(តូក្យូ)៖ នៅល្ងាចថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់លោក YAMAUCHI Yoshimitsu នាយករបស់វិទ្យាស្ថាន United Nations Asia and Far East Institute for the Prevention of Crime and the Treatment of Offenders (UNAFEI), លោក ទុយ រី ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន បានចូលរួមពិធីបិទវគ្គប្រគល់សញ្ញាបត្រដល់សិក្ខាកាមដែលមកពី ១៤ប្រទេស។
កម្មវិធីនេះមានសិក្ខាកាម ១រូបមកពីកម្ពុជា ដែលបានចូលរួមវគ្គបណ្តុះបណ្តាលអន្តរជាតិលើកទី ១៨៥ របស់វិទ្យាស្ថាន UNAFEI ក្រោមមូលបទ «ការទប់ស្កាត់ការរំលោភបំពាន និងអំពើពុករលួយក្នុងកន្លែងកែប្រែ៖ ជំរុញបរិយាកាសពន្ធនាគារប្រសើរឡើងវិញ (Preventing Inmate Abuse and Corruption in Correctional Facilities: Fostering a Rehabilitative Prison Environment)» ចាប់ពីថ្ងៃទី១២ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៤ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។
ឆ្លៀតក្នុងឱកាសនោះ លោកឯកអគ្គរាជទូត ក៏បានជួបសំណេះសំណាលក្នុងរយៈពេលខ្លីជាមួយ លោក ឃាក វិសាលរតន: ប្រធាននាយកដ្ឋានកិច្ចការអនុវត្តទោស និងដោះលែងដោយមានលក្ខខណ្ឌ នៃក្រសួងយុត្តិធម៌ ដែលជាសិក្ខាកាមរបស់កម្ពុជាចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះផងដែរ៕