(ញូវយ៉ក, សហរដ្ឋអាមេរិក)៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានជួបប្រជុំទ្វេភាគីជាមួយលោក Dang Hoang Giang ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ប្រចាំអង្គការសហប្រជាជាតិ បុរីញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីលទ្ធភាពរបស់វៀតណាមចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

ក្នុងជំនួបនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់វៀតណាមអនុសញ្ញាអូតាវ៉ា និងលើកទឹកចិត្តឱ្យប្រទេសវៀតណាមពិចារណា និងបានចូលរួមជារដ្ឋភាគីនៃអនុសញ្ញា ព្រមទាំងបានអញ្ជើញ ប្រទេសវៀតណាម ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ខាងមុខ។

លោក Dang Hoang Giang បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំ និងការរៀបចំជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់កិច្ចប្រជុំកំពូលសៀមរាប-អង្គរនៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ ហើយវៀតណាម រីករាយនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយកម្ពុជា និងជាប្រធានអនុសញ្ញា។

ជាការឆ្លើយតបនឹងសំណើរបស់កម្ពុជាលោក Dang Hoang Giang បានគូសបញ្ជាក់ថា វៀតណាម អាចនឹងក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា នាពេលអនាគត ហើយសំណើរបស់កម្ពុជា លោកនឹងបញ្ជូនសំណើទៅកាន់រដ្ឋាភិបាល របស់ខ្លួន ដើម្បីពិនិត្យពិចារណា និងបញ្ចុះបញ្ចូលរដ្ឋាភិបាលឱ្យពិនិត្យលទ្ធភាពបញ្ជូនគណៈប្រតិភូចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ខាងមុខ។

ជាមួយគ្នានោះ ឯកអគ្គរដ្ឋទូតវៀតណាម បានស្នើសុំឱ្យមានការគាំទ្រជំនួយបច្ចេកទេសពីកម្ពុជា និងអនុសញ្ញាអូតាវ៉ាលើការ៖ ទី១/.យល់ដឹងជាសាធារណៈអំពីអនុសញ្ញាតាមរយៈសិក្ខាសាលា និងការបណ្តុះបណ្តាល និង ទី២/. ការកសាងសមត្ថភាពសម្រាប់ការបោសសម្អាតយុទ្ធភណ្ឌគ្រឿងផ្ទុះ៕