអធិបតេយ្យរបស់កម្ពុជាផងដែរ ។

ដោយប្រទេសទាំងពីរ កម្ពុជា-ចិន មានចក្ខុវិស័យស្រដៀងគ្នា និងរួមគ្នាកសាងសហគន៍វាសនារួម ដែលជាគំរូដ៏ល្អមួយសម្រាប់ប្រទេសក្នុងតំបន់ និងនៅលើសកលលោក, ភាគីទាំងពីរ ក៏បានពិភាក្សា​អំពីកិច្ចសហប្រតិបត្តិការទ្វេភាគីជាច្រើនផ្សេងទៀតដូចជា ការជួយសម្របសម្រួលរបស់ភាគីមិត្តចិន ដើម្បីកម្ពុជាអាចទទួលបាននូវហិរញ្ញប្បទានសហប្រតិបត្តិការជាបន្តបន្ទាប់ទៀត សម្រាប់បន្ត​រួមចំណែក​ដល់ការអភិវឌ្ឍហេដ្ឋា-រចនាសម្ព័ន្ធសាធារណៈនៅកម្ពុជា, ការជំរុញវិនិយោគពីវិស័យឯកជន, ការជំរុញកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ, ក៏ដូចជា ការទាក់ទាញទេសចរណ៍ចិន មកទស្សនកិច្ចនៅកម្ពុជា​ ឲ្យកាន់តែមានចំនួនច្រើនឡើងវិញដូចកាលពីមុនការរាតត្បាតនៃជំងឺកូវីដ ១៩ ជាដើម ។

ជាមួយនឹងការសង្ឃឹមខ្ពស់ថា នឹងមានភ្ញៀវទេសចរចិនមកទស្សនាកម្ពុជាកាន់តែច្រើន, ភាគីទាំងពីរបានសន្យា នឹងបន្តសហការជិតស្និទ្ធជាមួយគ្នា ដើម្បីសម្រេចបានសមិទ្ធិផលជាផ្លែផ្កា​ច្រើនទៀត ​ដើម្បីប្រជាជន និងប្រទេសទាំងពីរផងដែរ៕