​(ភ្នំពេញ)៖ លោកស្រីបណ្ឌិត ជា សិរី ​ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ប្រាប់ទៅដល់អតិថិជន ដែលស្នើសុំរៀបចំឥណទានឡើងវិញ កុំមានការបារម្តថា ជាប់ឈ្មោះមិនល្អ នៅក្នុងការកត់ត្រារបស់ការិយាល័យព័ត៌មានឥណទាន (CBC) ដែលជាឧបសគ្គដល់ការស្នើសុំកម្ចីលើកក្រោយ។

លោកស្រីបានគូសបញ្ជាក់ថា ចំពោះការកត់ត្រាប្រវត្តិព័ត៌មាននៃការរៀបចំឥណទានឡើងវិញ របស់អតិថិជន​នីមួយៗនៅក្នុង​ CBC គឺរក្សាទុករយៈពេលតែ ១២ខែប៉ុណ្ណោះ។ ក្រោយពី១២ខែនេះទៅទិន្នន័យនេះ នឹងលែងមាននៅក្នុង CBC ទៀតហើយ ហេតុដូច្នេះហើយ បញ្ហានេះ មិនមែនជាឧបសគ្គក្នុងការរារាំងអតិថិជនឱ្យទៅស្នើកម្ចីថ្មីទៀតនោះទេ។​

លោកស្រី ជា សិរី ​ថ្លែងបញ្ជាក់បែបនេះ ធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ស្តីពី «ស្ថានភាពវិស័យធនាគារនៅកម្ពុជា ពិសេសប្រយោជន៍នៃការរៀបចំឥណទានឡើងវិញ និងផលប៉ះពាល់ការប្រើប្រាស់ឥណទានក្រៅផ្លូវការ​» នាល្ងាចថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤។

លោកស្រីបានលើកឡើងយ៉ាងដូច្នេះថា «សមាគមតំណាងធនាគារទាំងអស់ ក៏គាត់លើកដែរថា ការរៀបចំឥណទានឡើងវិញនេះ មិនមែនមានន័យថា លើកក្រោយគាត់ចង់បា​ន​ទុនទៅ ហើយធនាគារឃើញថា គាត់ធ្លាប់រៀ​បចំឥណទានឡើងវិញ ធនាគារអត់ឱ្យគាត់ មិនមែនបានន័យអីចឹងទេ។ ហើយអម្បិញមិញខាង CBC ក៏បានលើកឡើងដែរថា ការរៀបចំឥណទានឡើងវិញនេះ មិនមែនបានន័យយើងមិនកត់ត្រាទេ យើងកត់ត្រាទុក ដើម្បី​ឱ្យធនាគារដទៃទៀត គាត់​បានដឹងលឺដែរ ថាអាចជួយអតិថិជនម្នាក់នេះ​បានកម្រិតណា»។​

លោកស្រីបានបញ្ជាក់បន្ថែមថា ការកត់ត្រានេះ មិនមែនចង់ពិន័យ ឬ​ដាក់ទណ្ឌកម្មទៅ ដល់អតិថិជនណាម្នាក់មួយជីវិតនោះទេ ​ហេតុដូច្នេះហើយ បញ្ហានេះ មិនមែនជាឧបសគ្គក្នុងការរារាំងអតិថិជនឱ្យទៅស្នើកម្ចីថ្មីទៀតនោះទេ។

លោកស្រីមានប្រសាសន៍ថា ​«ការរៀបចំឥណទានឡើងវិញនេះ គឺដើម្បីជួយទៅដល់អ្នកជាប់កម្ចី ដែលមានបញ្ហាជាក់ស្តែង ព្រោះអ្នកខ្លះអត់មានបញ្ហាក៏មកសុំដែរ ក្នុងពេលហ្នឹងពេលធនាគារអត់ឱ្យ ក៏មានការលើកឡើងថា មិនមើលប្រកាសរបស់ធនាគារជាតិដែលគេឱ្យធ្វើ។ ប៉ុន្តែក្នុងហ្នឹងយើងបញ្ជាក់ដែរថា គឺជួយអ្នកដែលមានបញ្ហាជាក់ស្តែង»

លោក អឿ សុធារ័ត្ន ប្រធាននាយកប្រតិបត្តិក្រុមហ៊ុនក្រេឌីត ប្យូរ៉ូ (CBC) បានលើកឡើងនៅក្នុងសន្និសិទនេះដែរថា ជាទូទៅ ប្រវត្តិឥណទានអវិជ្ជមានរបស់អតិថិជនដែលបានកត់ត្រា ត្រូវរក្សាទុករយៈពេល៣ឆ្នាំ ​ប៉ុន្តែករណីព័ត៌មានស្នើសុំឥណទានឡើងវិញ គឺ​រក្សាទុកត្រឹមតែ ១២ខែប៉ុណ្ណោះ ដោយមិនរក្សាទុករហូតដល់ ៣ឆ្នាំឬ ៥ឆ្នាំនោះទេ ដើម្បីទុកលទ្ធភាពឱ្យអតិថិជនស្តារប្រវត្តិរបស់ខ្លួនឡើងវិញ ងាយស្រួលក្នុងការស្នើសុំឥណទានលើកក្រោយ​៕