(វ៉ាស៊ីនតោន)៖ កូនប្រុសរបស់លោក Donald Trump គឺលោក Eric Trump បានប្រាប់ ស្ថានីយ៍ទូរស្សន៍ CNN ថា ឪពុករបស់លោកដែលជា បេក្ខភាពប្រធានាធិបតីអាមេរិកនៃគណបក្ស សាធារណរដ្ឋ ពិតជាបានបង់ពន្ធលើប្រាក់ចំណូលសហព័ន្ធយ៉ាងពិតប្រាកដ។ បើតាមការចុះផ្សាយ ដោយសារព័ត៌មាន Washington Examiner នៅថ្ងៃពុធ ទី០៥ ខែតុលា ឆ្នាំ២០១៦។
នៅក្នុងបទសម្ភាសន៍ជាមួយនឹងស្ថានីយ៍ទូរទស្សន៍ CNN លោក Eric Trump បាននិយាយថា «ឪពុករបស់ខ្ញុំ ពិតជាបានបង់ពន្ធក្នុងចំនួនដ៏ច្រើន នៅក្នុងនាមក្រុមហ៊ុន របស់យើងដែលបានផ្ដល់ ការងារដល់បុគ្គលិករាប់ពាន់នាក់ ដើម្បីផ្គត់ផ្គង់គ្រួសាររបស់ពួកគេ»។
គួររំលឹកថា ការអះអាងបែបនេះ របស់លោក Eric Trump ធ្វើឡើងដើម្បីជាការឆ្លើយតបនឹង សារព័ត៌មាន New York Time ដែលបានចុះផ្សាយថា លោក Donald Trump មិនបានបង់ពន្ធលើ ប្រាក់ចំណូលសហព័ន្ធ អស់រយៈពេលជាង១៨ឆ្នាំ បើផ្អែកលើទិន្នន័យបង់ពន្ធរបស់លោកក្នុងឆ្នាំ១៩៩៥។ ក៏ប៉ុន្តែដោយសារនៅក្នុង អំឡុងពេលនោះ លោក Donald Trump បានខាតបង់ប្រាក់ជិត មួយពាន់ លានដុល្លារ ដូច្នេះទើបលោកបញ្ជាក់ថា លោកមានសិទ្ធិពិសេស មិនបាច់បង់ពន្ធតាមច្បាប់កំណត់។
លោក Donald Trump បានលើកឡើង ដូច្នេះថា «ក្នុងនាមជាពាណិជ្ជករ និងអ្នកស្ថាបនា ខ្ញុំមានសិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់ច្បាប់ពន្ធដារ ក្នុងផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ខ្ញុំ រួមទំាងផលប្រយោជន៍សហគ្រាស អ្នកវិនិយោគ និង បុគ្គលិករបស់ខ្ញុំ»។
ពន្ធលើប្រាក់ចំណូលសម្រាប់សហព័ន្ធ គឺជាពន្ធដែលទាមទារដោយ សេវាកម្មប្រាក់ចំណូលផ្ទៃក្នុង របស់អាមេរិក (IRS) ទៅលើប្រាក់ចំណូលដែល បុគ្គល, ក្រុមហ៊ុន, ស្ថាប័ន និង សហគ្រាសស្របច្បាប់ នានាទូទាំងអាមេរិករកបាន (ដូចជាពន្ធលើប្រាក់ខែមន្ត្រីរាជការ ដែលត្រូវបង់ជូនរដ្ឋដែរ)៕