(ញូវយ៉ក, សហរដ្ឋអាមេរិក)៖ តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកបណ្ឌិត លី ធុជ បានអំពាវនាវដល់បណ្តាប្រទេសទូទាំងសាកលោក បន្តគាំទ្រ និងគោរពតាម គោលការណ៍នៃអនុសញ្ញាអូតាវ៉ា ជាពិសេស តាមរយៈការបោះឆ្នោតគាំទ្រសេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា បង្កើនការចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌សកល។

នេះជាការលើកឡើងរបស់លោកបណ្ឌិត លី ធុជ តាងនាមកម្ពុជា ជាប្រធានអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤ បានធ្វើសេចក្តីថ្លែងការណ៍នៅក្នុងកិច្ចប្រជុំគណៈកម្មការទី១ ស្តីពីការរំសាយសព្វាវុធ និងសន្តិសុខអន្តរជាតិ នៃមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៩ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

ក្នុងសេចក្តីថ្លែងការណ៍ ទេសរដ្ឋមន្ត្រី បានថ្លែងថា កម្ពុជាមានមោទកភាព ទទួលបានការគាំទ្រជាប្រធាន និងម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំត្រួតពិនិត្យឡើងវិញលើកទី៥ នៃអនុសញ្ញាអូតាវ៉ា ឬ កិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលកិច្ចប្រជុំនេះ គឺជាវេទិកាដ៏មានសារៈសំខាន់សម្រាប់សហគមន៍វិស័យសកម្មភាពមីនសាកល រួមគ្នាបន្តការប្តេជ្ញាចិត្តលុបបំបាត់ ការរងទុក្ខវេទនាដែលបង្កឡើងដោយមីនប្រឆាំងមនុស្ស។

លោកបណ្ឌិត បានលើកឡើងថា ក្នុងនាមជាប្រធានអនុសញ្ញា កម្ពុជានឹងអនុម័តផែនការសកម្មភាពរយៈពេល៥ឆ្នាំបន្ទាប់ គឺ «ផែនការសកម្មភាពសៀមរាប-អង្គរ ២០២៥-២០២៩» និង សេចក្តីថ្លែងការណ៍នយោបាយសៀមរាប-អង្គរ ដែលជាត្រីវិស័យដ៏សំខាន់សម្រាប់ការដឹកនាំ និងអនុវត្តអនុសញ្ញាអូតាវ៉ា សម្រាប់ឆ្នាំ២០២៥-២០២៩។

លោកបានគូសបញ្ជាក់ផងដែរថា កម្ពុជា ធ្លាប់ជាប្រទេសមួយដែលទទួលរងគ្រោះធ្ងន់ធ្ងរ ដោយសារគ្រាប់មីន ដែលមានប្រជាជនរងគ្រោះ ស្លាប់ និងរបួស ច្រើនជាង៦៥ ០០០នាក់ និងបានរារាំងដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក៏ប៉ុន្តែក្រោមកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងកិច្ចសហការអន្តរជាតិ កម្ពុជាទទួលបានជោគជ័យជាទីកត់សម្គាល់ ក្នុងវិស័យសកម្មភាពមីន និងបានប្រែក្លាយដីមានមីន ទៅជាដីមានសុវត្ថិភាពសម្រាប់លំនៅឋាន និងការអភិវឌ្ឍ។ កម្ពុជា ចាត់ទុកសកម្មភាពមីន ជាកាតព្វកិច្ចមនុស្សធម៌មួយដ៏សំខាន់ ដែលបានផ្តល់ក្តីសង្ឃឹមជាថ្មី និងផ្លាស់ប្តូរជោគវាសនារបស់ប្រជាជន និងសហគមន៍ដែលទទួលរងគ្រោះដោយសារមីន។

តាងនាមសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បណ្ឌិត លី ធុជ បានអំពាវនាវដល់បណ្តាប្រទេសទូទាំងសាកលោក បន្តគាំទ្រ និងគោរពតាមគោលការណ៍នៃអនុសញ្ញាអូតាវ៉ា ជាពិសេស តាមរយៈការបោះឆ្នោតគាំទ្រសេចក្តីសម្រេចអង្គការសហប្រជាជាតិ ស្តីពីការអនុវត្តអនុសញ្ញាអូតាវ៉ា បង្កើនការចូលរួមក្នុងសកម្មភាពមីនមនុស្សធម៌ និងស្នើដល់រដ្ឋមិនមែនភាគី ពិចារណាចូលរួមជាសមាជិកគ្រួសារអនុសញ្ញាអូតាវ៉ា និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន នាពេលខាងមុខ។

ជាចុងក្រោយ លោកបណ្ឌិត បានថ្លែងថា កម្ពុជា ប្តេជ្ញាចិត្តនៅតែបន្តកៀរគរជំនួយ និងស្វែងរកការគាំទ្រ ដល់វិស័យសកម្មភាពមីនសាកល និងកិច្ចសង្គ្រោះជនរងគ្រោះដោយសារមីន នៅក្នុងបណ្តាប្រទេសមួយចំនួនដែលមានតម្រូវការ និងកំពុងប្រឈម៕