(ភ្នំពេញ)៖ លោក កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤ បានចូលរួមគោរពវិញ្ញាណក្ខន្ធ សពនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ គណៈកម្មាធិការជាតិ សម្របសម្រួលកិច្ចការបញ្ជូនកងកម្លាំងចូលរួមបេសកកម្មថែរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ដែលបានទទួល មរណភាពកាលពីថ្ងៃអង្គារ ៦កើត ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ វេលាម៉ោង៦:00នាទីល្ងាចក្នុងជន្មាយុ៦៥ឆ្នាំ ដោយរោគាពាធ។

ក្នុងឱកាសនោះលោកបានសម្ដែងនូវទឹកចិត្តពោរពេញដោយសេចក្តីទុក្ខក្រៀមក្រំ ក្តុកក្តួល សោកសៅ និងស្តាយ ស្រ ណោះ អាឡោះអាល័យជាទីបំផុត ដោយបានចាត់ទុកការបាត់បង់នេះជាការបាត់បង់នូវឧត្តមស្វាមី ឪពុក ឪពុកក្មេក ជីតា ជាទីគោរពស្រលាញ់បំផុតប្រកបដោយព្រហ្មវិហារធម៌ គុណធម៌ និងទឹកចិត្ត សណ្តោស មេត្តា ព្រមទាំងជាការបាត់បង់នូវឥស្សរជនដ៏ឆ្នើមមួយរូបនៃកងយោធពល ខេមរភូមិន្ទ ដែលក្នុងមួយជីវិតរបស់នាយឧត្តមសេនីយ៍ បានខិតខំតស៊ូគ្រប់បែបយ៉ាង ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ និងបានចូលរួមយ៉ាងសកម្មនៅក្នុងការដឹកនាំបេសកកម្មថែរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាមជាមួយនឹងអង្គការសហប្រជាតិ។

ក្នុងឱកាសនោះដែរ លោកក៏បានសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យកែវទាំងបី បារមីនៃវត្ថុស័ក្តិសិទ្ធិក្នុងលោកឧទ្ទិសមហាកុសលដល់ដួងវិញ្ញាណក្ខន្ធ ឯកឧត្តម នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានទៅកាន់ឋានបរមសុខកុំបីឃ្លៀងឃ្លាតឡើយ៕