(ញូវយ៉ក, សហរដ្ឋអាមេរិក)៖ នៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានជួបប្រជុំជាមួយលោក Mark Seah អនុតំណាងអចិន្រ្តៃយ៍ប្រទេសសឹង្ហបុរី ប្រចាំអង្គការសហប្រជាជាតិ នៅបុរីញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីពិភាក្សាអំពីលទ្ធភាពរបស់ប្រទេសសឹង្ហបុរី ក្នុងការចូលរួមជារដ្ឋភាគីអនុសញ្ញាហាមប្រាមការប្រើប្រាស់មីនប្រឆាំងមនុស្ស (អនុសញ្ញាអូតាវ៉ា) ដែលកិច្ចប្រជុំនេះ មានការចូលរួមពីតំណាងសហភាពអឺរ៉ុប និងតំណាងអង្គភាពគាំទ្រការអនុវត្តអនុសញ្ញាអូតាវ៉ា (ISU)។

ក្នុងជំនួបនោះ ទេសរដ្ឋមន្រ្តី លី ធុជ បានថ្លែងអំណរគុណ និងកោតសរសើរចំពោះការគាំទ្ររបស់ប្រទេសសឹង្ហបុរីអនុសញ្ញាអូតាវ៉ាអស់រយៈពេលជាច្រើនឆ្នាំ ជាពិសេសការបោះឆ្នោតគាំទ្រក្នុងការអនុម័តអនុសញ្ញា។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្រ្តី បានលើកឡើងអំពីកិច្ចខិតខំប្រែងរបស់កម្ពុជា ក្នុងវិស័យសកម្មភាពមីន និងអត្ថប្រយោជន៍នានា ដែលទទួលបានបន្ទាប់ពីចូលជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា។

ក្នុងនាមកម្ពុជាជាប្រធានអនុសញ្ញាឆ្នាំ២០២៤ លោកបណ្ឌិត លី ធុជ បានលើកទឹកចិត្តឱ្យប្រទេសសឹង្ហបុរីពិចារណាចូលរួម និងក្លាយជារដ្ឋភាគីមួយនៅក្នុងអនុសញ្ញាអូតាវ៉ា ព្រមទាំងបានអញ្ជើញប្រទេសសឹង្ហបុរី ចូលរួមក្នុងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន ដែលនឹងប្រព្រឹត្តនៅខេត្តសៀមរាប ក្នុងខែវិច្ឆិកា ខាងមុខ។

លោក Mark Seah អនុតំណាងអចិន្រ្តៃយ៍សឹង្ហបុរី ប្រចាំអង្គការសហប្រជាជាតិ បានសម្តែងនូវការអបអរសាទរ និងកោតសរសើរចំពោះភាពជាអ្នកដឹកនាំ និងការរៀបចំជាម្ចាស់ផ្ទះរបស់កម្ពុជា សម្រាប់ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ នៃអនុសញ្ញាអូតាវ៉ាឆ្នាំ២០២៤។

សឹង្ហបុរីបានទទួលស្គាល់ចំពោះសំណើសុំរបស់កម្ពុជា ឱ្យពិនិត្យលទ្ធភាពចូលរួមជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា ហើយអនុតំណាងអចិន្រ្តៃយ៍សឹង្ហបុរី នឹងបញ្ជូនសំណើនេះទៅកាន់រដ្ឋាភិបាលរបស់ខ្លួន ដើម្បីពិនិត្យពិចារណា ព្រមទាំងបានបង្ហាញអំពីលទ្ធភាពរបស់ខ្លួនចូលរួមជារដ្ឋភាគីអនុសសញ្ញានេះផងដែរ៕