(ភ្នំពេញ)៖ ក្រុមសហជីព និងអ្នកជំនាញសេដ្ឋកិច្ចនៅកម្ពុជា បានលើកឡើងថា តួលេខប្រាក់ឈ្នួលអប្បរមាចំនួន ២០៨ ដុល្លារសម្រាប់ឆ្នាំ២០២៥ លើវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា គឺស្របទៅតាមបរិបទសេដ្ឋកិច្ចសកល និងប្រទេសកម្ពុជា ដោយកម្មករនិយោជិតទទួលបានអត្ថប្រយោជន៍ រីឯភាគីនិយោជក ក៏អាចរក្សានិរន្តរភាពផលិតភាពការងាររបស់ ខ្លួននៅក្នុងស្រុកបាន។

ក្នុងឱកាសនេះដែរ លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកជំនាញសេដ្ឋកិច្ច នៅរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា ប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ដុល្លារ ក្នុងមួយខែសម្រាប់ឆ្នាំ២០២៥ គឺមានលក្ខណៈសមរម្យ និងទទួលយកបានសម្រាប់កម្មករនិយោជិត និងនិយោជក។ លើសពីនេះដែរ ចំនួនតួលេខអប្បបរមានៃប្រាក់ឈ្នួលនេះ គឺមានកម្រិតមួយខ្ពស់ល្អ បើធៀបនឹងប្រាក់ឈ្នួលអប្បបរមានៃបណ្តាប្រទេសក្នុងតំបន់។

លោកបណ្ឌិតសង្កត់ធ្ងន់ថា នៅក្នុងស្ថានភាពសេដ្ឋកិច្ចសកល និងនៅកម្ពុជានៅឆ្នាំ២០២៤ និងឆ្នាំ២០២៥ ខាងមុខនេះ រាជរដ្ឋាភិបាលកម្ពុជា មានការព្រួយបារម្ភអំពីការបាត់បង់ចំណូលរបស់កម្មករនិយោជិត ដូច្នេះការដំឡើងប្រាក់ឈ្នួលនៅពេលនេះ គឺក្នុងគោលបំណងបន្ថែមចំណូល និងអត្ថប្រយោជន៍បន្ថែមទៀតនៅក្នុងកាលៈទេសៈនេះ ធ្វើយ៉ាងណាកម្មករនៅតែរក្សាកំណើនប្រាក់ចំណូលរបស់ខ្លួន មិនថមថយ ឬបាត់បង់ការងារធ្វើនៅក្នុងស្រុក។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ បានគូសបញ្ជាក់បន្ថែមថា ការដំឡើងប្រាក់ឈ្នួលអប្បបរមានៅក្នុងកាលៈទេសៈនៃស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន បងប្អូនកម្មករនិយោជិតគួរបង្កើនផលិតភាពការងាររបស់ខ្លួន ធ្វើយ៉ាងណានិយោជកមានកំណើនផលិតល្អជាងមុន និងការនាំចេញមានទំហំធំជាងមុន ដែលអាចឱ្យភាគីអ្នកវិនិយោគអាចទ្រទ្រង់ និងរក្សានិរន្តរភាពការងារជូនកម្មករនិយោជិត និងឱកាសការងារនៅក្នុងស្រុកបាន។

សម្រាប់ លោក ហ្វា សាលី ប្រធានសម្ព័ន្ធសហជីពជាតិ លើកឡើងថា តួលេខនៃប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៥ គឺត្រូវបានពិភាក្សាយ៉ាងល្អិតល្អន់ និងសិក្សាស៊ីជម្រៅលើលក្ខខណ្ឌចំនួន៧ រួមទាំងសេដ្ឋកិច្ចជាតិ និងសកល និងលក្ខខណ្ឌផ្សេងៗទៀត ពីសំណាក់ភាគីពាក់ព័ន្ធទាំងរាជរដ្ឋាភិបាល សហជីព និយោជិត រហូតចេញតួលេខមួយផ្លូវការ ដែលគ្រប់ភាគីអាចទទួលយកបានទាំងអស់គ្នា ក្រោមយុទ្ធសាស្រ្តឈ្នះៗទាំងអស់គ្នា។

ប្រធានសហជីពរូបនេះបន្ថែមថា ប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារក្នុងមួយខែ គឺជាចំណូលបន្ថែមថ្មីមួយទៀត ក្នុងការពង្រឹងជីវភាពរបស់បងប្អូនកម្មករនិយោជិត ត្បិតតួលេខនេះឡើងបានត្រឹម៤ដុល្លារក៏ពិតមែន តែវាជាកំណើនមួយដ៏ល្អ បើធៀបនឹងនិន្នាការសេដ្ឋកិច្ចសកលនៅពេលនេះ។ គ្រប់ភាគីពាក់ព័ន្ធបានយល់ស្របគ្នាលើបញ្ហានេះ ហើយមានច្រកចេញប្រកបដោយស្មារតីរួមមួយ។

លោកបានគូសបញ្ជាក់បន្ថែមថា ការដំឡើងប្រាក់ឈ្នួលនៅកម្ពុជាត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ បើទោះបីនៅក្នុងកាលៈទេសៈណាក៏ដោយ មិនថាក្រោមការរីករាលដាលកូវីដ-១៩ វិបត្តិនៅអ៊ុយក្រែន និងរុស្សុី និងថ្មីៗនេះនៅមជ្ឈឹមបូព៌ាដែលទាំងនេះបង្ហាញឱ្យឃើញពីការគិតគូររបស់រាជរដ្ឋាភិបាលកម្ពុជាទាំងអាណត្តិទី៦ និងអាណត្តិទី៧ ខណៈប្រាក់ឈ្នួលអប្បបរមានៅបណ្តាប្រទេសមួយចំនួនធំនៅក្នុងតំបន់មិនត្រូវបានដំឡើងនោះទេ។

ជាមួយគ្នានេះ លោកស្រី ប៊ូ សុគន្ធាវីុ ដែលជាកម្មករនិយោជិតបម្រើការងារជិត១០ឆ្នាំ នៅរោងចក្រកាត់ដេរ នៅស្រុកពញាឮ ខេត្តកណ្តាល បានលើកឡើងថា ត្បិតតួរលេខដំឡើងមិនសូវខ្ពស់ពេក ក៏ប៉ុន្តែតួរលេខអប្បបរមា ២០៨ដុល្លារនេះ គឺសមរម្យហើយសម្រាប់ឆ្នាំ២០២៥។ លោកស្រីស​ប្បាយចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងគ្រប់ភាគីពាក់ព័ន្ធជាពិសេសរាជរដ្ឋាភិបាលដែលតែងតែមានឆន្ទៈក្នុងការដំឡើងប្រាក់ឈ្នួលបានជារៀងរាល់ឆ្នាំ បើទោះបីស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ។

លោកស្រីថា៖ «នណាក៏ចង់បានប្រាក់ឈ្នួលខ្ពស់ដែរ តែការចង់ស្ថិតនៅលើចំណុចមួយដែលសមរម្យ ទទួលយកបាន។ ខ្ញុំសប្បាយចិត្តនៅពេលថៅកែរោងចក្រ នៅតែមានការងារឱ្យពួកខ្ញុំធ្វើ បើទោះបីស្ថិតក្នុងពេលណាក៏ដោយ។ មួយវិញទៀតប្រាក់ឈ្នួលជារឿងមួយតែអត្ថប្រយោជន៍ផ្សេងៗទៀត ដែលទទួលបានក៏នៅតែមានបន្ថែមពីលើប្រាក់ឈ្នួលគឺជារឿងមួយដែលសប្បាយចិត្ត។ ខ្ញុំអបអរហើយបើទោះបីប្រាក់ឈ្នួលដំឡើងម្តងបន្តិចៗ តែយើងនៅមានអត្ថប្រយោជន៍ផ្សេងៗទៀតពីរោងចក្រ ក៏ដូចជារដ្ឋាភិបាល»

លោកស្រីបន្ថែមថា ប្រាក់ឈ្នួលអប្បបរមាចំនួន ២០៨ ដុល្លារក្នុងមួយខែសម្រាប់ឆ្នាំ២០២៥ នេះនឹងអាចជួយជ្រោមជ្រែងការចំណាយបន្ថែមថ្មីមួយទៀតសម្រាប់ជីវភាពគ្រួសារ។ លោកស្រីសង្ឃឹមថាការដំឡើងប្រាក់ឈ្នួលនឹងត្រូវធ្វើឡើងរៀងរាល់ឆ្នាំ បើទោះបីតិចឬច្រើនក៏ដោយ។ សូមអរគុណរាជរដ្ឋាភិបាលកម្ពុជាដែលតែងតែយកចិត្តទុកដាក់មកលើបងប្អូនកម្មករនិយោជិតគ្រប់ពេលវេលា មិនដែលបោះបង់ចោលនោះទេ។

គួរបញ្ជាក់ផងដែរថា នៅក្នុងប្រទេសឡាវ មីយ៉ាន់ម៉ា ស្រីលង្កា មានប្រាក់ឈ្នួលអប្បបរមានៅទាបជាង ១០០ដុល្លារ ខណៈប្រទេសបង់ក្លាដេស និងប៉ាគីស្ថាន មានប្រាក់ឈ្នួលអប្បបរមាទាបជាង១២០ដុល្លារ រីឯប្រទេសវៀតណាម និងឥណ្ឌា មានចំនួនចន្លោះពី ១៤០ដុល្លារ ទៅ ២០៤ដុល្លារ អាស្រ័យតាមតំបន់។

នៅក្នុងឆ្នាំ២០២៤នេះ បងប្អូនកម្មករនិយោជិត កំពុងទទួលបានប្រាក់ឈ្នួលគោល រួមបញ្ចូលទាំងអត្ថប្រយោជន៍ជាច្រើនទៀត ដែលផ្តល់ដោយភាគីនិយោជក ដូចជាប្រាក់សោហ៊ុយធ្វើដំណើរ, ប្រាក់រង្វាន់ធ្វើការទៀងទាត់ និងប្រាក់រង្វាន់អតីតភាពការងារ, ប្រាក់ថ្លៃបាយ, ហើយប្រសិនបើបូកបន្ថែមប្រាក់ឈ្នួលបន្ថែមម៉ោងទៀតនោះ កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលសរុបជាមធ្យម ២៥៩ដុល្លារ ឬច្រើនជាងនេះ ដោយមិនទាន់គិតពីអត្ថប្រយោជន៍ផ្សេងៗទៀតពី ប.ស.ស.។ មិនតែប៉ុណ្ណោះ ភាគីនិយោជកនៃរោងចក្រ សហគ្រាសមួយចំនួនថែមទាំងបានផ្តល់ប្រាក់អត្ថប្រយោជន៍លើសពីគោលការណ៍កំណត់ទៅទៀតជូនកម្មករនិយោជិត។

ទន្ទឹមនឹងការខិតខំដំឡើងប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗទាំងនេះ រាជរដ្ឋាភិបាលខិតខំធ្វើយ៉ាងណាកាត់បន្ថយបន្ទុកចំណាយរបស់ បងប្អូនកម្មករនិយោជិតជាបន្តបន្ទាប់ ដូចជា បានពង្រីកវិសាលភាពបេឡាជាតិសន្តិសុខសង្គម ដោយបានតម្រូវឱ្យនិយោជក ជាអ្នកបង់ភាគទានជំនួសបងប្អូនកម្មករនិយោជិត ១០០% ក្នុងផ្នែកថែទាំសុខភាព និងផ្នែកគ្រោះថ្នាក់ការងារ និងជួយបង់ ៥០% ក្នុងផ្នែកប្រាក់សោធន ដែលធ្វើឱ្យបងប្អូនសន្សំថវិកាបានប្រមាណជា ៦ដុល្លារក្នុង១ខែ និងអាចរក្សាបាននូវសន្តិសុខចំណូល និងកាត់បន្ថយហានិភ័យនានាទាំង នៅក្នុងអំឡុងពេលមានការងារ រហូតដល់ពេលចូលនិវត្តន៍។

ចំពោះបងប្អូនកម្មករនិយោជិតជាស្ត្រីមានផ្ទៃពោះ ទទួលបានការយកចិត្តទុកដាក់តាមរយៈប្រព័ន្ធគាំពារសង្គមចាប់តាំងពីមានផ្ទៃពោះ ពេលសម្រាលកូន រហូតកូនមានអាយុក្រោម ២ឆ្នាំ ដោយក្នុងនោះ គឺទទួលបានការពិនិត្យផ្ទៃពោះមុនពេលសម្រាលចំនួន ៤លើក ការចាក់វ៉ាក់សាំង និងពិនិត្យសុខភាពក្រោយពេលសម្រាលកូនចំនួន ១០លើក (សរុបចំនួន ១៤លើក) ដោយមួយលើកៗ ទទួលបានថវិកាឧបត្ថម្ភចំនួន ៨ម៉ឺនរៀល។

ចំណែកនៅពេលសម្រាលកូនទទួលបានប្រាក់ឧបត្ថម្ភចំនួន ៨០ម៉ឺនរៀលសម្រាប់កូនម្នាក់,១លាន ២សែនរៀលសម្រាប់កូនភ្លោះពីរនាក់, និងសម្រាប់កូនភ្លោះ ៣នាក់ ទទួលបានប្រាក់ឧបត្ថម្ភចំនួន ១លាន ៦សែនរៀល រួមនិងទទួលបានថវិកាឧបត្ថម្ភបន្ថែមចំនួន ៥លានរៀលពី សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត។ ទន្ទឹមនេះ បងប្អូនកម្មករនិយោជិតជាស្ត្រី ដែលឈប់សម្រាកលំហែមាតុភាពចំនួន ៩០ថ្ងៃ ទទួលបានប្រាក់ឈ្នួលរហូតដល់ ១២០% ក្នុងនោះ ៥០% ទទួលបានពីនិយោជក និង៧០% ទៀតទទួលបានពី ប.ស.ស.៕