(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោកបណ្ឌិត សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ និងជាប្រធានអាស៊ានសម្រាប់ឆ្នាំ២០២៤ បានជួបពិភាក្សាទ្វេភាគី នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍។

ក្នុងជំនួបនៅថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤នោះ នាយករដ្ឋមន្ត្រីទាំងពីរ បានសម្តែងការពេញចិត្ត ចំពោះចំណងមិត្តភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ ដែលត្រូវបានដំឡើងកម្រិត ទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែង នៅឆ្នាំ២០១៩។

នាយករដ្ឋមន្ត្រីទាំងពីរ បានឯកភាពជំរុញការផ្លាស់ប្តូរទស្សនកិច្ចគ្រប់ជាន់ថ្នាក់ និងការប្រាស្រ័យទាក់ទងរវាងថ្នាក់ដឹកនាំ ក្រសួងស្ថាប័ន និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរបន្ថែមទៀត ដើម្បីជំរុញកិច្ចសហប្រតិបត្តិការលើផ្នែកនានា។ ថ្នាក់ដឹកនាំទាំងពីរ ក៏បានបង្ហាញពីបំណង រៀបចំកិច្ចប្រជុំលើកទី១៥ នៃគណៈកម្មការចម្រុះកម្ពុជា-ឡាវ សម្រាប់កិច្ចសហប្រតិបត្តិការទ្វេភាគី នាពេលឆាប់ៗខាងមុខនេះ។

ពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្ម និងទេសចរណ៍ ភាគីទាំងពីរបានពិភាក្សាអំពីមធ្យោបាយបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ដើម្បីសម្រេចបាននូវសក្តានុពលពេញលេញ ជាពិសេស តាមរយៈការរៀបចំឡើងវិញនូវកិច្ចប្រជុំគណៈកម្មាធិការចម្រុះពាណិជ្ជកម្ម និងបានឯកភាព ពង្រឹងការតភ្ជាប់ ហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីសម្រួលដល់ការនាំចេញផលិតផល ដែលមានសក្តានុពល និងជំរុញរំហូរទេសចររវាងប្រទេសទាំងពីរ៕