(សៀមរាប)៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (គ.រ.ឌ.) នៅថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ការចាប់យកបរិវត្តកម្មឌីជីថល៖ បច្ចេកវិទ្យាឈានមុខថ្មីៗ នវានុវត្តន៍ និងបច្ចេកវិទ្យាក្លោដ សម្រាប់ថ្នាក់ដឹកនាំ គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល (Embracing Digital Transformation: Navigating Emerging Technologies, Innovation, and Cloud Services for Government Leaders)” ដែលរៀបចំឡើងនៅសណ្ឋាគារ បុរីអង្គរ រីសត និងស្ប៉ា ខេត្តសៀមរាប ដោយមានការចូលរួមពីថ្នាក់ដឹកនាំជាអនុប្រធាន និងសមាជិក គ.រ.ឌ. ប្រមាណ៤០រូប។
វគ្គបណ្ដុះបណ្ដាលនេះ នឹងប្រព្រឹត្តទៅរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី ៩-១៣ ខែតុលា ឆ្នាំ២០២៤ ដោយមានការចូលរួមពីសំណាក់សាស្រ្តាចារ្យ ដែលអញ្ជើញមកពីស្ថាប័នបណ្តុះបណ្តាលល្បី កម្រិតអន្តរជាតិ ចំនួន២រូប វាគ្មិនកិត្តិយសដែលជាថ្នាក់ដឹកនាំ នៃប្រទេសជាមិត្តក្នុងតំបន់ និងអ្នកជំនាញជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យាក្លោដមកពីក្រុមហ៊ុន Microsoft និងក្រុមហ៊ុន AWS ក្នុងគោលបំណងចែករំលែកចំណេះដឹង និងបទពិសោធនៃការចាប់យកបច្ចេកវិទ្យាថ្មីៗ សម្រាប់អ្នកដឹកនាំការងារបរិវត្តកម្មរដ្ឋាភិបាលឌីជីថល (Digital Government Transformation) ជាអាទិ៍ បច្ចេកវិទ្យាដែលប្រើក្លោដជាគោល (Cloud-based Technology) ការយល់ដឹងអំពីសន្តិសុខ (Security) និងអធិបតេយ្យភាពនៃទិន្នន័យ (Data Sovereignty) ពាក់ព័ន្ធនឹងការប្រើប្រាស់សម្រាប់បញ្ញាសិប្បនិម្មិត (AI) ប្លុកឆេន (Blockchain) និងវិធីសាស្ត្រផ្សេងទៀតដែលប្រើទិន្នន័យ (Other data-driven methods)។
ថ្នាក់ដឹកនាំនៃគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ក៏អាចស្វែងយល់បន្ថែមផងដែរ អំពីបច្ចេកទេសនៃការគ្រប់គ្រងការផ្លាស់ប្តូរ (Change Management) ក្នុងការងារបរិវត្តកម្មឌីជីថល ផលប្រយោជន៍យុទ្ធសាស្ត្រនៃបរិវត្តកម្មឌីជីថលសម្រាប់ប្រតិបត្តិការរបស់រដ្ឋាភិបាល និងការកសាងការជឿទុកចិត្តលើការចាប់យកឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងការផ្តល់សេវាសាធារណៈ៕