(កំពង់ចាម)៖ សំណើ សំណូមពរ និងបញ្ហាផ្សេងៗចំនួន១០ ដែលប្រជាពលរដ្ឋស្នើឡើងត្រូវបានដោះស្រាយភ្លាមៗ នៅក្នុងវេទិកាសាធារណៈ ដែលបានរៀបចំឡើងនៅវត្តជ្រោយថ្ម សង្កាត់កំពង់ចាម ក្រុងកំពង់ចាម នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ។

វេទិកានេះ ធ្វើឡើងក្រោមអធិបតីភាព លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានក្រុងកំពង់ចាម និងលោកស្រី ជា ស៊ុនដាណែត អនុប្រធានក្រុមការងារចុះមូលដ្ឋានក្រុងកំពង់ចាម និងមន្ត្រីពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋជាង១០០នាក់ផងដែរ។

មុនពេលបើកការពិភាក្សាពិគ្រោះយោបល់ លោក អ៊ុន ចាន់ បានថ្លែងថា ដោយមានការណែនាំ និងចង្អុលបង្ហាញពីសំណាក់ លោកសន្តិបណ្ឌិត នេត សាវឿន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម តម្រូវឲ្យថ្នាក់ដឹកក្រុមការងារទាំងអស់ ចុះជួបប្រជាពលរដ្ឋ ដើម្បីធ្វើការផ្លាស់ប្តូរយោបល់គ្នា ពាក់ព័ន្ធនឹងការអនុវត្តការងាររយៈពេល១ឆ្នាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ និងបានដាក់ចេញនូវគោលនយោបាយអាទិភាពទាំង ៦ចំណុច និងវិធានការគន្លឹះទាំង៥ សំដៅឆ្ពោះ ទៅការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ក៏ដូចជា ការលើកកម្ពស់គុណភាព និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឲ្យកាន់តែមានភាពប្រសើរឡើង។

លោកអភិបាលខេត្ត បានបញ្ជាក់ថា ដើម្បីឆ្លុះបញ្ចាំងនូវការដាក់ចេញនូវគោលនយោបាយនេះ គឺត្រូវការមតិយោបល់ និងការវាយតម្លៃ ពីសំណាក់ប្រជាពលរដ្ឋត្រឡប់មកវិញថា តើលទ្ធផលដែលប្រជាពលរដ្ឋ ទទួលបានពីគោលនយោបាយនោះបានកម្រិតណា?។ ដូច្នេះដើម្បីថ្នាក់ដឹកនាំ អាចវាស់ស្ទង់ផ្ទៀងផ្ទាត់ ពីលទ្ធផលនោះបាន គឺត្រូវជួបជុំគ្នាដើម្បីធ្វើវេទិកាសាធារណៈ។

ក្រៅពីនោះ រដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាល បានផ្ដោតសំខាន់ ទៅលើការងារពាក់ព័ន្ធដូចជាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ជាពិសេសការអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងការផ្តល់សេវាសង្គម ដែលផ្ដោតសំខាន់ទៅលើការងារ ដែលបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន៕