(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា​ បានបង្ហាញការព្រួយបារម្ភ និងស្នើឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ចំពោះការចាញ់បោកពីការខ្ចីកម្ចីក្រៅផ្លូវការ និងការវិនិយោគទទួលបានការប្រាក់ខ្ពស់ហួសហេតុ ស្របពេលសេដ្ឋកិច្ចមិនសូវល្អ។

លោកស្រី ជា សិរី ​ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពវិស័យធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា» នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

លោកស្រីបានលើកឡើងថា ការផ្សព្វផ្សាយការផ្តល់ឥណទានក្រៅផ្លូវការ បានកើតឡើងច្រើន តាមបណ្តាញសង្គម និងការបិទប្រកាសលេខទូរសព្ទ តាមដើមឈើក្នុងទីសាធារណៈ ហើយគ្មានទីតាំងច្បាស់ជាដើម។ ជាមួយគ្នានេះ ការផ្សព្វផ្សាយពីការសន្យាដាក់លុយ ទទួលបានការប្រាក់ហួសហេតុ ដូចជា​ វិនិយោគ៣០០ដុល្លារ និងទទួលបាន ១៨០០ដុល្លារ ​បន្ទាប់ពី២៤ម៉ោង, វិនិយោគ ៥០០ដុល្លារ នឹងទទួលបាន ៣៥០០ដុល្លារ បន្ទាប់ពី២៤ម៉ោង, វិនិយោគ ១០០០ដុល្លារ នឹងទទួលបាន ៨៥០០ដុល្លារ បន្ទាប់ពី២៤ម៉ោង​ ក៏មានច្រើនផងដែរ។

លោកស្រីបានអំពាវនាវឱ្យប្រជាជនមានការប្រយ័ត្ន ព្រោះអ្វីដែលងាយពេក និងស្រួលពេក គួរពិចារណាឡើងវិញ ហើយប្រសិនបើត្រូវការកម្ចី សូមឱ្យខ្ចីនៅក្នុងប្រព័ន្ធធនាគារ និងមីក្រូហិរញ្ញវត្ថុ ដែលមានអាជ្ញាប័ណ្ណពីធនាគារជាតិនៃកម្ពុជា។

លោកស្រីបានលើកឡើងថា​ ក្នុងអំឡុងពេលដែលប្រជាពលរដ្ឋមានវិបត្តិហិរញ្ញវត្ថុ មានអ្នកឆ្លៀតឱកាសច្រើន ព្រោះនៅពេលដែលគាត់មកស្នើសុំកម្ចីផ្លូវការ នៅតាមបណ្តាគ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុមិនបាន ប្រជាពលរដ្ឋអាចនឹងងាកទៅខ្ចីក្រៅការ ដែលមានភាពងាយស្រួល ក្នុងការទទួលបានកម្ចី។

លោកស្រី ឌិត នីតា ​ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានលើកឡើងថា នេះជាក្តីបារម្ភមួយ ហេតុដូច្នេះហើយ បានជាសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានរៀបចំយុទ្ធនាការផ្សព្វផ្សាយ ចំណេះដឹងហិរញ្ញវត្ថុ ដើម្បីប្រជាជន មានចំណេះដឹងគ្រប់គ្រាន់ នៅក្នុងការគ្រប់គ្រងទាំងបំណុល និងការវិនិយោគរបស់គាត់​៕