(ភ្នំពេញ)៖ លោក លីវ គឹមហេង អនុរដ្ឋលេខាធិការក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងលោកស្រី ង៉ែត ម៉ូវីទ្បែន អគ្គនាយកនៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា ស្តីពី “សវនកម្មសមិទ្ធកម្ម” ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រី នៃនាយកដ្ឋានសវនកម្មផ្ទៃក្នុង នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) ព្រមទាំងវាគ្មិនមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបប្រមាណ ៣៥នាក់ នៅទីស្តីការ ក.ប.ទ.។
សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ពង្រឹងសមត្ថភាពមន្រ្តីសវនកម្មផ្ទៃក្នុងត្រៀមខ្លួន ចូលរួមអនុវត្តការធ្វើសវនកម្មសមិទ្ធកម្ម សម្រាប់ផ្តល់តម្លៃបន្ថែមដល់សវនដ្ឋាន (អង្គភាពរងសវនកម្ម) ស្របពេលដែលកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៤ នឹងឈានទៅអនុវត្តថវិកាព័ត៌មានសមិទ្ធកម្ម នាពេលខាងមុខ៕