(កំពង់ស្ពឺ)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល នាព្រឹកថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤នេះ បានដឹកនាំមន្ត្រីជំនាញចុះសាកសួរសុខទុក្ខ និងជួបសំណេះសំណាលជាមួយមេបញ្ជាការ នាយទាហាន នាយទាហានរង និងសិក្ខាកាមនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅតំបន់ពេជ្រនិល ខេត្តកំពង់ស្ពឺ និងបាននាំយកអំណោយស្បៀង និងថវិកាជាង ២ម៉ឺនដុល្លារ ឧបត្ថម្ភដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោកផងដែរ។

នាពិធីសំណេះសំណាលនោះ លោករដ្ឋមន្ត្រី កែវ រតនៈ បានសង្កត់ធ្ងន់ពីសារប្រយោជន៍ នៃការបណ្តុះបណ្តាលធនធានមនុស្ស សម្រាប់វិស័យការពារជាតិ និងបានបញ្ជាក់ថា មជ្ឈមណ្ឌលហ្វឹកហ្វឺនកងទ័ពជើងគោក នៅតំបន់ពេជ្រនិល ខេត្តកំពង់ស្ពឺនេះ ជាកន្លែងបណ្តុះបណ្តាលកម្លាំងការពារជំនាន់ក្រោយ សម្រាប់វិស័យការពារជាតិ ជាអ្វីដែលសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តែងតែយកចិត្តទុកដាក់​ក្នុងការបណ្តុះបណ្តាលខឿនការពារជាតិ ​ឱ្យកាន់តែរឹងមាំស​ម្រាប់ប្រទេសជាតិ។

លោករដ្ឋមន្ត្រី កែវ រតនៈ បានបន្ថែមថា ការបណ្តុះបណ្តាលកម្លាំងជំនាន់ក្រោយ សម្រាប់វិស័យការពារជាតិនេះ គឺជាចក្ខុវិស័យដ៏វែងឆ្ងាយរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលមិនត្រឹមតែនៅក្នុងផ្នែក​ស៊ីវិលនោះទេ ប៉ុន្តែនៅក្នុងផ្នែកនៃការពូនជ្រុំ បណ្តុះនូវក្រមវិន័យ បណ្តុះនូវការហ្វឹកហាត់ ដើម្បីឱ្យកងទ័ពមានសមត្ថភាពជាលក្ខណៈអាជីព សម្រាប់ជួយដល់ការការពារជាតិផង ជួយក្នុងការអភិវឌ្ឍ និងជួយក្នុងការងារមនុស្សធម៌ ជួយសង្គ្រោះប្រជាពលរដ្ឋ ក្នុងគ្រោះមហន្តរាយផ្សេងៗផងដែរ។

គួរជម្រាបថា ការចុះសួរសុខទុក្ខកងទ័ព និងកងកម្លាំងនគរបាលនេះ គឺជាប្រពៃណីនៃការចុះសួរសុខទុក្ខជាប្រចាំ រវាងស្ថាប័នស៉ីវិល និងអង្គភាពជួរមុខ ដែលត្រូវបានផ្ដួចផ្ដើមដោយសម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្តអនុវត្តដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា៕