(កំពង់ចាម)៖ ឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី បានទទួលបដិសណ្ឋារកិច្ច ជាមួយក្រុមពាណិជ្ជករមកពីប្រទេសចិន ថៃ សិង្ហបុរី ម៉ាឡេស៊ី និងកម្ពុជា ដើម្បី ពិភាក្សាការងារវិនិយោគ លើវិស័យកសិកម្ម។

ពិធីឡើងនៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ នៅស្នាក់ការសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគិរី ក្នុងក្រុងកំពង់ចាម ក្រោមអធិបតីភាព លោក ហេង វណ្ណី អភិបាលរងខេត្តកំពង់ចាម និងចូលរួមដោយ លោក កាតំម សូណាវណ្ណ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម ព្រមទាំងសមាជិក សមាជិកាសភាពាណិ្ជកម្ម ជាច្រើនរូបទៀត។

ក្នុងឱកាសនោះ លោកឧកញ៉ា ហួត ឈឿន ប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តកំពង់ចាម-មណ្ឌលគីរី បានដឹកនាំកិច្ចពិភាក្សាប្រកបទៅដោយរលូន និងទទួលលទ្ធផលជាផ្លែផ្កាគួរឲ្យកត់សំគាល់ ដោយភាគី ទាំងពីរ យល់ព្រមចុះកិច្ច ព្រមព្រៀង អនុស្សរណ:នៃការយោគយល់ (MOU) ជាមួយគ្នា។

ចំពោះគោលបំណង់នៃការចុះ MOU នោះ គឺដើម្បីបង្កើតនូវកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរ រួមគ្នាអភិវឌ្ឍ និងអនុវត្តគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងកសិកម្ម ក្នុងខេត្តកំពង់ចាម-មណ្ឌលគិរី។ កិច្ចភាក្សានេះ វិនិយោគិនបរទេស ផ្តោតសំខាន់លើការទិញអង្ករពីខេត្តកំពង់ចាម៕