(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា ថ្មីៗនេះធនាគារជាតិនៃកម្ពុជា បានចេញសារាចរណែនាំ ស្តីពីការរៀបចំឥណទានឡើងវិញ ដើម្បីជួយសម្រាលបន្ទុកចំណាយរបស់អតិថិជន ហើយថាការរៀបចំឥណទានឡើងវិញនេះ បានផ្ដល់អត្ថប្រយោជន៍ជាច្រើន ក្នុងការរស់នៅរបស់ពលរដ្ឋ សម្រួលដល់ជីវភាពរស់នៅក្នុងគ្រាលំបាក និងរួម​ចំណែកជួយដល់សេដ្ឋកិច្ចជាតិផងដែរ។

ការលើកឡើងរបស់លោកស្រីបណ្ឌិត ជា សិរី ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីស្ថានភាពវិស័យធនាគារនៅកម្ពុជា នៅល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

លោកស្រីបណ្ឌិត ជា សិរី បានឲ្យដឹងថា ការរៀបចំឥណទានរៀបចំឡើងវិញ ត្រូវបានដាក់ចេញ ដោយរាជរដ្ឋាភិបាល និងធនាគារជាតិនៃកម្ពុជា ដោយផ្ដល់លទ្ធភាពឲ្យគ្រឹះស្ថានធនាគារជួយអតិថិជន ក្នុងការបង់ប្រាក់មានការធូរស្រាលជាងមុន មានន័យថា ពីមុនអតិថិជនមានកាតព្វកិច្ចបង់ប្រាក់ ១០០ដុល្លារ ក្នុងមួយខែ នៅពេលដែលអតិថិជនជួបវិបត្តិធ្លាក់ចំណូល នោះនឹងមានការស្នើឲ្យរៀបចំឥណទានឡើងវិញ ដូច្នេះគ្រឹះស្ថានធនាគារ និងសម្រួលជួយអតិថិជន ដោយអនុញ្ញាតឲ្យបង់ទៅតាមលទ្ធភាពរបស់អតិថិជនមាន។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងបន្ដថា «ចំពោះការរៀបចំឥណទានឡើងវិញនេះ នឹងជួយប្រជាពលរដ្ឋដោយរបៀបណា? គឺពេលប្រជាពលរដ្ឋជួបការលំបាក ក្នុងការរកប្រាក់ចំណូល ក្នុងជីវភាពប្រចាំថ្ងៃ ពិសេសក្នុងអំឡុងពេលនេះ ការរៀបចំឥណទានឡើងវិញនេះ គឺសម្រួលដល់ការលំហូរសាច់ប្រាក់របស់អតិថិជន ដូចដែលខ្ញុំធ្លាប់បានលើកជាឧទាហរណ៍ថា រាល់ដងអតិថិជនមានចំណូល ១៥០ដុល្លារ ត្រូវបង់ប្រចាំខែដល់គ្រឹះស្ថានចំនួន ១០០ដុល្លារ ដូច្នេះនៅពេលអតិថិជនបញ្ហាណាមួយ ធ្វើឲ្យចំណូលធ្លាក់ចុះសល់ត្រឹម ១២០ដុល្លារ ឬតិចជាងនេះ បើអតិថិជនត្រូវបំពេញកាតព្វកិច្ចបង់សងត្រឡប់ ទៅកាន់គ្រឹះស្ថានចំនួន ១០០ដុល្លារ នោះគាត់នឹងមិនមានថវិកា សម្រាប់ប្រើប្រាស់ជាប្រចាំថ្ងៃឡើយ។ ដូច្នេះដើម្បីជួយសម្រួលដល់អតិថិជន កុំឲ្យមានការលំបាកក្នុងជីវភាពប្រចាំថ្ងៃ ធនាគារជាតិនៃកម្ពុជា បានអនុញ្ញាតឲ្យគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារទាំងអស់ រៀបចំឥណទានឡើងវិញ ដោយធ្វើយ៉ាងណាសម្រួលឲ្យអតិថិជន បង់សងត្រឡប់មកត្រឹមចន្លោះណា ដែលអាចជួយបានទាំងជីវភាពប្រចាំថ្ងៃ និងការបំពេញកាតព្វកិច្ចបានល្អ»

លោកស្រីប​ណ្ឌិតបញ្ជាក់ថា «នេះជាការសម្រួលមួយដល់ប្រជាជន ហើយការសម្រួលនេះក៏ជាផលប្រយោជន៍ សម្រាប់សេដ្ឋកិច្ចជាតិផងដែរ តាមរយៈការនៅតែបន្ដចំណាយសមល្មមរបស់អតិថិជន មានន័យថា នៅពេលអតថិជនបានរៀបចំឥណទានឡើងវិញ អតិថិជននឹងនៅសល់ថវិកា ដើម្បីចំណាយទៅកាន់កន្លែងផ្សេងទៀត នេះជាចំហាយទៅដល់សេដ្ឋកិច្ចជាតិទាំងមូល»

សូមជម្រាបថា ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៤នេះ បានចេញសារាចរណែនាំស្តីពី ការរៀបចំឥណទានឡើងវិញ ក្នុងគោលបំណងជួយសម្រាលបន្ទុកចំណាយ ប្រចាំគ្រារបស់អតិថិជន ក្នុងការបំពេញកាតព្វកិច្ចសងត្រឡប់ឥណទាន និងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការបង្កើនលំហូរសាច់ប្រាក់ ចំណែកការអនុវត្តកិច្ចការងារនេះ នឹងចាប់ពីត្រីមាសទី៤ ឆ្នាំ២០២៤តទៅ។

យោងតាមសារាចរណែនាំស្តីពី ការរៀបចំឥណទានឡើងវិញ របស់ធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា អនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តទៅនេះហៅថា (គ្រឹះស្ថាន) រៀបចំឥណទានឡើងវិញជូន អតិថិជន ដោយត្រូវអនុវត្តលក្ខខណ្ឌដូចខាងក្រោម៖

* គ្រឹះស្ថានអាចរៀបចំឥណទានឡើងវិញ ជូនអតិថិជនបានចំនួន២ដង ដោយអាចរក្សាចំណាត់ថ្នាក់ដដែល និងមិនចាំបាច់ធ្វើសំវិធានធនបន្ថែម។

* គ្រឹះស្ថានអាចអនុវត្តការដំឡើងចំណាត់ថ្នាក់ ឥណទានរៀបចំឡើងវិញ ក្នុងអំឡុងពេលអនុគ្រោះនេះ លើកដំបូងពីមួយកម្រិតទៅមួយកម្រិត បន្ទាប់ពីអតិថិជនបានបំពេញកាតព្វកិច្ចទូទាត់សង បន្តបន្ទាប់គ្នាក្នុងរយៈពេលយ៉ាងតិច៣ខែ ចំពោះឥណទានដែលមានការទូទាត់សងប្រាក់ដើម ឬការប្រាក់ប្រចាំខែ៕