(កំពង់ឆ្នាំង)៖ ជណ្តើរត្រីស្វាយចេក ជាជណ្តើរត្រីទី៣ មានតម្លៃជិត៤ ម៉ឺនដុល្លារ ដែលទទួលបានមូលនិធិគាំទ្រសាងសង់ពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR) និងក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី (DFAT) ក្រោមកម្មវិធីភាពជាដៃគូមេគង្គ-អូស្ត្រាលី ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ថិតទីតាំងក្នុងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ពិធីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៤នេះ ក្រោមអធិបតីភាពលោក ឃុន សាវឿន រដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, លោក ដេរិក យីប ឯកអគ្គរដ្ឋទូតអូស្ត្រាលី ប្រចាំកម្ពុជា រួមជាមួយថ្នាក់ដឹកនាំក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរខេត្តកំពង់ឆ្នាំង ដោយមានចូលរួមពីសំណាក់ប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។

ជណ្តើរត្រីនេះបានសាងសង់ឡើងដោយមានកិច្ចសហការរវាង សាកលវិទ្យាល័យអូស្ត្រាលី Charles Sturt (CSU) និងរដ្ឋបាលជលផល។ ជណ្តើរត្រីស្វាយចេក ផ្តល់ដំណោះស្រាយជាបច្ចេកទេសដើម្បីបង្កើតជម្រក និងផ្តល់បរិស្ថានល្អសម្រាប់ការលូតលាស់របស់ត្រីឡើងវិញ។ វាជួយផ្តល់ប្រាក់ចំណូលពីការធ្វើរបរនេសាទដល់ប្រជាជនប្រមាណ ១៩,០០០គ្រួសារ ក្នុងស្រុកទឹកផុស និងជួយអភិរក្សពូជត្រីក្នុងស្រុកជាង ១០០ប្រភេទ។

នាឱកាសសម្ពោធនេះដែរ ឯកអគ្គរដ្ឋទូត ដេរិក យីប បានថ្លែងថា៖ «កិច្ចសហការស្រាវជ្រាវបែបវិទ្យាសាស្ត្ររបស់ ACIAR និងសាកលវិទ្យាល័យ Charles Sturt ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាដៃគូអភិវឌ្ឍន៍ បានពង្រឹងសមត្ថភាព និងការស្រាវជ្រាវក្នុង តំបន់។ ការទទួលបានព័តមានច្បាស់លាស់ជួយដល់ស្ថាប័នពាក់ព័ន្ធនានា ក្នុងការទាញយកព័តមានទាំងនោះមកធ្វើការសម្រេចចិត្តបានយ៉ាងត្រឹមត្រូវ ដើម្បីធានាលទ្ធផលជាវិជ្ជមានរយៈពេលយូរអង្វែង សម្រាប់កិច្ចការងារគ្រប់គ្រងពូជត្រីក្នុងស្រុកទឹក និងសេដ្ឋកិច្ច»

ជណ្តើរត្រីស្វាយចេក ត្រូវបានសាងសង់ឡើងដោយផ្អែកលើទិន្នន័យពីកម្មវិធីស្រាវជ្រាវអស់ រយៈពេលពីរទសវត្សរ៍ស្តីពីផ្លូវត្រីក្នុងទន្លេមេគង្គ ដែលត្រូវបានកែសម្រួលអោយសមស្របទៅនឹងសមត្ថភាពបម្លាស់ទីរបស់ត្រីក្នុងតំបន់ផ្សេងៗគ្នា។ វានឹងក្លាយជាទីតាំងគំរូមួយ ដើម្បីចែករំលែកព័តមាន និងផ្តល់ការណែនាំស្តីពីការសាងសង់ជណ្តើរត្រី ដល់ទីតាំងផ្សេងៗទៀតក្នុងប្រទេសកម្ពុជា។

បើតាមលោកស្រីសាស្ត្រាចារ្យ Wendy Umberger នាយកប្រតិបត្តិ ACIAR បានលើកឡើងថា៖ «ការសាងសង់ជណ្តើរត្រីស្វាយចេក នឹងជួយការពារជីវចម្រុះរបស់ត្រី  ការពារសន្តិសុខស្បៀង និងជីវភាពរបស់ប្រជាជនរាប់ពាន់គ្រួសារដែលរស់នៅតាមទីជនបទ ហើយសំណង់ជណ្តើរត្រីថ្មីនេះក៏នឹងផ្តល់ជាចំណេះដឹងដ៏មានតម្លៃមួយ សម្រាប់ប្រទេសកម្ពុជា ប្រទេសម្ចាស់ជំនួយ អ្នកវិនិយោគ និងស្ថាប័នផ្នែកធារាសាស្ត្រ ដើម្បីធ្វើការសម្រេចចិត្ត ថាតើគួរត្រូវបញ្ចូលបច្ចេកវិទ្យា ជណ្តើរត្រីនេះ ទៅក្នុងគម្រោងអភិវឌ្ឍន៍របស់ពួកគេដែរ ឬទេ»

លោកស្រីសាស្ត្រាចារ្យ Wendy Umberger ក៏បានបន្ថែមថា៖ «ជណ្តើរត្រីស្វាយចេក ដែលបានសាងសង់ឡើងប្រកបដោយភាពច្នៃប្រឌិតនេះ បានបង្ហាញអោយយើងឃើញថា ការសាងសង់ជណ្តើរត្រី ពិតជាអាចសាងសង់រួមបញ្ចូលជាមួយគម្រោងអភិវឌ្ឍន៍ ធារាសាស្ត្រប្រកបដោយប្រសិទ្ធភាពពិតប្រាកដមែន។ ជាគំរូមួយសម្រាប់ប្រទេសដទៃទៀត ដើម្បីសិក្សាពីកម្ពុជា។ ម៉្យាងទៀត ជណ្តើរត្រីស្វាយចេកនេះ ក៏អាចប្រើជាគំរូសម្រាប់ការសិក្សា វាតម្លៃស្តីពីផលចំណេញ និងថ្លៃចំណាយនៅពេលដែលយើងចង់រាប់បញ្ចូលការសាងសង់ជណ្តើរត្រី ទៅក្នុងគម្រោងស្រដៀងគ្នាបែបនេះ»

ក្នុងថ្ងៃបើកសម្ភោធជណ្តើរត្រីស្វាយចេក, លោក ឃុន សាវឿន បានសង្កត់ធ្ងន់លើសារៈសំខាន់នៃការបរិភោគសាច់ត្រីសម្រាប់ការលូតលាស់របស់កុមារ និងស្ត្រីតាមសហគមន៍ជនបទក្នុងប្រទេសកម្ពុជា។