(កំពង់ធំ)៖ ក្នុងពេលចុះពិនិត្យស្ថានភាពប៉ុស្តិ៍នគរបាលសង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ លោកឧត្តមសេនីយ៍ត្រី ហេង សុផល ស្នងការនគរបាលខេត្តកំពង់ធំ បានណែនាំដល់គ្រប់ប៉ុស្តិ៍នគរបាលត្រូវរៀបចំទីកន្លែងឲ្យមានសោភ័ណភាព និងទុកដាក់ឯកសារឲ្យបានត្រឹមត្រូវ។

លោកបានថ្លែងអំណរគុណចំពោះមន្ត្រីនគរបាលទាំងអស់ ដែលខិតខំបំពេញការងារតាមភារកិច្ចរបស់ខ្លួន ដើម្បីឆ្លើយតបនៅរាល់តម្រូវការរបស់ប្រជាពលរដ្ឋ ឲ្យបានទាន់ពេលវេលា ហើយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលចំណុះឲ្យស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ខិតខំពន្លឿននូវសេវាសាធារណៈជូនដល់ប្រជាពលរដ្ឋ ដោយបានចុះថតអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ សៀវភៅគ្រួសារប្រភេទ (ក២) និង (ក៤) មិនតែប៉ុណ្ណោះបង្កឲ្យមានលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បាននាំយកទៅប្រគល់ជូនដល់ខ្នងផ្ទះផងដែរ។

ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ហេង សុផល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលគ្រប់អាយុ និងមានអត្តសញ្ញាណប័ណ្ណហួសសុពលភាព សូមអញ្ជើញមកថតសារជាថ្មីនៅតាមបណ្ដាអធិការដ្ឋាន និងប៉ុស្តិ៍នគរបាលរដ្ឋបាលដែលស្ថិតនៅក្នុងមូលដ្ឋានរបស់បងប្អូនផ្ទាល់។

ក្នុងឱកាសនោះ លោកស្នងការបានដឹកនាំកងកម្លាំងចុះសាកសួរសុខទុក្ខ មន្ត្រីនគរបាលជាតិ ដែលសម្រាកព្យាបាលជំងឺ នៅគេហដ្ឋានស្ថិតនៅភូមិកំពង់ក្របៅ ក្រុងស្ទឹងសែន ដើម្បីលើកទឹកចិត្តផ្ដល់ភាពកក់ក្ដៅ និងបានឧបត្ថម្ភថវិកាមួយចំនួនទៀតផង៕