(កំពង់ចាម)៖ រសៀលថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ ក្រោមការគាំទ្រយ៉ាងពេញទំហឹងពីស្ថានទូតចិនប្រចាំកម្ពុជា សមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានរៀបចំបាឋកថាស្តីពី «គំនិតផ្តួចផ្តើមអរិយធម៌៖ កម្លាំងជំរុញឆ្ពោះទៅមុខ នូវស្មារតីនៃផ្លូវសូត្រ» ជូនដល់សាមណនិស្សិតនិងនិស្សិតចំនួន២០០អង្គ/នាក់នៅពុទ្ធិកសាកលវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន។

លោកបណ្ឌិត ជា មុនីឫទ្ធិ បានបញ្ជាក់ថា គំនិតផ្តួចផ្តើមអរិយធម៌សកល ដែលបានផ្តួចផ្តើមឡើងដោយ លោក Xi Jinping ប្រធានរដ្ឋចិន គឺជាប្រាជ្ញាចិនដែលបានជួយដល់ ពិភពលោកទាំងមូលរួមគ្នាថែរក្សាសន្តិភាព ការអភិវឌ្ឍ សមធម៌ យុត្តិធម៌ លទ្ធិប្រជាធិបតេយ្យ និងសេរីភាព។

អរិយធម៌សកលបានលើកទឹកចិត្តដល់បណ្តាប្រទេសនានា ត្រូវរក្សាចិត្តបើកចំហក្នុងការឱ្យតម្លៃចំពោះការយល់ឃើញ នៃតម្លៃដោយអរិយធម៌ផ្សេងៗគ្នា ហើយបង្ហាញពីចក្ខុវិស័យច្បាស់ លាស់របស់ប្រទេសចិន និងការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការកសាងសហគមន៍មួយដែលមានអនាគតរួមគ្នាសម្រាប់មនុស្សជាតិ។ គំនិតផ្តួចផ្តើមអរិយធម៌សកល ជា«ការគោរពចំពោះភាពចម្រុះនៃអរិយធម៌» «តម្លៃរួមរបស់មនុស្សជាតិ» «សារៈសំខាន់នៃមរតក និងនវានុវត្តភាពនៃអរិយធម៌» និង «ប្រជាជនអន្តរជាតិដ៏រឹងមាំ ការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការ រវាងប្រជាជននិងប្រជាជន» ដែលជាគន្លឹះនៃ «ការបើកឱកាសថ្មីនៃការផ្លាស់ប្តូរ និងការយោគយល់គ្នារវាងប្រជាជនផ្សេងៗគ្នា និងអន្តរកម្មកាន់តែប្រសើរឡើង និងការរួមបញ្ចូល នៃវប្បធម៌ចម្រុះ»។

ប្រទេសចិនត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយថា ជាតំណាងនៃគំនិតផ្តួចផ្តើមអរិយធម៌សកល ដោយបានប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមក ក៏ដូចជាការលើកកម្ពស់ការអភិវឌ្ឍនៃអរិយធម៌នានា។ ក្រោយពីបានស្តាប់អង្គបាឋកថានេះ ព្រះសោមវេទី បណ្ឌិត អ៊ឹម សុភក្តិ ព្រះសាកលវិទ្យាធិការនៃពុទ្ធិកសាកលវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានមានសង្ឃដីការថា មោទកភាព និង ការរើសអើង គឺជាឧបសគ្គដ៏ធំបំផុតពីរ ចំពោះការផ្លាស់ប្តូរ និងការរៀនសូត្រគ្នាទៅវិញទៅមកក្នុងចំណោមអរិយធម៌។ ប្រាជ្ញាចិនបាននិងកំពុង លើកទឹកចិត្តដល់ប្រទេសទាំងអស់ចែករំលែកអនាគតរួមគ្នា ដោយប្រកៀកស្មាគ្នាដើរតាមមាគ៌ាប្រកបដោយ និរន្តរភាពឆ្ពោះទៅរកវឌ្ឍនភាពពិភពលោក។

ព្រះសាកលវិទ្យាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះកំណែទម្រង់ ក្នុងការធ្វើទំនើបកម្មសង្គមនិយមតាមបែបផែនចិន ដោយឈរយ៉ាងរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនក្នុងដំណើការទាំងមូល។ គួរបញ្ជាក់ផងថា តាមរយៈបាឋកថានេះ អង្គពិធីទាំងមូលមិនត្រឹមយល់កាន់តែស៊ីជម្រៅ ពីគំនិតផ្តួចផ្តើមអរិយធម៌សកលប៉ុណ្ណោះទេ ថែមទាំងបានទទួលនូវពុទ្ធិពី សមិទ្ធផលដ៏មហិមារបស់ប្រទេសចិនក្នុងរយៈពេល៧៥ឆ្នាំនេះ ជាមួយនិងលទ្ធផលនៃកិច្ចប្រជុំពេញអង្គលើកទី៣អាណត្តិ ទី២០នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនថែមទៀតផង។

អង្គពិធីទាំងមូលក៏បានឈ្វេងយល់ពីកាលានុវត្តភាព នៃការរីកចម្រើនរបស់ពិភពលោកដែលទទួលបានពីវឌ្ឍនភាព នៃសេដ្ឋកិច្ចរបស់ប្រទេសចិន ដែលជាពិសេសរយៈពេល៤៦ឆ្នាំ នៃគោលនយោបាយកែទម្រង់ និងបើកទូលាយរបស់ប្រទេសចិន។ អង្គពិធីទាំងមូលក៏យល់ស្របគ្នាថា ក្នុងនាមជាមិត្តដែកថែប ប្រទេសយើងទាំងពីរ កម្ពុជានិងចិនក្នុងយុគសម័យថ្មីនេះ បាននិងកំពុងសរសេរទំព័រថ្មីនៃកិច្ចកសាង សហគមន៍ជោគវាសនារួមនៃមនុស្សជាតិ៕

វិទ្យុមិត្តភាពកម្ពុជាចិន