(ឡាវ)៖ ក្នុងឱកាសអមដំណើរសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៤ និង៤៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ាន សម្រាប់កម្ពុជា រួមនិងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា នាព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៤នេះ បានអញ្ជើញចូលរួមក្នុងកម្មវិធីអាហារពេលព្រឹក នាយកប្រតិបត្តិក្រុមហ៊ុនដែលជាផ្នែកមួយ នៃកិច្ចប្រជុំកំពូលធុរកិច្ច និងវិនិយោគអាស៊ាន ឆ្នាំ២០២៤។
កម្មវិធីអាហារពេលព្រឹកនេះ មានការអញ្ជើញចូលរួមពីធុរកិច្ច ក្នុងប្រទេសអាស៊ានទាំង១០ និងប្រទេសដៃគូអាស៊ានផ្សេងទៀត ដើម្បីរឹតចំណងមិត្តភាព និងពិភាក្សាស្វែងរកកាលានុវត្តភាព ទៅតាមវិស័យរៀងៗខ្លួន។
ក្នុងពិធីនេះបណ្តាធុរកិច្ចទាំងអស់ នៃបណ្តាប្រទេសជាសមាជិកអាស៊ាន បានជជែកពិភាក្សាគ្នា បង្កើនទំនាក់ទំនង ជាពិសេសបង្ហាញឱកាសវិនិយោគ ដល់គ្នាទៅវិញទៅមក ក្នុងន័យរួមចំណែកជំរុញទំហំពាណិជ្ជកម្ម រវាងប្រទេសជាសមាជិកអាស៊ាន៕