(ភ្នំពេញ)៖ ព្រឹត្តិការណ៍មួយ មានឈ្មោះថា «ស្នាមញញឹមនៃកម្ពុជា លើកទី២» ដោយបង្ហាញពី «ភាពអស្ចារ្យនៃអាណាចក្រខ្មែរសម័យអង្គរ» នឹងរៀបចំឡើងនាថ្ងៃទី២៩-៣០ ខែតុលា ឆ្នាំ២០២៤ ដែលនាំមកនូវផ្ទាំងទស្សនីយភាពយ៉ាងអស្ចារ្យរំលេចនូវវប្បធម៌ដ៏យូរលង់ អរិយធម៌ដ៏ចំណាស់ ព្រមទាំងមានការដង្ហែក្បួនទ័ព ពីក្រុមនាថការី ក្រុមសិល្បៈល្បីៗជាង ៥០០នាក់ នៅខាងក្នុងប្រាសាទអង្គរ។

លើសពីនោះ ក៏មានការតាំងពិព័រណ៍ម្ហូប សំលៀកបំពាក់ខ្មែរ រួមទាំងវត្ថុអនុស្សាវរីយ៍ស្នាដៃកូនខ្មែរថែមទៀតផង។ នេះបើតាមការជូនដំណឹង របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។

បើតាមក្រសួងវប្បធម៌ ព្រឹត្តិការណ៍នេះ មានរបៀបវារៈដូចជា៖

* ការតាំងពិព័រណ៍ម្ហូបអាហារ និងវត្ថុអនុស្សាវរីយ៍ស្នាដៃសិល្បៈខ្មែរ
* ការកម្សាន្តជាមួយនឹងសិល្បៈ ចម្រៀងចម្រុះ ល្បែងប្រជាប្រិយ របាំប្រពៃណីខ្មែរ ការប្រកួតទីងមោង
* ពិធីដង្ហែក្បួនព្រះមហាក្សត្រខ្មែរ នាសម័យអាណាចក្រអង្គរ (នៅក្នុងបរិវេណប្រាសាទអង្គរតូច)៕

ចំពោះភ្ញៀវជាតិ ដែលស្លៀកសំលៀកបំពាក់ប្រពៃណីខ្មែរ និងភ្ញៀវទេសចរបរទេស ដែលចូលរួម នឹងទទួលបានការពិសាអាហារ និងភេសជ្ជៈដោយឥតគិតថ្លៃ៕