(ភ្នំពេញ)៖ លោក មុត ចន្ថា មន្រ្តីជំនិតរបស់លោក កឹម សុខា បានថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងនៅមុននេះបន្តិចថា បន្ទាប់ពីចុះឈ្មោះ បោះឆ្នោតរួចរាល់ហើយ, គិតត្រឹមម៉ោង១១៖៥០នាទីថ្ងៃត្រង់ទី០៥ ខែតុលា ឆ្នាំ២០១៦នេះ លោក កឹម សុខា កំពុងស្ថិតនៅទីស្នាក់ការនៅឡើយ មិនទាន់ដឹងច្បាស់ថា តើពេលណាលោក កឹម សុខា អញ្ជើញត្រឡប់ទៅគេហដ្ឋានរបស់លោកវិញនោះទេ។
លោក កឹម សុខា បានសំងំនៅទីស្នាក់ការបក្ស អស់រយៈពេលជាង៤ខែមកហើយ ចាប់តាំងពីខែឧសភា ឆ្នាំ២០១៦មក បន្ទាប់ពីតុលាការ មានចំណាត់ការ លើលោកជុំវិញករណីមិនចូលខ្លួនធ្វើជាសាក្សី នៅក្នុងរឿងសញ្ចារកម្ម។
សូមជំរាបថា បន្ទាប់ពីចុះឈ្មោះបោះឆ្នោតរួចរាល់ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានអះអាងអំពីក្តីសង្ឃឹមរបស់ខ្លួនថា នយោបាយនៅក្នុង ប្រទេសកម្ពុជា ជាពិសេសនយោបាយរបស់គណបក្សទាំងពីរ នឹងវិលទៅរកប្រក្រតីឡើងវិញ ដើម្បីឱ្យបោះឆ្នោតមានលក្ខណៈសេរី ត្រឹមត្រូវ និងយុត្តិធម៌។
នៅម៉ោង១០៖៣៥នាទីព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិ បានចុះឈ្មោះបោះឆ្នោតរួចហើយ នៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្បែទីស្នាក់ការកណ្តាលរបស់គណបក្សសង្រ្គោះជាតិ ដោយមានសកម្មជន និងតំណាងរាស្រ្តមួយចំនួនទៅជាមួយដែរ។ បន្ទាប់ពីបានចុះឈ្មោះរួចហើយ ពេលនេះ លោក កឹម សុខា កំពុងត្រឡប់ទៅទីស្នាក់ការគណបក្សសង្រ្គោះជាតិវិញ ដើម្បីថ្លែងសារមួយចំនួនទៅដល់សកម្មជន អ្នកគាំទ្រ និងអ្នកសារព័ត៌មាន៕