(យូអិន)៖ ការបោះឆ្នោតដោយសម្ងាត់នៅក្នុងក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិលើកទី៦ បានចាប់ផ្តើមហើយនៅថ្ងៃពុធនេះ ដោយអតីតប្រធានាធិបតីពរទុយហ្គាល់លោក Antonio Guterres កំពុងរង់ចាំចម្លើយពីសមាជិកអចិន្ត្រៃយ៍ទាំង ០៥ របស់ស្ថាប័នគ្រប់គ្រងអំណាចប្រតិបត្តិការរបស់ UN នេះ ថាតើលោកសក្តិសមជា អ្នកជំនួសលោក បាន គីមូន ដែរឬមួយក៏អត់។ នេះបើតាមការចេញផ្សាយ ដោយ Channel News Asia នៅមុននេះបន្តិច នារសៀលថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦។
សម្រាប់លោក Antonio Guterres បានក្លាយជាបេក្ខជននាំមុខទាំង ៥រូប ដែលបានទទួលការបោះឆ្នោត ជ្រើសរើសកាលពីខែកក្កដា កន្លងទៅនេះ។ សមាជិកទាំង ១៥ប្រទេសរបស់ក្រុមប្រឹក្សាសន្តិសុខ បានប្តេជ្ញាថា ពួកគេនឹងមូលមតិគ្នាឲ្យបាន ចំពោះការស្វែងរកមនុស្សមកជំនួសតំណែងលោក បាន គីមូន ជនជាតិកូរ៉េខាងត្បូង ដែលនឹងត្រូវផុតអណត្តិដឹកនាំចំនួនពីរអណត្តិស្មើនឹង ១០ឆ្នាំ នៅចុងឆ្នាំ២០១៦។
គួរបញ្ជាក់ថា ពីដំបូងឡើយលោកស្រី Kristalina Georgieva មន្ត្រីនៃគណកម្មការអឺរ៉ុប ជនជាតិប៊ុលការី បានទាក់ទាញចំណាប់អារម្មណ៍គ្រប់គ្នា ថាលោកស្រីសក្តិសមសម្រាប់តំណែងជាប្រធាន UN ថ្មី ក៏ប៉ុន្តែមន្ត្រីតំណាងប្រទេសមួយចំនួននៅ UN បានអះអាងថា លោកស្រីមានអាយុ ៧១ឆ្នាំទៅហើយ ដែលវាពិបាកណាស់ក្នុងការឲ្យលោកស្រី មកកាន់តំណែងដ៏មមាញឹកបំផុតនេះ។
ដោយឡែកសម្រាប់ លោក Guterres វិញ គឺមានវ័យក្មេងជាង ហើយពេលនេះលោកកំពុងរង់ចាំចម្លើយ ពីក្រុមប្រឹក្សាសន្តិសុខ។ បើមានសមាជិកអចិន្ត្រៃយ៍ណាមួយ ក្នុងចំណោមប្រាំជំទាស់ (Veto) នោះលោកនឹងធ្លាក់ចេញពីសង្វៀនហើយ៕